ប្រធានាធិបតី Biden ថា​លោក «មិន​ងាករេ​ដាច់​ខាត»​ពី​ការ​សម្រេច​​ចិត្ត​ដក​ទ័ព​អាមេរិក​​ចេញ​ពី​អាហ្វហ្គានីស្ថាន

លោក​ប្រធានាធិបតី Joe Biden ថ្លែង​អំពី​ប្រទេស​អាហ្វហ្គានីស្ថាន​ពី​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។

ព័ត៌មាន​ចុងក្រោយ​ពី​ស្ថានភាព​នៅ​អាហ្វហ្គានីស្ថានមាន​នៅ Live Blog វីអូអ​ខ្មែរ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា លោក​ «មិន​ងាករេ​ដាច់ខាត» ពី​សេចក្តី​សម្រេច​របស់​លោក​ក្នុង​ការ​ដក​កងកម្លាំង​សហរដ្ឋ​អាមេរិក​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន នៅ​ក្នុង​ការ​ថ្លែង​ជា​សាធារណៈ​ជាលើក​ដំបូង​ចាប់​តាំង​ពី​ក្រុម​ឧទ្ទាម​តាលីបង់ដណ្តើម​បាន​ការ​គ្រប់គ្រង​ប្រទេស​នៅ​អាស៊ី​ខាង​ត្បូង​មួយ​នេះ​បាន​ទាំង​ស្រុង​មក។

នៅ​ក្នុង​សុន្ទរកថា​ផ្សាយតាម​ទូរទស្សន៍​ពី​សេតវិមាន ទៅ​កាន់​ប្រទេស​ជាតិ​អាមេរិក លោក Biden បញ្ជាក់​ថា​ បេសកកម្មអាមេរិក​នៅ​អាហ្វហ្គានីស្ថាន​ «មិន​ដែលមានបំណង​ដើម្បី​កសាង​ប្រទេស​ជាតិ​នោះ​ទេ» ហើយ​ការ​គំរាមកំហែង​ពី​ភេរវកម្ម​ដែល​ជា​កត្តានាំឲ្យ​សហរដ្ឋ​អាមេរិក​មាន​វត្តមាន​នៅ​អាហ្វហ្គានីស្ថាន​នោះ ឥឡូវ​បាន​រីកសាយ​ហួស​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ទៅ​កាន់​ប្រទេស​ផ្សេងៗ​ទៀត​ទៅ​ហើយ។

លោក​ប្រធានាធិបតី​អាមេរិក​ក៏​បាន​ទទួល​ស្គាល់​ថា ​ការ​ដួល​រលំ​នៃ​រដ្ឋាភិបាភិបាល​អាហ្វហ្គានីស្ថាន​និង​ជ័យ​ជម្នះ​របស់​ក្រុម​តាលីបង់​នៅ​ទូទាំង​ប្រទេស​នេះ បាន​កើត​ឡើង​«លឿន​ជាង​ការ​រំពឹង​ទុក​របស់​យើង»។

ទោះ​ជា​យ៉ាង​នេះ​ក្តី​ ក៏​លោក Biden ថ្លែង​ថា វា​ជា​ការ​មិន​ត្រឹមត្រូវ​ទេ​ ដែល​បញ្ជា​ឱ្យ​ទាហាន​អាមេរិក​បន្ត​ប្រយុទ្ធ ​នៅ​ពេល​ទាហាន​អាហ្វហ្គានីស្ថាន​ខ្លួន​ឯង​មិន​មាន​ឆន្ទៈ​ប្រយុទ្ធ​នោះ ដោយ​លោក​បញ្ជាក់​ថា ព្រឹត្តិការណ៍​វិវត្ត​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​ដែល​បង្ហាញ​ពី​ការ​បរាជ័យ​យ៉ាង​ឆាប់​រហ័ស​របស់​កងកម្លាំង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន កាន់​តែ​គាំទ្របន្ថែម​នូវ​សេចក្តី​សម្រេច​របស់​លោក​ក្នុង​ការ​ដក​ទ័ព​អាមេរិក​ចេញ។

ប្រជាជន​អាហ្វហ្កានីស្ថាន (ឆ្វេង) កំពុង​ស្ថិតនៅ​អាកាសយានដ្ឋាន​ក្នុង​រដ្ឋធានី​កាប៊ុល ខណៈ​ដែល​ទាហាន​សហរដ្ឋ​អាមេរិក​ឈរ​យាម​ល្បាត នៅ​ថ្ងៃ​ច័ន្ទ​ ទី១៦ ខែសីហា ឆ្នាំ២០២១។

ថ្លែងអំពី​ស្ថានភាព​ដ៏​ច្របូកច្របល់​នៅ​អាហ្វហ្គានីស្ថាន លោក Biden ថា ​លោកបាន​ប្រឈម​នឹងការត្រូវ​សម្រេច​រវាងកិច្ចព្រមព្រៀងដើម្បី​ដក​កម្លាំង​ទ័ព​អាមេរិក ឬ​មួយ​ក៏​ត្រូវ​បញ្ជូន​ទាហាន​អាមេរិករាប់​ពាន់នាក់​បន្ថែម​ទៀតទៅ​សមរភូមិ​ក្នុង​«ទសវត្សរ៍​ទី​៣»​ទៀត។ លោក​ថា ​លោក​នឹង​មិន​ឱ្យ​មាន​ការ​សម្រេច​ខុស​ដូច​កាល​ពី​អតីតកាល​ទៀត​ទេ។

ការ​ថ្លែង​របស់​លោក Biden បាន​កើត​មានឡើង​មួយ​ថ្ងៃ បន្ទាប់​ពី​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​លោក Ashraf Ghani បាន​ភៀសខ្លួន​ពី​ប្រទេស ខណៈ​ក្រុម​ប្រយុទ្ធ​តាលីបង់​បាន​រុលចូល​កាន់​កាប់​រដ្ឋធានី​កាប៊ុល។

កន្លង​មកលោក​ Biden តែងតែ​រក្សា​ជំហរ​ដក​ទ័ព​អាមេរិក​ទាំង​អស់ត្រឹម​ថ្ងៃ​ទី​២១ ខែ​សីហា ដោយ​លោក​ថា​ការ​ពន្យារ​ពេល​ណា​មួយ​នឹង​មិន​អាច​ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល​ស្ថានភាព​អ្វី​ឡើយ។

កងកម្លាំង​សហរដ្ឋអាមេរិក​បាន​ប្រចាំ​ការ​នៅ​អាហ្វហ្គានីស្ថាន​អស់​រយៈ​ពេល​ជិត​២០​ឆ្នាំ​មក​ហើយ ដោយ​រួម​បញ្ចូលគ្នា​នូវ​អាណត្តិ​ប្រធានាធិបតី​អាមេរិក​ចំនួន​៤។ លោក Biden បាន​ប្រកាស​កាល​ពី​ខែ​មេសា​ថា កងកម្លាំង​អាមេរិក​ទាំង​អស់​នឹង​ត្រូវ​ដក​ត្រឡប់​មក​មាតុភូមិ​វិញ​ត្រឹម​ដំណាច់​ខែ​សីហា ដែល​នេះ​ជា​ការ​សម្រេចដោយ​បដិសេធ​នូវ​អនុសាសន៍​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក​ឱ្យ​រក្សា​កងកម្លាំង​មួយ​ក្រុម​តូច​ឱ្យ​បន្ត​មាន​វត្តមាន​នៅ​អាហ្វហ្គានីស្ថាន។

លោក​ប្រធានាធិបតី Biden បន្ថែម​ថា នៅ​ពេល​នេះ លោក​បាន​សម្រេច​ថា​នឹង​មិន​ផ្ទេរ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ដក​ទ័ព​ពី​អាហ្វហ្គានីស្ថាន​នេះ​ទៅ​ឱ្យ​ប្រធានាធិបតី​បន្ទាប់​ពី​លោក​ទៀត​នោះ​ទេ។​

សម្រាប់​ស្ថានភាព​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​នៅ​ពេល​នេះ សហរដ្ឋ​អាមេរិកបន្តគ្រប់គ្រង​អាកាសយានដ្ឋាន​អន្តរជាតិ Hamid Karzai ក្នុង​រដ្ឋធានី​កាប៊ុល ប៉ុន្តែភាពច្របូកច្របល់​បាន​កើត​ឡើង​នៅ​ទី​នោះ​ ដោយសារ​តែ​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​រាប់​ពាន់​នាក់​បាន​សម្រុក​ចូល​អាកាសយានដ្ឋាន​នោះ​ដើម្បី​ភៀសខ្លួន​ពី​ចេញ​ប្រទេស។

សមាជិក​សភា​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន​បាន​រិះគន់​រដ្ឋបាល​លោក Biden អំពី​ភាព​វឹកវរ​ដែល​កំពុង​កើត​មាន​នៅ​អាហ្វហ្គានីស្ថាន៕

ប្រែសម្រួល​ដោយ​លោក សឹង សុផាត​

(ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដីរាយការណ៍​នេះ​ត្រូវ​បាន​ដក​ស្រង់​ចេញ​ពី​ទី​ភ្នាក់ងារ​ព័ត៌មាន AP។)