ប្រធានាធិបតីបារាំងលោក Emmanuel Macron និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានពិភាក្សាវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការកាលពីថ្ងៃអង្គារ នៅពេលដែលលោក Blinken បំពេញទស្សនកិច្ចទីក្រុងប៉ារីសដើម្បីព្យាយាមធ្វើឲ្យប្រសើរឡើងវិញនូវទំនាក់ទំនងរវាងសម្ព័ន្ធមិត្តទាំង២ បន្ទាប់ពីជម្លោះអំពីភាពជាដៃគូនៃសន្តិសុខក្នុងចំណោមសហរដ្ឋអាមេរិក ចក្រភពអង់គ្លេសនិងប្រទេសអូស្ត្រាលី។
មន្ត្រីសហរដ្ឋអាមេរិកមួយរូប បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ជំនួបដែលមិនមាននៅក្នុងកម្មវិធីសាធារណៈរបស់លោក Blinken មានរយៈពេល៤០នាទី ហើយរួមមានការពិភាក្សាអំពីគម្រោងរួមគ្នាដែលភាគីទាំង២ អាចប្រកាសនៅចុងខែនេះនៅពេលដែលលោកប្រធានាធិបតី Macron និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ជួបគ្នា។
លោក Blinken បានធ្វើការចរចាកាលពីព្រឹកថ្ងៃអង្គារជាមួយរដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Yves Le Drian និងទីប្រឹក្សាសន្តិសុខជាតិបារាំងលោក Emmanuel Bonne។ អ្នកការទូតជាន់ខ្ពស់សហរដ្ឋអាមេរិករូបនេះ ក៏នឹងត្រូវធ្វើជាប្រធានជំនួបនៃក្រុមប្រឹក្សាថ្នាក់រដ្ឋមន្ត្រីនៃអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍផងដែរ ហើយលោកនឹងថ្លែងសុន្ទរកថា។
រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រកាសកាលពីថ្ងៃទី១៥ ខែកញ្ញា អំពីកិច្ចព្រមព្រៀងសន្តិសុខថ្មីមួយជាមួយប្រទេសអូស្ត្រាលី និងចក្រភពអង់គ្លេស។ នៅក្រោមកិច្ចព្រមព្រៀងនោះ ប្រទេសអូស្ត្រាលី នឹងទទួលបាននាវាមុជទឹកដែលប្រើថាមពលនុយក្លេអ៊ែរយ៉ាងតិច៨គ្រឿងដែលត្រូវសាងសង់នៅក្នុងប្រទេសអូស្ត្រាលីដោយប្រើបច្ចេកវិទ្យារបស់អាមេរិក។ កិច្ចព្រមព្រៀងនោះ បានកើតមានឡើង បន្ទាប់ពីអូស្ត្រាលី បានដកខ្លួនចេញពីកិច្ចព្រមព្រៀងកាលពីដំបូងជាមួយបារាំងដើម្បីផលិតនាវាមុជទឹកដែលប្រើប្រេងមាស៊ូត ហើយបានធ្វើឲ្យរដ្ឋាភិបាលក្រុងប៉ារីសខឹងសម្បារ។
បារាំង បានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួននៅសហរដ្ឋអាមេរិកនិងអូស្ត្រាលី ឲ្យវិលត្រឡប់ទៅកាន់ប្រទេសបារាំងវិញនៅក្នុងរយៈពេល២ថ្ងៃ បន្ទាប់ពីការប្រកាសនោះ។ រដ្ឋមន្ត្រីការបរទេសបារាំងលោក Le Drian បានប្រកាសថា មាន«វិបត្តិនៃការមិនទុកចិត្តគ្នា»នៅក្នុងសហរដ្ឋអាមេរិក។
បន្ទាប់ពីការនិយាយទូរស័ព្ទរវាងលោកប្រធានាធិបតី Biden និងប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃទី២២ ខែកញ្ញា ដែលបានស្វះស្វែងបន្ថយការតានតឹងដោយសារកិច្ចព្រមព្រៀងនាវាមុជទឹកនេះ ភាគីទាំង២ បានសម្រេចឲ្យមានដំណើរការនៃការពិគ្រោះគ្នាដ៏ស៊ីជម្រៅដើម្បីឲ្យមានការទុកចិត្តគ្នា៕