ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងជួបជាមួយបណ្ដាមេដឹកនាំនៃប្រទេសជាសមាជិកអង្គការអូតង់ (NATO) ដែលមកពីតំបន់អឺរ៉ុបខាងកើតនៅថ្ងៃពុធនេះ ដើម្បីបង្ហាញការគាំទ្រចំពោះសន្តិសុខរបស់ពួកគេ។
ក្រុមប្រទេស Bucharest 9 នេះមានដូចជាប៊ុលហ្គារី សាធារណរដ្ឋឆែក អេស្ដូនី ហុងគ្រី ឡេតូនី លីទុយអានី ប៉ូឡូញ រូម៉ានី និងស្លូវ៉ាគី ហើយប្រទេសភាគច្រើនក្នុងចំណោមនោះស្ថិតក្នុងចំណោមអ្នកផ្គត់ផ្គង់ខ្លាំងក្លាបំផុតនូវជំនួយយោធាដល់ប្រទេសអ៊ុយក្រែន។
នៅក្នុងសុន្ទរកថាក្នុងរដ្ឋធានីវ៉ាសូវីនៃប្រទសប៉ូឡូញកាលពីថ្ងៃអង្គារ លោក Biden បានការពារកិច្ចប្រឹងប្រែងពេញមួយឆ្នាំរបស់អង្គការអូតង់នៅក្នុងការជួយអ៊ុយក្រែនទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី និងបានសន្យាថា កិច្ចប្រឹងប្រែងនេះនឹងមិនបញ្ឈប់នោះទេ។
លោក Biden បានប្រាប់ពលរដ្ឋប៉ូឡូញជាងមួយម៉ឺននាក់ដែលប្រមូលផ្ដុំគ្នានៅខាងក្រៅអគារ Royal Castle ក្នុងប្រទេសប៉ូឡូញថា៖ «កាលពីមួយឆ្នាំមុន ពិភពលោកត្រៀមលក្ខណៈសម្រាប់ការដួលរលំនៃរដ្ឋធានីកៀវ។ ខ្ញុំទើបតែធ្វើដំណើរទៅកាន់រដ្ឋធានីកៀវ ហើយខ្ញុំអាចនិយាយបានថា រដ្ឋធានីកៀវនៅតែឈរយ៉ាងរឹងមាំនិងខ្ពស់ត្រដែត ហើយសំខាន់ជាងនេះទៀតគឺនៅតែឈរដោយមានសេរីភាព»។
លោក Biden បានសន្យាថា ការគាំទ្រសម្រាប់អ៊ុយក្រែននឹងមិនប្រែប្រួលនោះទេ ហើយអង្គការអូតង់នឹងមិនបែកបាក់នោះឡើយ។
លោកប្រកាសថា៖ «អ៊ុយក្រែននឹងមិនក្លាយជាជ័យជម្នះសម្រាប់រុស្ស៊ីជាដាច់ខាត» ដោយលោកបាននិយាយថា អង្គការអូតង់គឺ«មានការតាំងចិត្តជាងពេលណាៗទាំងអស់» នៅក្នុងការផ្គត់ផ្គង់សព្វាវុធនិងជំនួយមនុស្សធម៌ដល់ប្រទេសអ៊ុយក្រែនដែលមិនមែនជាសមាជិកអង្គការអូតង់ ដើម្បីជួយអ៊ុយក្រែនការពារខ្លួនប្រឆាំងនឹងរុស្ស៊ី។
ដោយទើបនឹងធ្វើទស្សនកិច្ចទៅកាន់រដ្ឋធានីកៀវនៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទ លោក Biden បានវាយប្រហារដោយពាក្យសម្ដីលើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ចំពោះការឈ្លានពានលើអ៊ុយក្រែនដែលលោក Putin បានចាប់ផ្ដើមកាលពីថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំមុន និងបាននិយាយថា លោក Putin អាចបញ្ចប់សង្គ្រាមនេះបានយ៉ាងងាយស្រួលដូចដែលលោក Putin បានចាប់ផ្ដើមដូច្នេះដែរ។
លោក Biden ថ្លែងថា៖ «ប្រទេសប្រជាធិបតេយ្យនៅលើពិភពលោកគឺកាន់តែខ្លាំងឡើង» នៅក្នុងការប្រឆាំងតបតនឹងភាពគឃ្លើនរបស់រុស្ស៊ី ហើយ«ប្រទេសអត្តាធិបតេយ្យនៅលើពិភពលោកគឺកាន់តែខ្សោយទៅ»៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP និង Reuters។