លោក Chuck Schumer មេដឹកនាំគណបក្សប្រជាធិបតេយ្យនៃព្រឹទ្ធសភាអាមេរិក ដែលជាគណបក្សសំឡេងភាគច្រើន បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញថា ព្រឹទ្ធសភា នឹងបោះឆ្នោតនៅ«ដើមឆ្នាំក្រោយ» លើគម្រោងចំណាយសំណាញ់សុវត្ថិភាពសង្គមរបស់លោកប្រធានាធិបតី Joe Biden។
លោក Schumer បានបញ្ជាក់ដូច្នេះ បន្ទាប់ពីសមាជិកព្រឹទ្ធសភាដ៏សំខាន់មួយរូបខាងគណបក្សប្រជាធិបតេយ្យ បាននិយាយកាលពីថ្ងៃអាទិត្យថា លោកមិនអាចគាំទ្រសំណើច្បាប់នេះ។
នៅក្នុងលិខិតមួយច្បាប់ផ្ញើទៅកាន់សហការីរបស់លោកខាងគណបក្សប្រជាធិបតេយ្យ លោក Schumer បានលើកឡើងអំពីការមិនសប្បាយចិត្ត និងការខកចិត្តក្នុងចំណោមសមាជិកព្រឹទ្ធសភានៃក្រុមរបស់លោក នៅពេលដែលសមាជិកព្រឹទ្ធសភាលោក Joe Manchin បានជំទាស់ទៅនឹងសំណើច្បាប់ដែលមានកញ្ចប់ថវិកាប្រមាណ ២ លាន លានដុល្លារនេះ ដែលការជំទាស់នេះ បានបង្អាក់ដល់ក្តីសង្ឃឹមរបស់ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យ ដែលចង់ឲ្យច្បាប់នេះ ត្រូវបានអនុម័តមុនថ្ងៃទី ២៥ ខែធ្នូខាងមុខ ដែលជាថ្ងៃឈប់សម្រាកបុណ្យណូអែល។
លោក Schumer បញ្ជាក់ដូច្នេះថា៖ «ទោះបីជាមានការពន្យារពេលបែបនេះ ឬក៏ការប្រកាសផ្សេងៗកាលពីពេលថ្មីៗនេះក៏ដោយ ក៏វាមិនអាចរារាំងយើងក្នុងការបន្តស្វែររកច្រកចេញនោះដែរ។ យើងមិនអាចលះបង់ចោលការព្យាយាមនោះទេ។ យើងត្រូវតែ ហើយនឹងបន្តប្រយុទ្ធតស៊ូដើម្បីឲ្យច្បាប់នេះចេញជារូបរាងឡើងដើម្បីជាប្រយោជន៍ដល់ក្រុមគ្រួសារពលរដ្ឋអាមេរិកាំងដែលធ្វើការ»។
ដោយរដ្ឋសភាអាមេរិកបានបោះឆ្នោតអនុម័តរួចហើយលើសំណើច្បាប់នេះ លោក Schumer បានថ្លែងថា ព្រឹទ្ធសភាអាមេរិក នឹងបោះឆ្នោតលើ«ទម្រង់កែលម្អថ្មី»មួយនៃសំណើច្បាប់នេះ ហើយព្រឹទ្ធសភា «នឹងនៅតែបន្តបោះឆ្នោតគាំទ្ររហូតទាល់តែសំណើច្បាប់នេះ ត្រូវបានអនុម័ត»។
កន្លងមក សមាជិកព្រឹទ្ធសភាលោក Manchin បានសម្តែងក្តីបារម្ភអំពីទំហំនៃកញ្ចប់ថវិកាចំណាយនេះ។ សំឡេងឆ្នោតគាំទ្ររបស់លោក គឺមានសារៈសំខាន់សម្រាប់គណបក្សប្រជាធិបតេយ្យ នៅពេលដែលសមាជិកគណបក្សនេះព្យាយាមធ្វើយ៉ាងណាឲ្យសំណើច្បាប់នេះ អាចអនុម័តបាន៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះ ត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន Reuters។