ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ឡាវ​ដើម្បី​ចូលរួម​សន្និសីទ​កំពូល​អាស៊ាន​និង​អាស៊ី​ខាង​កើត


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ថ្លែង​អំឡុង​ពិធីចុះហត្ថលេខា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ន័រវែសលោក Espen Barth Eide កាលពីថ្ងៃទី​៣០ កញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវ៉ាស៊ីនតោន។
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ថ្លែង​អំឡុង​ពិធីចុះហត្ថលេខា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ន័រវែសលោក Espen Barth Eide កាលពីថ្ងៃទី​៣០ កញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវ៉ាស៊ីនតោន។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken មាន​គម្រោង​ទៅ​បំពេញ​ទស្សនកិច្ច​រដ្ឋធានី​វៀងចន្ទ ប្រទេស​ឡាវ នៅ​ចុង​សប្តាហ៍​នេះ​ដើម្បី​ជួប​ជាមួយ​មេដឹក នាំ​អាស៊ាន​ជា​ទីកន្លែង​ដែល​លោក​ត្រូវ​គេ​រំពឹង​នឹង​ធ្វើការ​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​ពួក​មេដឹកនាំ​ជាប់ឆ្នោត​ថ្មីៗមកពី​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។

លោក Blinken នឹង​តំណាង​ឱ្យ​លោក​ប្រធានាធិបតី Joe Biden នៅឯ​សន្និសីទ​កំពូល​រវាង​អាស៊ាន​និង​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​នេះ​ហើយ​នឹង​ចូលរួម​សន្និសីទ​កំពូល​អាស៊ី​បូព៌ា​ជា​ទីកន្លែង​ដែល​ពួក​មេដឹកនាំ​និង​មន្ត្រី​ជាន​ខ្ពស់​មកពី​ប្រទេស​ឥណ្ឌា ជប៉ុន កូរ៉េ​ខាង​ត្បូង​និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ក៏​ត្រូវ​គេ​រំពឹង​នឹង​ចូលរួម​ដែរ។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា​លោក Blinken នឹង​ពិភាក្សា​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​ក្នុង​អំឡុង​នៃ​ការចរចា​របស់​លោក​នៅ​ក្នុង​រដ្ឋធានី​វៀងចន្ទ រួម​មាន​វិបត្តិ​កំពុង​បន្ត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ហើយ​នឹង​សារៈសំខាន់​នៃ​ការអនុវត្ត​តាម​ច្បាប់​អន្តរជាតិ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​និង​ការឈ្លានពាន​របស់​រុស្ស៊ី​ប្រឆាំង​នឹង​ប្រទេស​អ៊ុយក្រែន។

នៅពេល​ដែល​ពួក​យោធា​ភូមា​ប្រុងប្រៀប​ធ្វើការ​បោះឆ្នោត​នៅ​ឆ្នាំ​ក្រោយ​នៅពេល​ដែល​ជម្លោះ​រាលដាល​ផ្នែក​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស​នោះ មន្ត្រី​ជាន់​ខ្ពស់​ការបរទេស​អាមេរិក​ម្នាក់​បាន​ប្រាប់​វីអូអេ​ថា​ការបោះឆ្នោត​មិន​គួរកើត​មាន​ឡើង​ទេ មុន​មាន​សន្តិភាព​និង​ការផ្សះផ្សារជាតិ​ពិតប្រាកដ​នោះ។

លោក Daniel Kritenbrink ឧបការី​រដ្ឋមន្ត្រី​ការបរទេស​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​ខាង​កើត​និង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​បាន​ប្រាប់​វីអូអេ​ក្នុង​អំឡុង​នៃ​សន្និសីទ្ធ​កាសែត​កាលពី​ថ្ងៃ​អង្គារ​ថា«យើង​នៅតែ​មាន​ការបារម្ភ​ពី​ផែនការ​របស់​របប​នោះ​ដើម្បី​ធ្វើការ​បោះឆ្នោត ពីព្រោះ​ការបោះឆ្នោត​ណា​មួយ​នៅ​ក្រោម​លក្ខខណ្ឌ​បច្ចុប្បន្ន​នេះ​នឹង​មិន​បាន​ធ្វើ​ឱ្យ​សម្រេច​នូវ​ការបញ្ចេញ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ភូមា​ទេ»។

លោក​បាន​បន្ថែម​ទៀត​ថា សហរដ្ឋ​អាមេរិក​ភ័យខ្លាច​ថា«ការបោះឆ្នោត​ដែល​ធ្វើ​ឡើង​មុន​ពេល​កំណត់»នៅ​ក្រោម​លក្ខខណ្ឌ​បច្ចុប្បន្ន​នេះ«នឹង​ទំនង​បង្កើត​ឱ្យ​មាន​ហិង្សា​កាន់​តែ​ខ្លាំង​ឡើង​និង​អូសបន្លាយ​វិបត្តិ​ដែល​កំពុង​បន្ត​មាន​ឡើង»ក្នុង​ប្រទេស​មីយ៉ាន់ម៉ា៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG