លោក​​ Biden ​និង​លោក​ Xi​ នឹង​ជួប​គ្នា​​​​នៅ​កោះ​បាលី​ប្រទេស​ឥណ្ឌូណេស៊ី​

រូប​ឯកសារ៖ រូប​ផ្គុំ​នេះ​បង្ហាញ​​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden (ឆ្វេង) កាល​ពី​ឆ្នាំ​២០២១ និង​ប្រធានាធិបតី​ចិន​លោក Xi Jinping កាល​ពី​ឆ្នាំ​២០១៩។

ជំនួប​ដែល​រំពឹង​ទុក​យ៉ាង​ខ្លាំង​រវាង​ប្រធានាធិបតី​អាមេរិក ​លោក ​Joe Biden ​និង​ប្រធានាធិបតី​ចិន​លោក​ Xi Jinping ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ចន្ទសប្តាហ៍​ក្រោយ នៅ​កោះ​បាលី ​ប្រទេស​ឥណ្ឌូណេស៊ី​ នៅ​ខាង​ក្រៅ​កិច្ច​ប្រជុំ​កំពូល​នៃ​ប្រទេស​មាន​សេដ្ឋកិច្ច​ធំៗ​ក្នុង​ពិភពលោក​ឬG-20។ ​

លោក​ទាំងពីរ​នឹង​ពិភាក្សា​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ ដើម្បី​បន្ត​រក្សា​និង​ធ្វើ​ឱ្យ​កាន់​តែ​ប្រសើរ​នូវ​មធ្យោបាយទំនាក់ទំនង​គ្នារវាង​ប្រទេស​ទាំង​ពីរ​ គ្រប់គ្រង​ការ​ប្រកួត​ប្រជែង​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ ​និង​ធ្វើការ​ជាមួយ​គ្នា​ក្នុង​វិស័យ​ដែល​មានផល​ប្រយោជន៍​រួម។​ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​ពី​សេតវិមាន។​

មន្ត្រី​រដ្ឋបាល​អាមេរិក​ជាន់​ខ្ពស់​មួយ​រូប​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ខ្លី​មួយ​ជាមួយ​អ្នក​យក​ព័ត៌មាន​ថា៖​ «លោក​ប្រធានាធិបតី​នឹង​លើក​ឡើង​ដោយ​ស្មោះត្រង់​អំពី​កង្វល់​មួយ​ចំនួន​របស់​យើង ​រួម​ទាំង​សកម្មភាព​របស់​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ ដែល​គំរាម​កំហែង​ដល់​សន្តិភាព ​និង​ស្ថិរភាព​នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់​ និង​បង្ហាញ​ការ​ព្រួយ​បារម្ភ​ជា​យូរ​មក​ហើយ​របស់​យើង ​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​ការ​ព្រួយ​បារម្ភ​កាន់​តែ​ទូលំទូលាយ​ដែល​យើង​និង​សម្ពន្ធមិត្តហើយ​នឹង​ដៃគូ​របស់​យើង​មើល​ឃើញពី​ទម្លាប់​ខាងសេដ្ឋកិច្ច​ដ៏​គ្រោះថ្នាក់​របស់​ប្រទេស​ចិន»។​

ជំនួប​នេះ​នឹង​ក្លាយ​ជា​ការ​ប្រាស្រ័យ​ទាក់​ទង​ដោយ​ផ្ទាល់​ជា​លើក​ដំបូង​របស់​លោក ​Biden ​ជាមួយ​លោក​ Xi​ ចាប់​តាំង​ពី​លោក​ប្រធានាធិបតី​អាមេរិកចូល​កាន់​តំណែង​ក្នុង​ឆ្នាំ​ ២០២១​មក។ ​លោក​ទាំង​ពីរ​បាន​និយាយ​គ្នា​តាម​វីដេអូ​អ៊ីនធឺណិត​និង​តាម​ទូរស័ព្ទ​ជា​ច្រើន​ដង​ រួម​ទាំង​អំឡុង​ពេល​នៃ​ទំនាក់ទំនង​ចុង​ក្រោយ​កាល​ពី​ខែ​កក្កដា​ផង​ដែរ។ ​

កិច្ច​ប្រជុំ​នៅ​កោះ​បាលី​នេះ​គឺ​ជា​ការ​ខិតខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត​ដើម្បី​រក្សាការ​ប្រស្រ័យ​ទំនាក់ទំនងគ្នា​បើក​ចំហ​រវាង​គូ​ប្រជែង​ទាំង​ពីរ​នេះ​ តែ​គេ​មិន​រំពឹង​ថា​ នឹង​មាន​សេចក្តី​ថ្លែង​ការណ៍​រួម​ណា​មួយ​ឡើយ។​ មន្ត្រី​រដ្ឋបាល​ជាន់​ខ្ពស់​រូប​នេះ​បាន​និយាយ​ថា៖ ​«នេះ​គឺ​ពិត​ជា​មិនមែន​កិច្ច​ប្រជុំ​ ដើម្បី​សម្រេច​ឱ្យបាន​លទ្ធផល​ជា​ដុំកំភួន​នោះ​ទេ»។​

