ក្រុមអ្នកកម្សាន្តវិស្សមកាលអឺរ៉ុបរាប់ពាន់នាក់បានធ្វើដំណើរចាកចេញពីក្រុង សម្រាកកាយ Sharm el-Sheikh នៃប្រទេសអេហ្ស៊ីប បន្ទាប់ពីគ្រោះមហន្តរាយអាកាសចរណ៍មួយ ដែលបានបណ្តាលឲ្យអ្នកទេសចររុស្សីរាប់រយនាក់បាត់បង់ជីវិតកាលពីដំណាច់ខែតុលា។
លោក Philip Hammond រដ្ឋលេខាធិការក្រសួងការបរទេសអង់គ្លេសបាននិយាយថា នៅដំណាច់ថ្ងៃអាទិត្យមានពលរដ្ឋអង់គ្លេស ៥.០០០នាក់បានចាកចេញពីក្រុងសម្រាកកាយនេះនៅជាប់ឆ្នេរសមុទ្រក្រហម។ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ ក៏ស្ថានទូតអង់គ្លេសនៅក្នុងក្រុងគែរមានការប្រុងប្រយ័ត្នអំពីការដាក់ឈ្មោះការចាកចេញដំណើរនេះ។
ស្ថានទូតអង់គ្លេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា«ប្រទេសអង់គ្លេសមិនបានជម្លៀសអ្នកទេសចរខ្លួន មុនពេលពួកគេបញ្ចប់វិស្សមកាលពួកគេទេ។ វិធានការដែលយើងបានកំណត់កាលពីម្សិលមិញ និងថ្ងៃនេះជាមួយអាជ្ញាធរអេហ្ស៊ីប និងក្រុមហ៊ុនអាកាសចរណ៍អង់គ្លេសនឹងអនុញ្ញាតឲ្យយើងដឹកជញ្ជូនប្រជារាស្ត្រអង់គ្លេសទៅផ្ទះវិញ ដោយសុវត្ថិភាពនៅពេលបញ្ចប់វិស្សមកាលរបស់ពួកគេ»។
កាលពីសប្តាហ៍មុនលោកប្រធានាធិបតី Vladimir Putin បានបញ្ជាដល់រដ្ឋាភិបាលលោកឲ្យសម្រួលមាតុភូមិនិវត្តន៍នៃក្រុមអ្នកធ្វើដំណើររុស្សីពីប្រទេសអេហ្ស៊ីប។ កាលពីថ្ងៃសៅរ៍ លោកឧបនាយករដ្ឋមន្ត្រីរុស្សី Arkady Dvorkovich បាននិយាយថា មានប្រជារាស្ត្ររុស្សីរហូតដល់ ៨០.០០០នាក់បានធ្វើដំណើរកម្សាន្តនៅប្រទេសអេហ្ស៊ីប គឺមានពីរដងច្រើនជាងចំនួនដែលបានត្រូវប៉ានប្រមាណពីពេលមុន៕