លោក Biden គាំទ្រ​ការផ្លាស់ប្តូរ​នីតិវិធី​ព្រឹទ្ធសភា​ដើម្បី​អនុម័ត​សេចក្តីព្រាងច្បាប់​សិទ្ធិ​បោះឆ្នោត

លោក​ប្រធានាធិបតី Joe Biden នៅ​បរិវេណ​នៃ​មហា​វិទ្យាល័យ Morehouse College និង​សាកល​វិទ្យាល័យ Clark Atlanta កាលពី​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ថ្លែង​គាំទ្រ​ដល់​ការផ្លាស់ប្តូរ​នីតិវិធី​ពន្យា​រការបោះឆ្នោត ​ឬ Filibuster ដែល​បាន​ធ្វើឲ្យ​គាំង​ច្បាប់​ស្តីពី​សិទ្ធិ​បោះឆ្នោត។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិកលោក​ Joe Biden និង​លោក​ស្រី​អនុ​ប្រធានាធិបតី Kamala Harris បាន​ធ្វើដំណើរ​ទៅកាន់​រដ្ឋ Georgia ភាគ​ខាង​ត្បូង​កាលពី​ថ្ងៃ​អង្គារ​ដើម្បី​ផ្សព្វផ្សាយ​សេចក្តី​ព្រាងច្បាប់​នៃ​សិទ្ធិ​បោះឆ្នោត​ដែល​នឹង​ពង្រីក​យ៉ាង​ខ្លាំង​នូវ​ឥទ្ធិពល​របស់​រដ្ឋាភិបាល​សហព័ន្ធ​ក្នុង​ការបោះឆ្នោត។

សេចក្តី​ព្រាងច្បាប់២ ជា​អាទិភាព​កំពូល​សម្រាប់​ពួក​គណបក្ស​ប្រជាធិបតេយ្យ​ជាច្រើន ក៏ប៉ុន្តែ បាន​ជាប់គាំង​នៅ​ក្នុង​ព្រឹទ្ធសភា​ដោយសារ​ការជំទាស់​របស់​គណបក្ស​សាធារណរដ្ឋ។

លោក Biden បាន​ថ្លែង​ថា «ថ្ងៃ​នេះ យើង​មក​ទីក្រុង Atlanta ដែល​ជាទីកំណើត​នៃ​សិទ្ធិ​ពលរដ្ឋ​ដើម្បី​បញ្ជាក់​អំពី​អ្វី​ដែលចាំបាច់​ត្រូវ​កើត​មាន​ឡើង ​បន្ទាប់ពី​ថ្ងៃ​ដ៏​ភ័យខ្លាច​នៅពេល​ដែល​កាំបិទ​ត្រូវ​បានភ្ជុង​លើ​បំពង់​ក​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​អាមេរិកាំង»។ លោក Biden លើកឡើង​អំពី​ថ្ងៃទី៦ ខែ​មករា ឆ្នាំ២០២១ ​នៅពេលដែល​ពួក​អ្នក​គាំទ្រ​លោកអតីត​ប្រធានាធិបតី Donald Trump វាយលុកចូល​វិមាន​សភា​សហរដ្ឋ​អាមេរិក ដើម្បី​ប៉ុនប៉ង​ប្រែក្រឡាស់​ជ័យជម្នះ​របស់​លោក Biden នៅ​ក្នុង​ការបោះឆ្នោត​ឆ្នាំ២០២០។

ដោយ​មាន​សំឡេង​ឆ្នោតតែ​៥០​សំឡេង​នៅ​ក្នុង​ព្រឹទ្ធសភា​ដែល​មាន​អសនៈ​ចំនួន១០០​ហើយ​មិន​មាន​សំឡេងគាំទ្រ​ខាង​គណបក្ស​សាធារណរដ្ឋ​នោះ លោក Biden បាន​ផ្តល់​ការគាំទ្រ​ចំពោះអ្វី​ដែល​ហៅ​ថា ការលើកលែង​លើ​នីតិវិធី​ពន្យា​រការបោះឆ្នោត ​ឬ Filibuster៖ ដែលជា​ការកែប្រែ​តែមួយ​ដង​នៅ​ក្នុង​នីតិវិធី​ពន្យា​រការបោះឆ្នោត​នេះ ដើម្បី​អនុម័ត​សេចក្តីព្រាងច្បាប់​សិទ្ធិ​បោះឆ្នោត​ទាំង​២។

នីតិវិធី​ពន្យា​រការបោះឆ្នោត​ ឬ Filibuster ជា​ប្រពៃណី​របស់​ព្រឹទ្ធសភា​ដែល​អនុញ្ញាត​ឲ្យ​គណបក្ស​ដែល​មាន​សំឡេង​តិច​ ពន្យារពេល​ការជជែក​ដេញដោល ​ឬ​រារាំង​ការបោះឆ្នោត។ ការលើកលែង​នីតិវិធី​ពន្យា​រការបោះឆ្នោត ​ឬ Filibuster នេះ​ នឹង​អនុញ្ញាត​ឲ្យ​ពួក​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​ អនុម័ត​សេចក្តីព្រាងច្បាប់​ដោយ​សំឡេងភាគ​ច្រើន ៥០+១ ដោយ​មាន​លោក​ស្រី​អនុ​ប្រធានាធិបតី Kamala Harris ជា​អ្នក​បំបែក​ភាព​ស្មើ​គ្នា។

លោក​សមាជិក​ព្រឹទ្ធសភា Mitch McConnell មេដឹកនាំ​កំពូល​ខាង​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ព្រឹទ្ធសភា បាន​រិះគន់​យ៉ាងខ្លាំង​ចំពោះ​ចំណាត់ការ​នេះ។ លោកបាន​សរសេរ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយថា «មេដឹកនាំ​ខាងគណបក្ស​ប្រជាធិបតេយ្យ​ក្នុង​ព្រឹទ្ធសភា កំពុង​ព្យាយាម​បង្ខំ​សមាជិក​នៃគណបក្ស​របស់​ខ្លួន ឲ្យក្បត់​ពាក្យសម្តី​របស់​ខ្លួន ហើយបំបិទ​សំឡេង​របស់​ពលរដ្ឋ​អាមេរិកាំង​រាប់លាននាក់ ដើម្បីឲ្យគណបក្ស​នយោបាយ​មួយ ចាត់ចែង​ការបោះឆ្នោត​របស់​ប្រទេស​ជាតិយើង​ពីថ្នាក់លើ​ដល់​ថ្នាក់ក្រោម‍»៕