លោក Biden និង​លោក Sunak ឯកភាព​គ្នា​គាំទ្រ​អ៊ុយក្រែន​និង​ប្រឆាំង​នឹង​ចិន

រូបឯកសារ៖ ទាហានអ៊ុយក្រែនឈរប្រចាំការនៅក្បែរតំបន់ Bakhmut នៃភូមិសាស្ត្រ Donetsk ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២២។

សេតវិមាន​ប្រធានាធិបតី​អាមេរិក​បាន​បញ្ជាក់​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ចក្រភព​អង់គ្លេស​លោក Rishi Sunak បាន​ឯកភាព​គ្នា​នៅ​ក្នុង​ការ​ពិភាក្សា ​កាលពី​ថ្ងៃ​អង្គារ​ថា ​នឹង​ធ្វើការ​រួម​គ្នា​ដើម្បី​គាំទ្រ​ប្រទេស​អ៊ុយក្រែន និង​ងើប​ឈរ​តទល់​នឹង​ប្រទេស​ចិន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក​ទាំង​ពីរ​បាន​សន្ទនា​គ្នា​ជា​លើក​ដំបូង​បង្អស់​ តាំងពី​ពេល​ដែល​លោក Sunak ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ចក្រភព​អង់គ្លេស​ កាលពី​ថ្ងៃ​ចន្ទ​មក។

មេដឹកនាំ​ទាំង​ពីរ​ក៏​បាន​បញ្ជាក់​ឡើង​វិញ​ផង​ដែរ​អំពី «ទំនាក់ទំនង​ពិសេស» ដែល​មាន​រួច​ជា​ស្រេច​រវាង​សហរដ្ឋ​អាមេរិក​និង​ចក្រភព​អង់គ្លេស និង​បាន​និយាយ​ថា ពួកគេ​នឹង​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​នូវ​សន្តិសុខ​និង​វិបុលភាព​នៅ​លើ​ពិភពលោក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សេតវិមាន។

សេចក្ដី​ថ្លែងការណ៍​របស់​សេតវិមាន​បាន​លើកឡើង​អំពី​សង្គ្រាម​ដែល​បង្ក​ឡើង​ដោយ​ការ​ឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​ថា៖ «លោក​ប្រធានាធិបតី Biden និង​លោក​នាយករដ្ឋមន្ត្រី Sunak បាន​ឯកភាព​គ្នា​លើ​សារៈសំខាន់​នៃ​ការ​ធ្វើការ​រួម​គ្នា​ ដើម្បី​គាំទ្រ​ប្រទេស​អ៊ុយក្រែន​និង​ធ្វើ​ឱ្យ​រុស្ស៊ី​ទទួល​ខុស​ត្រូវ​ចំពោះ​ភាព​គឃ្លើន​របស់​ខ្លួន»។

សេតវិមាន​បាន​បញ្ជាក់​ថា លោក Biden និង​លោក Sunak ក៏​បាន​ឯកភាព​គ្នា​ផង​ដែរ​លើ «ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​បង្ក​ឡើង​ដោយ​ប្រទេស​ចិន»។ សហរដ្ឋ​អាមេរិក​ចាត់ទុក​ប្រទេស​ចិន​ថា​ជា​គូ​ប្រជែង​កំពូល​របស់​ខ្លួន​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​និង​សេដ្ឋកិច្ច​ នៅ​លើ​ឆាក​អន្តរជាតិ​នា​ពេល​បច្ចុប្បន្ន​នេះ។

ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​បាន​ចេញផ្សាយ​សេចក្ដី​សង្ខេប​នៃ​ការ​សន្ទនា​របស់​មេដឹកនាំ​ទាំង​ពីរ ដោយ​បាន​បញ្ជាក់​ថា មេដឹកនាំ​ទាំង​ពីរ «បាន​ពិភាក្សា​គ្នា​អំពី​ទំហំ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ចក្រភព​អង់គ្លេស​និង​សហរដ្ឋ​អាមេរិក​ទាំង​ទ្វេភាគី​ និង​ទាំង​នៅ​ក្នុង​តំបន់​ដូចជា​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ជាដើម»៕