រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានប្រាប់ក្រុមមេដឹកនាំប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍កាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកបារម្ភអំពីសកម្មភាព «ខុសច្បាប់និងកាន់តែគ្រោះថ្នាក់» របស់ចិននៅសមុទ្រចិនខាងត្បូងដែលមានជម្លោះ។ លោកថ្លែងដូច្នេះក្នុងអំឡុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់អាស៊ាន (ASEAN) ក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
លោក Blinken ក៏បានប្តេជ្ញាផងដែរថា សហរដ្ឋអាមេរិកនឹងបន្តប្រកាន់ខ្ជាប់នូវសេរីភាពនាវាចរណ៍នៅតាមផ្លូវពាណិជ្ជកម្មសមុទ្រដ៏សំខាន់មួយនេះ។
កិច្ចប្រជុំរបស់មេដឹកនាំប្រទេសទាំង ១០ ដែលជាសមាជិកសមាគមអាស៊ានជាមួយលោកBlinken នេះបានធ្វើឡើងក្រោយពីមានការប្រឈមមុខដាក់គ្នាដ៏ហិង្សាជាបន្តបន្ទាប់នៅឯសមុទ្ររវាងប្រទេសចិននិងសមាជិកពីររបស់អាស៊ានគឺវៀតណាមនិងហ្វីលីពីន។ ការប្រឈមមុខដាក់គ្នានេះបានធ្វើឱ្យមានកង្វល់កាន់តែខ្លាំងឡើងថាសកម្មភាពកាន់តែច្រឡោងខាមរបស់ចិនក្នុងដែនទឹកនេះអាចរាលដាលទៅជាជម្លោះពេញទំហឹង។
ចិន ដែលទាមទារដែនសមុទ្រស្ទើរតែទាំងមូល បានទាមទារត្រួតគ្នាជាមួយប្រទេសសមាជិកអាស៊ានមួយចំនួនដូចជាវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងព្រុយណេ ព្រមទាំងតៃវ៉ាន់ដែលមិនមែនជាសមាជិកអាស៊ានផងដែរ។
លោក Blinken ដែលទៅជំនួសប្រធានាធិបតីអាមេរិកលោក Joe Biden បានថ្លែងក្នុងសុន្ទរកថាបើកកិច្ចប្រជុំកំពូលអាមេរិក-អាស៊ានថា៖ «យើងបារម្ភខ្លាំងណាស់អំពីសកម្មភាពខុសច្បាប់និងកាន់តែគ្រោះថ្នាក់របស់ចិននៅសមុទ្រចិនខាងត្បូងដែលបានបង្ករបួសស្នាមលើមនុស្ស បង្កការខូចខាតលើនាវារបស់ប្រទេសអាស៊ាន ហើយធ្វើផ្ទុយពីការប្តេជ្ញាចិត្តចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី»។
លោកថ្លែងបន្តទៀតថា៖ «សហរដ្ឋអាមេរិកនឹងបន្តគាំទ្រសេរីភាពនាវាចរណ៍និងសេរីភាពហោះហើរនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។
សហរដ្ឋអាមេរិកមិនមែនជាភាគីទាមទារកម្មសិទ្ធិក្នុងសមុទ្រចិនខាងត្បូងទេ តែបានដាក់ពង្រាយនាវាកងទ័ពជើងទឹកនិងយន្តហោះចម្បាំងដើម្បីល្បាតដែនទឹកនៅទីនោះដើម្បីតតាំងនឹងការទាមទាររបស់ចិន៕