ភ្ញៀវទេសចររុស្ស៊ីនិងអង់គ្លេសបន្ថែមទៀតបានតម្រូវឲ្យចាកចេញពីរមណីយដ្ឋាននៅទីក្រុង Sharm el-Sheikh ក្នុងប្រទេសអេហ្ស៊ីប នៅថ្ងៃចន្ទនេះ ខណៈដែលអ្នកស៊ើបអង្កេតនៅតែបន្តធ្វើការសន្និដ្ឋានអំពីមូលហេតុដែលបណ្តាលឲ្យយន្តហោះធ្លាក់កាលពីថ្ងៃទី៣១ ខែតុលា ដែលមានមនុស្សចំនួន២២៤នាក់បានបាត់បង់ជីវិត។
យ៉ាងហោចណាស់ មានជើងហោះហើរចំនួន១២នឹងត្រូវចេញដំណើរពីព្រលានយន្តហោះអន្តរជាតិ Sharm el-Sheikh ទៅកាន់ទីក្រុងមូស្គូនិងព្រលានយន្តហោះមួយចំនួននៅចក្រភពអង់គ្លេស នៅរសៀលថ្ងៃចន្ទនេះ។
ស្ថានទូតអង់គ្លេសនៅក្នុងរដ្ឋធានី គែរ (Cairo) មិនបានហៅការចេញដំណើរទាំងនេះថា ជាការជម្លៀសនោះទេ ប៉ុន្តែជាការវិលត្រឡប់ទៅប្រទេសវិញបន្ទាប់ពីដំណើរកម្សាន្តត្រូវបានបញ្ចប់។ ក៏ប៉ុន្តែ ក្រសួងការបរទេសបានថ្លែងផ្ទុយពីនេះថា រាល់ការធ្វើដំណើរ ជាពិសេសតាមជើងហោះហើរមកពីឬទៅកាន់សមុទ្រក្រហម គឺដោយសារតែការធ្លាក់យន្តហោះរបស់រុស្ស៊ី ដែលអាចបណ្ដាលមកពីមានការដាក់គ្រាប់បែក។
សោកនាដកម្មនេះ បានបណ្ដាលឲ្យក្រុមហ៊ុនអាកាសចររបស់អឺរ៉ុបមួយចំនួន បានបញ្ឈប់ ឬកាត់បន្ថយជើងហោះហើររបស់ខ្លួនទៅកាន់រមណីយដ្ឋានទេសចរណ៍ជ្រោយ Sinai ដែលទទួលបានការទាក់ទាញពីសំណាក់ភ្ញៀវទេសចរជាយូរណាស់មកហើយ។
រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេស គឺលោក Philip Hammond បានថ្លែងថា គិតត្រឹមថ្ងៃអាទិត្យ ប្រជាពលរដ្ឋអង់គ្លេសចំនួន៥០០០នាក់នឹងបានចាកចេញពីសមុទ្រក្រហម។
ប្រធានាធិបតីរបស់រុស្ស៊ី គឺលោក វ្លាដឺមៀរ ពូទីន (Vladimir Putin) បានបញ្ជាឲ្យរដ្ឋាភិបាលរបស់លោកជួយសម្រួលដល់ការធ្វើមាតុភូមិនិវត្តន៍របស់ប្រជាពលរដ្ឋរុស្ស៊ីពីប្រទេសអេហ្ស៊ីបកាលពីសប្តាហ៍មុននេះ។
ឧបនាយករដ្ឋមន្រ្តីរុស្ស៊ី គឺលោក Arkady Dvorkovich បានថ្លែងកាលពីថ្ងៃសៅរ៍ថា ប្រជាជនរុស្ស៊ីប្រមាណ៨០.០០០នាក់កំពុងធ្វើដំណើរកម្សាន្តក្នុងប្រទេសអេហ្ស៊ីប ដែលចំនួននេះស្មើនឹង២ដងនៃចំនួនដែលបានប៉ាន់ស្មានកាលពីលើកមុន។
កាលពីថ្ងៃអាទិត្យ មន្រ្តីរបស់រុស្ស៊ីម្នាក់បាននិយាយថា ប្រជាជនរុស្ស៊ីចំនួនប្រមាណ១១.០០០នាក់បានវិលត្រឡប់មកកាន់ប្រទេសរុស្ស៊ីវិញហើយ៕