លោក Biden ពង្រីក​«ភាពជា​ដៃគូ​យុទ្ធសាស្ត្រ»​អាមេរិក-អាស៊ាន

ក្នុងរូបភាពដែល​ចេញផ្សាយ​ដោយ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​រៀបចំ​ដោយ​ប្រទេស​ព្រុយណេ បង្ហាញពី​ប្រធានាធិបតី​អាមេរិក លោក Joe Biden ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ដែល​ធ្វើឡើង​តាម​អនឡាញ​ជាមួយ​មេដឹកនាំ​ប្រទេស​ជាសមាជិក កាលពី​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។

ប្រធានាធិបតី​អាមេរិក​លោក ​Joe Biden​ កាលពី​ថ្ងៃ​អង្គារ​ បាន​ចាប់​ផ្ដើម​ឡើងវិញ​នូវ​ទំនាក់​ទំនង​យឺតយ៉ាវ​របស់​ប្រទេស​លោក​ជាមួយ​អាស៊ាន​ដែល​មាន​សមាជិក​១០​ប្រទេស​ដោយ​ចូលរួម​កិច្ច​ប្រជុំ​ប្រចាំឆ្នាំ​របស់​អាស៊ាន​តាម​អ៊ីនធឺណិត ហើយ​បាន​ប្រកាសផែនការ​ផ្តល់​ប្រាក់​រហូត​ដល់ ​១០២​ លាន​ដុល្លារ​ ដើម្បី​ពង្រីក​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​សហ​រដ្ឋ​អាមេរិក​នៅ​ឥណ្ឌូប៉ាស៊ីហ្វិក។

លោក ​Biden ​បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​បើក​ចេញ​ពី​សេតវិមាន​ថា «ភាព​ជាដៃគូ​របស់​យើង​មាន​សារៈ​សំខាន់​ក្នុង​ការ​រក្សា​ឥណ្ឌូ-ប៉ាស៊ីហ្វិក​សេរី ​និង​បើក​ចំហ ​ដែល​ជាមូលដ្ឋាន​គ្រឹះ​នៃ​សន្តិសុខ​ និង​វិបុលភាព​រួមគ្នា​របស់​យើង​ជាច្រើន​ទសវត្សរ៍​មកហើយ។​ ហើយ​សហ​រដ្ឋ​អាមេរិក​គាំទ្រ​យ៉ាង​មុត​មាំ​ចំពោះ​ទស្សនវិស័យ​អាស៊ាន​ និង​ឥណ្ឌូ-ប៉ាស៊ីហ្វិក​តាម​បទបញ្ជា​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ និង​ផ្អែកតាម​ច្បាប់​តំបន់។​

ប្រធានាធិបតី​អាមេរិក​ចុង​ក្រោយ​ដែល​ចូលរួម​កិច្ចប្រជុំ​អាស៊ាន-អាមេរិក​ គឺ​នៅ​ឆ្នាំ​២០១៧​ នៅ​ពេល​លោក ​Donald Trump ​ចូលរួម​នៅ​ទីក្រុង​ម៉ានីល ​ប្រទេសហ្វីលីពីន។ ​កិច្ច​ប្រជុំកំពូល​ឆ្នាំ​នេះ រៀបចំ​ដោយ​ប្រទេស​ព្រុយណេ។ ​សមាជិក​ផ្សេង​ទៀត​របស់​អាស៊ាន គឺ​កម្ពុជា ​ឥណ្ឌូនេស៊ី ​ឡាវ ​ម៉ាឡេស៊ី ​មីយ៉ាន់ម៉ា ​ហ្វីលីពីន ​សិង្ហបុរី​ ថៃ ​និង​វៀតណាម។​

ប្រទេស​មីយ៉ាន់ម៉ា​ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យចូល​រួម​ទេ។​ អាស៊ាន​ ​បាន​ហាមឃាត់​មេដឹកនាំ​របប​យោធា​នេះ​ដោយសារ​លោក​មិនអើពើ​នឹង​ផែនការ​មាគា៌​សន្តិភាព​ដែល​បាន​ព្រមព្រៀង​គ្នា​កាលពី​៦​ខែ​មុន។​

លោក ​Biden​ បាន​គូស​បញ្ជាក់​អំពី​សារៈ​សំខាន់​របស់​អាស៊ាន​ ហើយ​បាន​ហៅ​ទំនាក់​ទំនង​ជាមួយ​អាស៊ាន​ថា ជា​«ស្នូល​សម្រាប់​រក្សា​ភាពធន់​ ភាព​រុងរឿង​ និង​សន្តិសុខ​រួម​របស់​យើង​ក្នុង​តំបន់»។​

សេតវិមាន​បាន​និយាយ​ថា ​មូលនិធិ​ថ្មី​នេះ​ នឹង​ជំរុញ​កម្មវិធី​សុខភាព​អាកាសធាតុ​ សេដ្ឋកិច្ច ​និង​ការ​អប់រំ។​

កញ្ចប់​ថវិកា​នេះ​រួម​មាន​ទឹកប្រាក់​ចំនួន ​៤០ ​លាន​ដុល្លារ សម្រាប់​គំនិត​ផ្តួច​ផ្តើម​ជួយ​ដោះស្រាយ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​ នា​ពេល​បច្ចុប្បន្ន​ និង​ពង្រឹង​សមត្ថភាព​អាស៊ាន​ក្នុង​ការ​ទប់ស្កាត់ ​រក​និង​ឆ្លើយតប​ការ​រីករាល​ដាល​នៃ​ជំងឺឆ្លង​នាពេល​អនាគត។​

ទឹកប្រាក់​២០,៥​លាន​ដុល្លារ​ទៀត ​នឹង​ផ្តល់​ជា​ហិរញ្ញប្បទាន​ដល់​ការ​កាត់​បន្ថយ​វិបត្តិ​អាកាសធាតុ ​ហើយ​ទឹកប្រាក់​២០​ លាន​ដុល្លារ​នឹង​គាំទ្រ​កិច្ច​សហ​ប្រតិបត្តិការ​ពាណិជ្ជកម្ម ​និង​ការ​ច្នៃប្រឌិត។ ​ទឹកប្រាក់​១៧,៥​ លាន​ដុល្លារ​ទៀត ​ត្រូវ​បាន​បម្រុង​ទុក​សម្រាប់​គម្រោង​អប់រំ ​និង ​ទឹកប្រាក់​៤ ​លាន​ដុល្លារ​សម្រាប់​លើក​កម្ពស់​សមភាព​យេនឌ័រ​ និង​សមធម៌៕​

Eva Mazrieva, Virginia Gunawan​ និង​វីអូអេ​ភាសា​ឥណ្ឌូនេស៊ី​ រួមចំណែក​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ។