ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ថា បើ​រុស្ស៊ី​ហ៊ាន​ប្រើ «អាវុធ​នុយក្លេអ៊ែរ​កលយុទ្ធ» នោះ​វា​គឺ​ជា «កំហុស​ដ៏​ធ្ងន់ធ្ងរ»


ស្ត្រីម្នាក់ដើរកាត់ស្ថានីយ៍ប្រេងឥន្ធនៈមួយ ដែលត្រូវបានបំផ្លាញដោយការបាញ់ប្រហាររបស់ទាហានរុស្ស៊ី នៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២២។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ចេញ​ការ​ព្រមាន​ខ្លាំងក្លា​មួយ​លើ​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​អង្គារ ដោយ​ព្រមាន​ប្រឆាំង​នឹង​ការ​ប្រើ​គ្រាប់​បែក​ផ្ទុក​សារធាតុ​វិទ្យុ​សកម្ម​ ឬ​ក៏​អាវុធ​នុយក្លេអ៊ែរ​ណា​មួយ​ផ្សេង​ទៀត​ នៅ​ក្នុង​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន។

នៅ​ពេល​ដែល​អ្នក​យក​ព័ត៌មាន​ម្នាក់​បាន​សួរ​ថា​ តើ​ប្រទេស​រុស្ស៊ី​កំពុង​បង្កើត «ប្រតិបត្តិការ​បង្វែរ​ដាន» ដោយ​ត្រៀម​ដាក់​គ្រាប់​បែក​ផ្ទុក​សារធាតុ​វិទ្យុ​សកម្ម​ ដូច​ដែល​ខ្លួន​បាន​ចោទ​អ៊ុយក្រែន​ថា​បាន​បំផ្ទុះ​គ្រាប់​បែក​នេះ​នៅ​ក្នុង​ដែនដី​របស់​ខ្លួន​ ឬ​ក៏​យ៉ាង​ណា​នោះ លោក Biden បាន​និយាយ​ថា៖

«ប្រទេស​រុស្ស៊ី​នឹង​ប្រព្រឹត្តិ​កំហុស​ដ៏​ធ្ងន់ធ្ងរ​បំផុត ប្រសិនបើ​ប្រទេស​នេះ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​កលយុទ្ធ»។

លោក Biden បាន​បន្ថែម​ថា៖ «ខ្ញុំ​មិន​ទាន់​ហ៊ាន​ថា​ នេះ​ជា​ប្រតិបត្តិការ​បង្វែរ​ដាន​ដើម្បី​ទម្លាក់​កំហុស​លើ​គេ​នោះ​ទេ។ ប៉ុន្តែ វា​នឹង​ក្លាយជា​កំហុស​ធ្ងន់ធ្ងរ [ប្រសិនបើ​រុស្ស៊ី​ហ៊ាន​ធ្វើ​ដូច្នេះ]»។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Ned Price បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា​មាន​ហេតុផល​ដែល​ត្រូវ​បារម្ភ​ ដោយសារតែ​រុស្ស៊ី «បាន​បង្ហាញ​នូវ​លំនាំ​នៃ​ការ​ចោទ​ប្រកាន់​អ្នក​ដទៃ​អំពី​រឿង​នេះ ដែល​នៅ​ទីបំផុត​គឺ​រុស្ស៊ី​ខ្លួន​ឯង​ជា​អ្នក​រៀបចំ​ផែនការ»។

កាលពី​ថ្ងៃ​ចន្ទ លោក Price បាន​ព្រមាន​ថា​នឹង​មាន «ផល​វិបាក​ធ្ងន់ធ្ងរ» ប្រសិនបើ​រុស្ស៊ី​ប្រើ​អាវុធ​ដូច​នេះ។

ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អង្គការ​សហប្រជាជាតិ​ លោក Vasily Nebenzya បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ លោក Antonio Guterres និង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ​កាលពី​យប់​ថ្ងៃ​ចន្ទ ដោយ​បញ្ជាក់​ថា ប្រទេស​រុស្ស៊ី «នឹង​ចាត់ទុក​ការ​ប្រើ​គ្រាប់​បែក​ផ្ទុក​សារធាតុ​វិទ្យុ​សកម្ម​ ដែល​ប្រព្រឹត្តិ​ឡើង​ដោយ​ប្រទេស​អ៊ុយក្រែន​ថា ​ជា​ទង្វើ​ភេរវកម្ម​នុយក្លេអ៊ែរ»។

រដ្ឋាភិបាល​អ៊ុយក្រែន​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​រុស្ស៊ី​នេះ និង​បាន​ចោទ​រដ្ឋាភិបាល​រុស្ស៊ី​វិញ​ថា​ មាន​ផែនការ​ធ្វើ​ដូច្នេះ ​ដើម្បី​ទម្លាក់​កំហុស​លើ​អ៊ុយក្រែន​ថា​ជា​អ្នក​ធ្វើ ដើម្បី​ជា​លេស​ឈ្លានពាន​បន្ថែម​ទៀត​លើ​អ៊ុយក្រែន៕

អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់ VOA ប្រចាំ​អង្គការ​សហប្រជាជាតិ​អ្នកស្រី Margaret Besheer និង​ប្រធាន​ការិយាល័យ VOA ប្រចាំ​សេតវិមាន​អ្នកស្រី Patsy Widakuswara រួម​ចំណែក​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ។

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press ទីភ្នាក់ងារ​ព័ត៌មាន AFP និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters

XS
SM
MD
LG