ព័ត៌មានចុងក្រោយពីស្ថានភាពនៅអាហ្វហ្គានីស្ថានមាននៅ Live Blog វីអូអខ្មែរ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយកាលពីថ្ងៃពុធថាលោកនឹងទុកកងទ័ពអាមេរិកនៅអាហ្វហ្គានីស្ថានរហូតដល់ជនជាតិអាមេរិកចុងក្រោយបានត្រូវជម្លៀសចេញពីប្រទេសនេះ។លោកបានកំណត់នៅថ្ងៃទី៣១ ខែសីហា ជាថ្ងៃចុងក្រោយ។
នាយិកាអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំប្រទេសអាហ្វហ្គានីស្ថានអ្នកស្រី Mary Ellen McGroarty កំពុងព្រមានអំពីគ្រោះមហន្តរាយមនុស្សធម៌ដែលមនុស្ស១៤លាននាក់ប្រឈមមុខនឹងភាពអត់ឃ្លានធ្ងន់ធ្ងរ។ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅក្នុងសន្និសីទតាមវីដេអូខ្លីមួយកាលពីថ្ងៃពុធអ្នកស្រីបាននិយាយអំពីបញ្ហាប្រឈមបន្ថែមទៀតដែលប្រទេសនេះកំពុងជួបប្រទះរួមមានគ្រោះរាំងស្ងួតធ្ងន់ធ្ងរនិងការរាតត្បាតនៃវីរុសកូរ៉ូណា។
យ៉ាងតិចមនុស្សបីនាក់បានស្លាប់កាលពីថ្ងៃពុធនៅពេលក្រុមសកម្មប្រយុទ្ធតាលីបង់បានវាយប្រហារក្រុមអ្នកតវ៉ានៅក្នុងទីក្រុង Jalalabad។ ក្រុមបាតុករបានព្យាយាមទម្លាក់ទង់តាលីបង់ហើយជំនួសដោយទង់ជាតិអាហ្វហ្គានីស្ថាន។
មូលនិធិរូបិយវត្ថុអន្ដរជាតិបានផ្អាកធនធានរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថានដោយអ្នកនាំពាក្យម្នាក់បានលើកឡើងថា៖ «សហគមន៍អន្តរជាតិមិនច្បាស់លាស់ក្នុងការទទួលស្គាល់រដ្ឋាភិបាលនៅអាហ្វហ្គានីស្ថាន»។

រូបឯកសារ៖ ទាហានម៉ារីនអាមេរិកម្នាក់ការពារសន្តិសុខបុគ្គលិកក្រសួងការបរទេសអាមេរិកមួយរូបដែលពរកូន ដើម្បីត្រៀមជម្លៀសចេញនៅអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai នៃក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។
រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បាននិយាយថាកងកម្លាំងអាមេរិកផ្តោតលើការធានាសុវត្ថិភាពនៅអាកាសយានដ្ឋានទីក្រុងកាប៊ុលហើយមិនអាចជួយមនុស្សឱ្យទៅដល់ទីនោះទេ។មន្រ្តីសេតវិមានម្នាក់បាននិយាយថាយន្តហោះយោធាបានយកមនុស្សជិត៦.០០០នាក់ចេញពីប្រទេសនេះចាប់តាំងពីថ្ងៃសៅរ៍។
ការវិលត្រឡប់មកកាន់អំណាចរបស់ពួកតាលីបង់នៅអាហ្វហ្គានីស្ថានកើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីមានការគាំទ្រជាសាធារណៈរបស់ប្រទេសចិន។អ្នកជំនាញនិយាយថា ប្រទេសចិនកំពុងប្រើវិធីសាស្រ្តគិតតែចំណេញនៅអាហ្វហ្គានីស្ថានដោយសារទំនាក់ទំនងអតីតកាលរបស់ចិនជាមួយពួកតាលីបង់។
លោក Sean Roberts សាស្រ្តាចារ្យនៅសាកលវិទ្យាល័យ George Washington នៅរដ្ឋធានីវ៉ាស៊ីនតោនបាននិយាយថាប្រទេសចិនគឺជារដ្ឋាភិបាលមួយនៃរដ្ឋាភិបាលខ្លះដែលបានទាក់ទងនិងបង្កើតទំនាក់ទំនងជាមួយទៅពួកតាលីបង់នៅចុងទសវត្សរ៍១៩៩០។ ហើយនៅឆ្នាំ២០០០ឯកអគ្គរដ្ឋទូតចិននៅប៉ាគីស្ថានបានជួបជាមួយមេដឹកនាំតាលីបង់ឈ្មោះ Mullah Omar៕
(វីអូអេភាសាអឺឌូ និង Asim Kashgarian, Gaitty Ara Anis និងWajid Shahរួមចំណែកក្នុងសេចក្តីរាយការណ៍នេះពីរដ្ឋធានីវ៉ាស៊ីនតោន)