ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​ព្រឹទ្ធសភា​អាមេរិក​ប្រកាន់​នយោបាយ​កណ្តាល​លោក Joe Manchin ជំទាស់​នឹង​ច្បាប់​សុវត្ថិភាព​សង្គម​របស់​លោក Biden


រូបឯកសារ៖ សមាជិក​ព្រឹទ្ធសភា​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Manchin និយាយ​ជាមួយ​អ្នកសារព័ត៌មាន​ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​វិមាន​សភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។
រូបឯកសារ៖ សមាជិក​ព្រឹទ្ធសភា​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Manchin និយាយ​ជាមួយ​អ្នកសារព័ត៌មាន​ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​វិមាន​សភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។

សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រកាន់​នយោបាយ​ផ្លូវ​កណ្តាល​សហរដ្ឋ​អាមេរិក​ម្នាក់​គឺ​សមាជិក​ព្រឹទ្ធសភា​លោក Joe Manchin នៃ​រដ្ឋ West Virginia បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា លោក​ជំទាស់​យ៉ាង​ដាច់​អហង្ការចំពោះផែនការ​ចំណាយ​សុវត្ថិភាព​សង្គម​ដែល​មាន​ទឹក​ប្រាក់​ ២លាន ​លាន​ដុល្លារ​របស់​លោក​ប្រធានាធិបតី Joe Biden។

សន្លឹក​ឆ្នោត​របស់​លោក Manchin មាន​សារៈសំខាន់​នៅ​ក្នុងការអនុម័ត​របៀបវារៈសេចក្តី​ព្រាងច្បាប់របស់​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​ព្រឹទ្ធសភា​ដែល​មាន​ការ​បែកបាក់​ខាង​នយោបាយ។ មិន​មាន​សមាជិក​ណា​ម្នាក់​នៃ​សមាជិក​ព្រឹទ្ធសភាទាំង​៥០​រូបពី​ខាង​គណបក្ស​សាធារណរដ្ឋ ​នៅ​ក្នុង​ព្រឹទ្ធសភា​អាមេរិក​ដែល​មាន​សមា​ជិក​១០០​រូប​នោះ បាន​គាំទ្រ​ផែនការ​ដើម្បី​ពង្រីក​ការ​ថែទាំ​សុខភាព​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ចាស់ៗ​ ការផ្តល់​ថ្នាក់រៀន​មុន​មតេ្តយ្យ​សាលា ការ​អនុញ្ញាត​ឲ្យ​ផ្តល់​ថវិកា​ថ្មី​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការប្រែប្រួល​អាកាសធាតុ​ និង​ផ្តល់​ការគាំទ្រ​ខាង​ហិរញ្ញវត្ថុ​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត​ដល់​ពលរដ្ឋ​អាមេរិកាំង​ដែល​មាន​ប្រាប់​ចំណូល​ទាប។

ក្រុម​គណបក្ស​ប្រជាធិបតេយ្យ​សង្ឃឹម​ថា ​នឹងអាចអនុម័ត​សេចក្តី​ព្រាងច្បាប់​នេះ​តាម​រយៈ​ការ​បោះឆ្នោត​៥០​ ទល់​នឹង​៥១​សំឡេង មុន​ពេល​បុណ្យ​ណូអែល ដោយ​មាន​លោកស្រី​អនុប្រធានាធិបតី Kamala Harris ផ្តល់​សន្លឹក​ឆ្នោត​ដើម្បីបំបែក​ភាពស្មើ​គ្នា​ខាង​សំឡេង​បក្ស​ទាំង​ពីរនេះ។ រដ្ឋសភា​ បាន​អនុម័ត​រួច​ហើយ​នូវ​សេចក្តីព្រាង​ច្បាប់​នោះ។

ក៏ប៉ុន្តែ លោក Manchin ​ដែល​បាន​ពិភាក្សា​សេចក្តី​ព្រាងច្បាប់​នេះយ៉ាង​យូរកាលពី​សប្តាហ៍​មុន​ជាមួយ​លោក​ប្រធានាធិបតី Biden បាន​ប្រាប់​កម្មវិធី «Fox News Sunday» ថា «ប្រសិន​បើ​ខ្ញុំ​មិន​អាចទៅផ្ទះ​វិញ ​ហើយ​ពន្យល់​ច្បាប់​នោះ​ទៅ​កាន់​ប្រជាពលរដ្ឋ​នៅ​រដ្ឋ West Virginia បាន​ទេ ខ្ញុំ​មិន​អាច​បោះឆ្នោត​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់​នោះ​ទេ។ ហើយ​ខ្ញុំ មិន​អាច​បោះឆ្នោត​បន្ត​សេចក្តី​ព្រាងច្បាប់​នេះ​ទេ»។

ទីភ្នាក់ងារ​ព័ត៌មាន AP បាន​រាយការណ៍​ថា អ្នក​នាំពាក្យ​សេតវិមាន​អ្នកស្រី Jen Psaki បាន​ធ្វើ​ការ​ឆ្លើយតប​ខ្លាំងៗដ៏​កម្រ​ ចំពោះសមាជិក​សភា​រូប​នេះ​ដែលលោក​ប្រធានាធិបតី​បាន​ព្យាយាម​ទាក់ទាញ ហើយ​ដែលសំឡេង​ឆ្នោត​គាំទ្រ​របស់​លោក​ចាំបាច់។

អ្នកស្រី Psaki បាន​មាន​ប្រសាសន៍​ថា៖ «យើង​នឹង​បន្ត​ដាក់​គំនាប​លើ​រូប​លោក​ដើម្បី​មើល​ថា​ តើលោក​នឹង​ប្រែក្រឡាស់​គោលជំហរ​របស់​លោក​ម្តង​ទៀត​ឬ​ទេ ដើម្បី​គោរព​ការ​សន្យា​កាល​ពី​ពេល​មុន​របស់​លោក​ ហើយ​គោរពតាមពាក្យ​សម្តី​របស់លោកផ្ទាល់»៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្តី​រាយការណ៍​នេះ​ ត្រូវ​បាន​ដក​ស្រង់​ពី​ទី​ភ្នាក់ងារ​ព័ត៌មាន AP។

XS
SM
MD
LG