ប្រភពបេឡារុសនិរទេសខ្លួននិយាយថា សកម្មភាពយោធារុស្ស៊ីកាលពីពេលថ្មីៗនេះនៅក្នុងប្រទេសបេឡារុសដែលជាសម្ពន្ធមិត្តសំខាន់របស់រដ្ឋាភិបាលក្រុងមូស្គូនោះ បង្ហាញថា រុស្ស៊ីកំពុងព្យាយាមរក្សាការគំរាមកំហែងវាយប្រហារពីប្រទេសបេឡារុសលើភាគខាងជើងប្រទេសអ៊ុយក្រែន បន្ទាប់ពីបរាជ័យនៅក្នុងការវាយប្រហារតាមដីគោកទៅលើតំបន់នោះ ដែលរួមមានរដ្ឋធានីកៀវនៃប្រទេសអ៊ុយក្រែន កាលពីដើមឆ្នាំនេះ។
ខណៈពួកអ្នកកាសែត ពួកអ្នកវិភាគ និងពួកប្រឆាំងបេឡារុសនិយាយថា ការឈ្លានពានមួយលើកទៀតរបស់រុស្ស៊ីនៅភាគខាងជើងប្រទេសអ៊ុយក្រែនដោយចេញពីទឹកដីបេឡារុសទំនងជាមិនកើតមានឆាប់ៗក៏ដោយ ប៉ុន្តែវាបាននាំឱ្យមានការជជែកដេញដោលគ្នាក្នុងចំណោមពួកគេថា តើកងកម្លាំងរបស់ប្រធានាធិបតីបេឡារុស លោក Alexader Lukashenko នឹងចូលរួមការវាយប្រហារបែបនេះ ឬយ៉ាងណា។
កងទ័ពរុស្ស៊ី ដែលមានទីតាំងនៅប្រទេសបេឡារុស បានរុលចូលក្នុងតំបន់ភាគខាងជើងប្រទេសអ៊ុយក្រែន នៅពេលរុស្ស៊ីចាប់ផ្តើមការឈ្លានពានអ៊ុយក្រែនទ្រង់ទ្រាយធំកាលពីចុងខែកុម្ភៈ នៅក្នុងការព្យាយាមដណ្តើមកាន់កាប់រដ្ឋធានីកៀវដែលមានចម្ងាយ១៥០គីឡូម៉ែត្រពីព្រំដែនប្រទេសបេឡារុស។ លោក Lukashenko មិនបានឱ្យកងទ័ពរបស់លោកពាក់ព័ន្ធដោយផ្ទាល់នៅក្នុងការឈ្លានពាននេះទេ ទោះបីជាលោកគាំទ្រជាសាធារណៈដល់ការឈ្លានពាននេះ ហើយបានអនុញ្ញាតឱ្យកងទ័ពរុស្ស៊ីប្រើប្រាស់ទឹកដី និងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសបេឡារុសក៏ដោយ។
កងទ័ពអ៊ុយក្រែន ដែលបានទទួលការជួយឧបត្ថម្ភអាវុធពីប្រទេសលោកខាងលិចនោះ បានបញ្ឈប់ការវាយប្រហាររបស់រុស្ស៊ីនៅខាងក្រៅរដ្ឋធានីកៀវ ហើយបានវាយប្រហារបកវិញ ដែលបានបណ្តាលឱ្យរុស្ស៊ីដកកងទ័ពចេញពីតំបន់នានានៅភាគខាងជើងអ៊ុយក្រែនជុំវិញរដ្ឋធានីកៀវ ហើយបានដកកងទ័ពចូលក្នុងប្រទេសបេឡារុសវិញនៅដើមខែមេសា។
រុស្ស៊ីបានដាក់ពង្រាយកងទ័ពរាប់សែននាក់នៅក្នុងប្រទេសបេឡារុសនៅពេលចាប់ផ្តើមសង្គ្រាមនៅអ៊ុយក្រែន។ ឥឡូវនេះ វត្តមានកងទ័ពរុស្ស៊ីនៅក្នុងប្រទេសបេឡារុសមានចំនួនរាប់រយនាក់តែប៉ុណ្ណោះ។ នេះបើតាមលោក Franak Viacorka ទីប្រឹក្សាជាន់ខ្ពស់របស់លោកស្រី Sviatlana Tsikhanouskaya មេដឹកនាំនិរទេសខ្លួនដែលប្រឆាំងប្រទេសបេឡារុស៕
អ្នកឆ្លើងឆ្លងព័ត៌មានសន្តិសុខជាតិរបស់វីអូអេលោក Jeff Seldin រួមចំណែកក្នុងសេចក្តីរាយការណ៍នេះពីរដ្ឋធានីវ៉ាស៊ីនតោន ហើយអ្នកយកព័ត៌មានឱ្យវីអូអេភាសារុស្ស៊ីលោកស្រី Anna Plotnikova រួមចំណែករាយការណ៍ពីវីលនីញូស រដ្ឋធានីប្រទេសលីទុយអានី