បើ​យោង​តាម​មន្ត្រី​រូប​នោះ លោក ​Biden ​នឹង​លើក​ឡើង​ពី​បញ្ហា​សកល ​និង​ក្នុង​តំបន់ ​រួម​ទាំង​សង្គ្រាម​នៅ​អ៊ុយក្រែន​ និង​កលយុទ្ធ​នា​ពេល​ថ្មីៗ​នេះ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​ ដែល​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ​បាន​បាញ់​មីស៊ីល​សាកល្បង​រាប់​សិប​គ្រាប់​ និង​ដាក់​ពង្រាយ​យន្តហោះ​យោធា​នៅ​ជិត​ព្រំដែន​ជាមួយ​កូរ៉េ​ខាងត្បូង។​ មន្ត្រី​រូប​នេះ​បាន​បដិសេធ​មិន​បញ្ជាក់​លម្អិត​ថា ​តើ​លោក ​Biden ​អាច​ស្នើ​សុំ​ជំនួយ​បែប​ណា​ពី​លោក ​Xi​ នោះ​ទេ​ ទាក់ទង​នឹង​លើ​ការ​ទប់ស្កាត់​ការ​បង្ក​ហេតុ​ដោយ​លោក​ Kim Jong Un ​មេដឹកនាំ​កូរ៉េខាង​ជើង។​

លោក​ Biden ​នឹង​ទៅ​ដល់​កោះ​បាលី ​ក្រោយ​ពី​ចេញ​ដំណើរ​ពី​កិច្ច​ប្រជុំ​កំពូល​អាស៊ាននិង​វេទិកា​អាស៊ី​បូព៌ា​ប្រចាំ​ឆ្នាំ​នៅ​ប្រទេស​កម្ពុជា និង​បន្ទាប់​ពី​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ប្រធានាធិបតី​នៅ​សហ​រដ្ឋ​អាមេរិក​ ដែល​មាន​ការ​ប្រកួត​ប្រជែង​ដ៏​តឹងតែង​បំផុត​ ហើយ​ដែល​មិន​ទាន់​ដឹង​លទ្ធផល​ច្បាស់​ថា​ តើ​គណ​បក្ស​ប្រជាធិបតេយ្យ​នឹង​អាច​បន្ត​រក្សា​សំឡេង​ភាគ​ច្រើន​តិចតួច​នៅ​ក្នុង​ព្រឹទ្ធ​សភា ​និង​សភា​ឬ​យ៉ាង​ណា។​

ព័ត៌មាន​ទាក់ទង៖ LIVE BLOG: កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៤០ និង​ទី ៤១

ទន្ទឹម​នឹង​នេះ ​លោក ​Xi​ ទើប​តែ​ត្រូវ​បាន​បក្ស​កុម្មុយនីស្ត​ចិន​បោះឆ្នោត​ជ្រើស​រើស​ជា​ថ្មី​ឱ្យ​ធ្វើ​ជា​អគ្គ​លេខាធិការ​គណបក្ស​ដែល​ធានា​តំណែង​របស់​លោក​ធ្វើ​ជា​មេ​ដឹកនាំ​ប្រទេស​ចិន​សម្រាប់​អាណត្តិ​ទី៣ ទៀត​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។​

អ្នកស្រី​ Yun Sun ​នាយិកា​កម្មវិធី​អំពី​ប្រទេស​ចិន​នៅ​មជ្ឈមណ្ឌល ​Stimson ​បាន​និយាយ​ថា​ មេដឹកនាំ​ចិន​ទំនង​ជា​នឹង​ចាត់​ទុក​កិច្ច​ប្រជុំ​កំពូល​ G-20 ​ជា​«ពិធីចេញ​បង្ហាញ​មុខ»​របស់​លោក។

អ្នកស្រី​បាន​ប្រាប់ ​VOA ​ថា៖​ «ខ្ញុំ​នឹង​មិន​ភ្ញាក់​ផ្អើល​ទេ ​ប្រសិន​បើ​លោក​ Xi Jinping​ នឹង​ប្រើ​ឱកាស​ទាំង​នេះ​ មិន​ត្រឹម​តែ​ដើម្បី​បង្ហាញ​ថា​ លោក​មាន​ទំនាក់​ទំនង​ទ្វេភាគី​ល្អ​បំផុត​ជាមួយ​ប្រទេស​ជា​ច្រើន​នោះ​ទេ ​លោក​ក៏​នឹង​ព្យាយាម​កសាង​មុខ​មាត់​របស់​ប្រទេស​ចិន​ក្នុង​នាម​ជា​មហា​អំណាចខ្លាំងក្លា​មួយ​ផង​ដែរ»។​

លោក ​Biden ​បាន​និយាយ​ថា ​លោក​នឹង​បញ្ជាក់​ជា​ថ្មី​ប្រាប់​លោក ​Xi ​ថា៖​ «លោក​កំពុង​តែ​ស្វែងរក​ការ​ប្រកួត​ប្រជែង ​មិន​មែន​ស្វែង​រក​ជម្លោះនោះ​ទេ»៕

ប្រែ​សម្រួល​ដោយ ពិន ស៊ីសុវណ្ណ