សកម្មជនជាច្រើនកំពុងរៀបចំផែនការប្រឆាំងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់ប្រទេសអូស្រ្តាលីដើម្បីចូលរួមសន្និសីទកំពូលប្រចាំតំបន់។ មេដឹកនាំខ្មែរដែលកាន់ដំណែងដ៏យូរអង្វែងនេះ បានគំរាមកំហែងវាយតប់ជនណាដែលតវ៉ាប្រឆាំងនឹងវត្តមានរបស់លោកនៅសន្និសីទកំពូលនេះ។
អ្នកគាំទ្រគណបក្សប្រឆាំងដែលត្រូវបានហាមឃាត់ប្រហែល១ពាន់នាក់និយាយថា ពួកគេនឹងតវ៉ាប្រឆាំងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីហ៊ុន សែនទៅកាន់ប្រទេសអូស្រ្តាលី។ អ្នកគាំទ្រទាំងនេះមានបំណងធ្វើបាតុកម្មនៅខាងក្រៅសន្និសីទកំពូលអាស៊ាននៅក្នុងទីក្រុងស៊ីដនី ថ្វីបើមានការគំរាមកំហែងមកពីមេដឹកនាំកម្ពុជាដែលកាន់អំណាចយូរអង្វែងនេះថា លោកនឹងតាមពួកគេដល់ផ្ទះហើយនឹងវាយអ្នកទាំងនោះដែលមានផែនការដុតរូបទីងមោងរបស់លោក។
លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបាននិយាយថា៖ «បើអ្នកឯងមានសិទ្ធិដុតរូបទីងមោងរបស់ខ្ញុំ យើងមានសិទ្ធិវាយអ្នកឯងដែរ។គ្មានអ្វីខុសទេ។ខ្ញុំនឹងតាមអ្នកឯងទៅដល់ផ្ទះហើយនឹងវាយអ្នកឯង»។
ពួកអ្នកគាំទ្រគណបក្សប្រជាជនរបស់លោក ហ៊ុន សែន ប៉ាន់ប្រមាណថា មានអ្នកគាំទ្ររហូតដល់៣ពាន់នាក់នឹងចូលរួមបាតុកម្មប្រឆាំងតបតវិញនៅក្នុងទីក្រុងស៊ីដនីដើម្បីគាំទ្រលោកហ៊ុន សែនដែលជាមេដឹកនាំកាន់អំណាចដ៏យូរអង្វែងនេះ។
ពួកអ្នករិះគន់បានចោទប្រកាន់លោក ហ៊ុន សែន ពីការរំលោភសិទ្ធិមនុស្សជាបន្តបន្ទាប់ហើយជឿជាក់ថា ការបង្ក្រាបរបស់លោកទៅលើពួកប្រឆាំងមានជាប់ទាក់ទិននឹងការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជានៅចុងឆ្នាំនេះ។
លោក Jimmy Neam ដែលបានរត់គេចខ្លួនពីប្រទេសកម្ពុជានៅទសវត្សរ៍១៩៨០ និយាយថា គេមិនត្រូវអនុញ្ញាតឲ្យនាយករដ្ឋមន្រ្តីហ៊ុន សែនចូលក្នុងប្រទេសអូស្រ្តាលីទេ។ លោក Jimmy Neam បាននិយាយថា៖ «លោកហ៊ុន សែន មិនគួរទទួលបានការស្វាគមន៍នៅប្រទេសដ៏ល្អនេះទេ។ លោកមានឈាមយ៉ាងច្រើនប្រឡាក់នៅដៃរបស់លោក។ខ្ញុំគិតថា លោកជាជនផ្តាច់ការ។យើងស្គាល់លោកហ៊ុន សែន។ លោកបានកាន់អំណាចជិត៤០ឆ្នាំហើយ លោកបានគ្រប់គ្រងប្រទេសនេះដោយប្រើកណ្តាប់ដៃដែក»។
លោក Gareth Evans អតីតរដ្ឋមន្រ្តីការបរទេសអូស្រ្តាលីបាននិយាយថា ការឆ្លើយតបរបស់សហគមន៍អន្តរជាតិដល់ការចោទប្រកាន់ពីការប្រើអំណាចហួសរបស់លោកហ៊ុន សែននោះមានភាពទន់ខ្សោយពេក។
មេដឹកនាំពិភពលោកផ្សេងទៀតដែលកំពុងប្រឈមការពិនិត្យពិច្ច័យដ៏ខ្លាំងពីសាកលលោកក៏ត្រូវគេរំពឹងនឹងចូលរួមសន្និសីទកំពូលអាស៊ាននៅក្នុងទីក្រុងស៊ីដនីដែរ។ លោកស្រី អង់ សានស៊ូជី មេដឹកនាំប្រទេសមីយ៉ានម៉ា បានទទួលរងនូវការរិះគន់យ៉ាងខ្លាំងចំពោះការមិនចាត់វិធានការនៃអំពើហឹង្សាដល់ជនជាតិភាគតិចរ៉ូហ៊ីយ៉ាកាន់សាសនាអ៊ីស្លាម។ ការណ៍នេះនឹងក្លាយជាការបង្ហាញនៅបរទេសលើកដំបូងរបស់លោកស្រីចាប់តាំងពីជនជាតិភាគតិចរ៉ូហ៊ីងយ៉ាយ៉ាងច្រើនបានត្រូវគេបង្ខំឲ្យរត់ចេញពីប្រទេសមីយ៉ានម៉ាមក។
លោក Duterte ប្រធានាធិបតីហ្វីលីពីននិយាយឥតសំចៃដែលទទួលរងការរិះគន់ចំពោះសង្គ្រាមប្រឆាំងថ្នាំញៀនពោរពេញដោយអំពើហឹង្សានោះ មិនចូលរួមសន្និសីទកំពូលប្រចាំតំបន់នៅក្នុងទីក្រុងស៊ីដនីនៅចុងសប្តាហ៍នេះទេ។
អូស្រ្តាលី មិនបានធ្វើអត្ថាធិប្បាយដោយផ្ទាល់លើការគំរាមកំហែងរបស់លោកហ៊ុន សែនដល់ពួកបាតុករទេ ក៏ប៉ុន្តែ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «មិនបាច់និយាយក៏ដឹងដែរថា អំពើហិង្សា ឬការគំរាមកំហែងដោយហិង្សាជាការមិនអាចទទួលយកបានទេនៅក្នុងប្រទេសអូស្រ្តាលីទេ»។
នេះជាលើកដំបូងដែលប្រទេសអូស្រ្តាលីបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលអាស៊ាន។ ពាណិជ្ជកម្មនិងសន្តិសុខក្នុងតំបន់ត្រូវគេរំពឹងគ្របដណ្តប់ការពិភាក្សានោះ។ អាស៊ានជាសមាគមប្រជាជាតិតំបន់អាស៊ីអាគ្នេយ៍ហើយមានប្រទេស១០ជាសមាជិក៕