រដ្ឋមន្ត្រីជាតិអាមេរិកលោក Ash Carter បានមានប្រសាសន៍ថា ប្រទេសរុស្សីកំពុង «ដើរលើផ្លូវខុស» នៅក្នុងការទាក់ទិនរបស់ប្រទេសនោះក្នុងប្រទេសស៊ីរី។
លោក Cater បានមានប្រសាសន៍កាលពីថ្ងៃសៅរ៍នៅក្នុងវេទិកាការពារជាតិ Reagan ដែលគេបានដាក់ឈ្មោះតាមលោកអតីតប្រធានាធិបតីស.រ.អា ថាលោកប្រធានាធិបតីរុស្សី Vladimir Putin មិនបានពិចារណាអំពីយុទ្ធសាស្ត្ររបស់លោកក្នុងប្រទេសស៊ីរីឲ្យបានល្អិតល្អន់ទេ។
លោក Carter បានមានប្រសាសន៍ថា «ប្រទេសរុស្សីបានចាក់សាំងលើភ្លើងដែលនាំឲ្យមានគ្រោះថ្នាក់រួចជាស្រេចហើយ ដោយធ្វើឲ្យសង្គ្រាមស៊ីវិលមួយមានរយៈពេលរឹតតែយូរថែមទៀត ដោយបញ្ឆេះភាពជ្រុលនិយមខ្លាំងបំផុតដែលរុស្សីអះអាងថា ខ្លួនប្រឆាំងនោះ»។
លោក Carter បានមានប្រសាសន៍ថា រុស្សីមិនបានប្រយុទ្ធប្រឆាំងនឹងពួករដ្ឋឥស្លាម ដូចដែលពួកគេបាននិយាយនោះទេ ក៏ប៉ុន្តែរុស្សីបានគាំទ្រប្រធានាធិបតីBashar al-Assad ជាជាងធ្វើការឲ្យមានអន្តរកាលមួយខាងនយោបាយ។
លោក Carter បាននិយាយថា ក៏ប៉ុន្តែប្រសិនបើស.រ.អា និងរុស្សីអាចធ្វើកិច្ចសហប្រតិបត្តិការអំពីបញ្ហានៃផលប្រយោជន៍ទៅវិញទៅមក ដូចជាការកាត់បន្ថយមហិច្ឆតាបរមាណូនៃប្រទេសអ៊ីរ៉ង់ជាដើម ប្រទេសរុស្សីក៏អាចបំពេញមុខនាទីប្រកបដោយការស្ថាបនាមួយនៅក្នុងការធ្វើឲ្យមានការបញ្ចប់សង្គ្រាមស៊ីវិលក្នុងប្រទេសស៊ីរីផងដែរ៕