ប្រទេសចិនបានកោះហៅប្រេសិតសហរដ្ឋអាមេរិកម្នាក់ក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃសុក្រ ដើម្បីតវ៉ាប្រឆាំងនឹងអត្ថាធិប្បាយរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអំពីច្បាប់ធ្វើបត្យាប័នដ៏ចម្រូងចម្រាសរបស់ក្រុងហុងកុង។
ក្រសួងការបរទេសចិនបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា អនុរដ្ឋមន្ត្រីការបរទេសចិន លោក Le Yucheng បានកោះហៅលោក Robert Forden អនុប្រធានបេសកកម្មការទូតរបស់អាមេរិកប្រចាំទីក្រុងប៉េកាំងដើម្បីធ្វើការតវ៉ាប្រឆាំង។
លោក Le មានប្រសាសន៍ថា ចិនមិនទទួលយកបានទេនូវកម្លាំងបរទេសដែលចូលជ្រៀតជ្រែកកិច្ចការក្រុងហុងកុង។ សេចក្ដីថ្លែងការណ៍សរសេរថា «ចិនអំពាវនាវដល់សហរដ្ឋអាមេរិកឱ្យបញ្ឈប់ជាបន្ទាន់នូវការជ្រៀតជ្រែកគ្រប់បែបយ៉ាងក្នុងកិច្ចការរបស់ហុងកុង និងឈប់ចាត់វិធានការដែលធ្វើឱ្យប៉ះពាល់ដល់វិបុលភាព និងស្ថិរភាពរបស់ក្រុងហុងកុង»។
សេចក្ដីថ្លែងការណ៍ថ្លែងការណ៍ដដែលបន្តថា «ចិននិងចាត់វិធានការបន្ទាប់ទៀត ដោយផ្អែកលើសកម្មភាពរបស់សហរដ្ឋអាមេរិក»។
ក្នុងពេលទន្ទឹមគ្នានេះដែរ ចិនក៏បានអំពាវនាវដល់សហរដ្ឋអាមេរិកកុំឱ្យអនុម័តបទបញ្ញត្តិ ជាការឆ្លើយតបនឹងវិបត្តិនៅក្រុងហុងកុង ដោយសារតែសេចក្ដីព្រាងច្បាប់ធ្វើបត្យាប័នមួយនោះ៕