លោក Blinken ថ្កោល​ទោស​លើ​អំពើ​​ព្រៃផ្សៃក្នុង​សង្គ្រាម​របស់​រុស្ស៊ី​ ខណៈ​សាកសព​ជន​​ជាតិ​អ៊ុយក្រែន​ជា​ច្រើន​ត្រូវ​បានឃើញ​នៅ​តាមផ្លូវ

បុរស​ម្នាក់​ឈរ​មើល​រណ្ដៅ​សព​ធំ​មួយ​នៅ​ក្នុង​ក្រុង Bucha ដែល​ស្ថិត​នៅ​ជាយ​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី៣​ ខែមេសា ឆ្នាំ២០២២។ (Photo by Sergei SUPINSKY / AFP)

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ លោក Antony Blinken បាន​ថ្កោល​ទោសយ៉ាង​ខ្លាំង​ទៅ​លើ​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​អាទិត្យ​ដោយ​ចោទ​ប្រកាន់ប្រទេស​នេះថា​បាន​ប្រព្រឹត្តអំពើ​ព្រៃផ្សៃ​ក្នុង​សង្គ្រាមនៅ​ប្រទេស​អ៊ុយក្រែន ខណៈ​ពេល​ដែល​ពិភព​លោក​បាន​ឃើញ​សាកសព​ជន​រងគ្រោះ​អ៊ុយក្រែនជា​ច្រើន​នាក់​នៅ​តាម​ដង​ផ្លូវ​នានា​នៅក្នុង​ទីក្រុង ​Bucha ដែល​ស្ថិត​នៅជាយរដ្ឋធានី​កៀវ បន្ទាប់​ពី​កងទ័ព​រុស្ស៊ី​បាន​ចាក​ចេញ។

លោកBlinken បាន​ប្រាប់​ទូរទស្សន៍ CNN​ ក្នុង​កម្មវិធី​ “State of the Union” ថា​ សហរដ្ឋអាមេរិកនឹងពិនិត្យ​មើល​ឲ្យ​បាន​ដិត​ដល់​ ដើម្បី​កត់តា្រ​នូវឧក្រិដ្ឋកម្មសង្រ្គាម​របស់​រុស្ស៊ី​ ​នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន​ បើ​ទោះ​បី​ជា​អ៊ុយក្រែន​បាន​អះ​អាង​ថា​ខ្លួន​ដណ្តើម​គ្រប់គ្រង​ឡើង​វិញ​នៅ​តំបន់​កណ្តាល​នៃភាគ​ខាង​ជើង​ និងនៅ​ជុំវិញរដ្ឋធានី​កៀវក្តី។ រុស្ស៊ី​បាន​ដក​កងកម្លាំងយោធា​របស់​ខ្លួន​ចេញ​ពីតំបន់​នៅ​ជុំវិញ​ទីក្រុង​កៀវ​ ដើម្បី​ផ្តោត​ការ​វាយ​ប្រហាររបស់​ខ្លួនទៅ​លើទីក្រុង​នានារបស់​អ៊ុយក្រែន​នៅ​ភាគ​ខាង​ត្បូងដែល​ស្ថិត​នៅ​តាម​បណ្តាយ​សមុទ្រ​ខ្មៅ​វិញ​ និង​នៅ​ក្នុងតំបន់​ Donbas​ ដែល​កំពុង​មាន​ការ​ប្រទាញ​ប្រទង់​គ្នានៅ​ភាគ​ខាង​កើត​អ៊ុយក្រែននោះ។​

ដោយ​ថ្លែង​យោង​ទៅ​លើ​សាកសពជា​ច្រើន​ដែល​ត្រូវ​បាន​គេ​ឃើញ​នូវ​តាម​ដង​ផ្លូវ​នោះ​ ប្រធានាធិបតី​អ៊ុយក្រែន​ លោក Volodymyr Zelenskyy បាន​ប្រាប់កម្មវិធី “Face the Nation” របស់​ទូរទស្សន៍ CBS ថា៖ «ជា​ការ​ពិត​ណាស់​ ​នេះ​ជា​អំពើ​ប្រល័យ​ពូជសាសន៍»។ ​លោក​ថា​ ប្រទេស​អ៊ុយក្រែន​កំពុង​ត្រូវ​បាន​បំផ្លាញ​ និង​ធ្វើ​ឲ្យ​វិនាស​ដោយ​កង​កម្លាំងទ័ព​រុស្ស៊ី។

