ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken ព្រមាន​ចិន​មិន​ឱ្យ​បង្កហេតុ​ជាមួយ​តៃវ៉ាន់


រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken ទៅដល់​ទីក្រុងប៉េកាំង​ប្រទេស​ចិន​កាលពីថ្ងៃទី​១៨ មិថុនា ឆ្នាំ២០២៣។
រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken ទៅដល់​ទីក្រុងប៉េកាំង​ប្រទេស​ចិន​កាលពីថ្ងៃទី​១៨ មិថុនា ឆ្នាំ២០២៣។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken កាលពី​ថ្ងៃ​សុក្រ​បាន​ព្រមាន​ចិន​មិន​ឱ្យ​បង្កហេតុ​បែប​យោធា​ជាមួយ​តៃវ៉ាន់។ លោក​ថ្លែង​ដូច្នេះ បន្ទាប់ពី​ចិន​បាន​មាន​ប្រតិកម្ម​ខ្លាំងៗ​ចំពោះ​សុន្ទរកថា​ប្រចាំ​ឆ្នាំ​របស់​មេដឹកនាំ​តៃវ៉ាន់។

លោក Blinken បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ក្នុង​អំឡុង​សន្និសីទ​កាសែត​នៅ​ក្នុង​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ​ថា៖ «ខ្ញុំ​អាច​ប្រាប់​អ្នក​ថា ទាក់ទិន​នឹង​សុន្ទរកថា Ten Ten ដែល​ធ្វើឡើង​ជា​ទូទៅ​ធម្មតា ចិន​មិន​គួរ​ប្រើ​វា​ជា​លេស​ដើម្បី​បង្កហេតុ​នោះទេ​ទោះ​ក្នុង​ទម្រង់​ណា​ក៏ដោយ»។

លោក Blinken ថ្លែង​ដូច្នេះ​ចង់​សំដៅ​លើ​ព្រឹត្តិការណ៍​ថ្ងៃ​ទី ១០ ខែ​តុលា ដែល​គេ​ស្គាល់​ថា​ទិវា «១០ ពីរ​ដង» ដែល​ជា​ពេល​ដែល​តៃវ៉ាន់​ប្រារព្ធ​ខួប​នៃ​ការ​បង្កើត​សាធារណរដ្ឋ​ចិន​នៅក្នុង​ឆ្នាំ ១៩១២ គឺ​ក្នុង​ពេល​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​បន្ទាប់ពី​ការ​បះបោរ​ដែល​បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី ១០ ខែ​តុលា ឆ្នាំ ១៩១១។

ប្រទេស​ចិន​ដែល​មាន​ឈ្មោះ​ផ្លូវការ​ថា​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ប្រារព្ធ​ទិវា​ជាតិ​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី ១ ខែ​តុលា ដើម្បី​រំឭក​ដល់​ការ​បង្កើត​ប្រទេស​នេះ​នៅក្នុង​ឆ្នាំ ១៩៤៩។

ប្រទេស​ចិន​បាន​បន្ត​បង្កើន​ការ​គំរាម​ផ្នែក​យោធា​របស់​ខ្លួន​ប្រឆាំង​នឹង​តៃវ៉ាន់ បន្ទាប់ពី​ប្រធានាធិបតី​តៃវ៉ាន់​លោក Lai Ching-te បាន​ថ្លែង​សុន្ទរកថា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ច្រានចោល​ការ​អះអាង​របស់​ចិន​អំពី​អធិបតេយ្យ​លើ​កោះ​តៃវ៉ាន់៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG