រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកអ្នកស្រី Gina Raimondo បានសន្យាកាលពីថ្ងៃពុធម្សិលមិញថា រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden នឹងបន្តសង្គ្រាមពាណិជ្ជកម្មដ៏ខ្លាំងក្លាដែលរដ្ឋបាលរបស់លោកអតីតប្រធានាធិបតី Donald Trump បានអនុវត្តជាមួយនឹងប្រទេសចិន។
អ្នកស្រីបាននិយាយថា អ្នកស្រីនឹងធ្វើការ «ឲ្យបានខ្លាំងក្លាតាមដែលអាចធ្វើបានដើម្បីការពារអ្នកធ្វើការនិងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកពីការអនុវត្តមិនត្រឹមត្រូវរបស់ប្រទេសចិន»។
ថ្លែងក្នុងអំឡុងពេលសន្និសីទកាសែតនៅសេតវិមាន អ្នកស្រី Raimondo បានបញ្ជាក់ថា ការយកពន្ធគយដែលបានធ្វើឡើងក្នុងរដ្ឋបាលលោក Trump និងដែលត្រូវបានគណបក្សប្រជាធិបតេយ្យរិះគន់នៅពេលនោះ «តាមពិត បានជួយស្រោចស្រង់ការងារក្នុងឧស្សាហកម្មដែកថែបនិងអាលុយមីញ៉ូមនៅសហរដ្ឋអាមេរិក»។
សរុបមក សហរដ្ឋអាមេរិកនៅរក្សាទុកការយកពន្ធគយលើទំនិញនាំចូលចំនួន ៦៦% ពីប្រទេសចិនដដែល។ អ្នកស្រី Raimondo បានលើកឡើងថា ពន្ធគយនាំចូលទាំងនោះ គឺជាការចាំបាច់ដើម្បីធ្វើឲ្យមានភាពស្មើគ្នានៅក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ។
កាលពី ៣ ឆ្នាំមុន លោក Trump បានយកពន្ធគយចំនួន ២៥% លើដែកថែប និង ១០% លើអាលុយមីញ៉ូម ដែលនាំចូលមកពីប្រទេសភាគច្រើន ដោយបានអះអាងថា វាគឺជាបញ្ហាសន្តិសុខជាតិដើម្បីធានាថា ផលិតកម្មលោហធាតុនៅក្នុងសហរដ្ឋអាមេរិកអាចនៅបន្តដង្ហើមបាន។
ឱនភាពទំនិញរបស់សហរដ្ឋអាមេរិកជាមួយនឹងប្រទេសចិន បានកើនឡើង ១១,៤% ចាប់ពីខែមករាមក រហូតទៅដល់ចំនួន ៣០ ពាន់ ៣ រយលានដុល្លារនៅក្នុងខែកុម្ភៈ។ នេះបើយោងតាមស្ថិតិដែលបានចេញផ្សាយដោយក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកកាលពីថ្ងៃពុធម្សិលមិញ។
ការស្ទង់មតិរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew កាលពីឆ្នាំមុន បានរកឃើញថា ពលរដ្ឋអាមេរិកាំងជិត ៩ នាក់ ក្នុងចំណោម ១០ នាក់ ចាត់ទុកប្រទេសចិនថា ជាគូប្រជែងឬជាសត្រូវ ជាជាងជាដៃគូ៕