អគ្គលេខាធិការ​នៃអង្គការ​អូតង់ លោក Jens Stoltenberg បានប្រាប់ទូរទស្សន៍ CNN ថា «នេះជា​អំពើ​ឃោរឃៅ​លើ​ប្រជាពលរដ្ឋ​ដែលយើង​មិនបានឃើញ​អស់ពេល​រាប់សិបឆ្នាំ​មកហើយ‍» នៅទ្វីប​អឺរ៉ុប។ លោកថ្លែងថា៖ «ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin មានការទទួល​ខុសត្រូវ ដើម្បី​បញ្ចប់​សង្គ្រាមនេះ‍»។

លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ Antonio Guterres បានសរសេរ​នៅលើ​បណ្តាញ Twitter ថា៖ «ខ្ញុំមានការតក់ស្លុត​យ៉ាងខ្លាំង ចំពោះ​រូបភាព​សម្លាប់​ជនស៊ីវិល​នៅទីក្រុង Bucha ប្រទេស​អ៊ុយក្រែន។ ការស៊ើបអង្កេត​ឯករាជ្យ​មួយ ចាំបាច់​ត្រូវតែធ្វើឡើង​ដែលនាំឆ្ពោះ​ទៅរក​ការទទួល​ខុសត្រូវ​យ៉ាងមាន​ប្រសិទ្ធភាព‍»។

ប្រធាន​រដ្ឋអាជ្ញារបស់​អ៊ុយក្រែន​បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យថា អាជ្ញាធរ​អ៊ុយក្រែន​បាន​រក​ឃើញ​សាកសព​ប្រមាណ​៤១០​នាក់នៅ​ក្នុងនិង​ជុំវិញ​ទីក្រុង​កៀវ​ ក្នុង​អំឡុង​ពេល​នៃ​ការ​ស៊ើបអង្កេត​មួយ​ ជុំវិញ​លទ្ធភាព​នៃ​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដោយកងកម្លាំង​រុស្ស៊ី។ ​បើទោះ​បី​ជា​យ៉ាង​នេះ​ក្តី​ ក៏​អគ្គរដ្ឋអាជ្ញា​អ៊ុយក្រែន​ លោកស្រី Iryna Venedyktova​ បាន​និយាយ​ថា​ ​សាក្សីមួយ​ចំនួន​នឹង​ត្រូវ​សម្ភាស​នៅ​ពេល​ក្រោយ​ ​ពី​ព្រោះ​ពេលនេះ​ពួក​គេ​កំពុងនៅ​តក់ស្លុតយ៉ាងខ្លាំង​ដោយ​សារ​តែ​អ្វី​ដែល​ពួកគេ​បាន​ឃើញ។​ នេះ​បើតាមសេចក្តី​រាយការណ៍មួយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​លើក​ឡើងនៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ កងកម្លាំង​របស់​ខ្លួន​មិន​បាន​សម្លាប់​ជនស៊ីវិល​នៅក្នុង​ទីក្រុង Bucha ទេ ហើយបាន​អះ​អាង​ថា​ រូប​ភាពនៅ​ក្នុង​វីដេអូ​និង​រូបថត​ ដែល​បាន​បង្ហាញ​ពី​សាកសព​ជន​រងគ្រោះទាំង​នោះ​ គឺ​ជា​ការ​បង្កហេតុមួយ​ទៀត​ ដោយ​ប្រទេស​លោក​ខាង​លិច។​ រុស្ស៊ី​បាន​ស្នើ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ កោះប្រជុំ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ដើម្បី​ពិភាក្សា​អំពី​សកម្មភាព​របស់​«ពួក​ក្រុម​ជ្រុល​និយមអ៊ុយក្រែន‍» នៅ​ក្នុង​ទីក្រុង Bucha។​

ក៏ប៉ុន្តែ​ចក្រភព​អង់គ្លេសដែល​ធ្វើ​ជាប្រធានក្រុម​ប្រឹក្សា​សន្តិសុខអង្គការ​សហប្រជាជាតិ​នៅ​ខែ​នេះ លើក​ឡើង​ថា​ នឹង​មិន​មាន​កិច្ចប្រជុំ​ណា​មួយ​ទេ​នៅថ្ងៃ​ចន្ទ​នេះ​ ហើយថា​បញ្ហា​នេះ​នឹង​ត្រូវ​យក​ទៅ​ពិភាក្សា​គ្នា​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ស្តី​ពី​ប្រទេស​អ៊ុយក្រែន​ ដែល​ត្រូវ​បាន​គ្រោងរួច​ហើយ នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ៕​