ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​មេដឹកនាំ​បាតុកម្ម​ក្រុង​ហុងកុង​ប្រកាស​​តវ៉ា​ទ្រង់ទ្រាយ​ធំ​មួយ​ទៀត​ប្រឆាំង​សំណើ​ច្បាប់​បត្យាប័ន​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ


ប៉ូលិស​ហុងកុង​ឡោមព័ទ្ធ​បាតុករ​ជិត​ទីស្នាក់ការ​​ក្រុមប្រឹក្សា​ផ្នែក​ច្បាប់​នៅ​កោះ​ហុងកុង កាល​ពី​ថ្ងៃ​ទី១៣ ខែ​មិថុនា ឆ្នាំ​២០១៩។
ប៉ូលិស​ហុងកុង​ឡោមព័ទ្ធ​បាតុករ​ជិត​ទីស្នាក់ការ​​ក្រុមប្រឹក្សា​ផ្នែក​ច្បាប់​នៅ​កោះ​ហុងកុង កាល​ពី​ថ្ងៃ​ទី១៣ ខែ​មិថុនា ឆ្នាំ​២០១៩។

រដ្ឋាភិបាល​ក្រុង​ហុងកុង​បាន​ព្យាយាម​បន្ធូរបន្ថយ​កំហឹង​របស់​អ្នក​តវ៉ា ដោយ​បាន​ពន្យារពេល​ការ​ប្រជុំ​របស់​សភា​អំពី​សំណើ​ច្បាប់​នេះ ដែល​បាន​គ្រោង​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ។

ក្រុម​មេដឹកនាំ​បាតុកម្ម​នៅ​ក្នុង​ទីក្រុង​ហុងកុង​បាន​ប្រកាស​ពី​គម្រោង​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​មួយ​ទៀត​នៅ ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ ដើម្បី​បន្ថែម​យុទ្ធនាការ​ប្រឆាំង​នឹង​សំណើ​ច្បាប់​បត្យាប័ន។ ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​ប៉ូលិស​បាន​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក និង​គ្រាប់​កាំភ្លើង​ជ័រ​ដើម្បី​បំបែក​ការ​តវ៉ា​របស់​ពួកគេ​នៅ​តាម​ដង​ផ្លូវ។

ការ​ប្រកាស​នេះ​បង្កើត​នូវ​ការ​តតាំង​ថ្មី​មួយ​ទៀត​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ហុងកុង ដែល​បដិសេធ​មិន​ព្រម​លុប​ចោល​សំណើ​ច្បាប់​នេះ។ ពាក់ព័ន្ធ​នឹង​សំណើ​ច្បាប់​នេះ រដ្ឋាភិបាល​ក្រុង​ហុងកុង​មាន​ការ​គាំទ្រ​ខ្លាំងក្លា​ពី​ប្រទេស​ចិន ដោយ​រដ្ឋាភិបាល​ចិន​ហៅ​ការ​តវ៉ា​នេះ​ថា​ជា «កុប្បកម្ម»។

រដ្ឋាភិបាល​ក្រុង​ហុងកុង​បាន​ព្យាយាម​បន្ធូរបន្ថយ​កំហឹង​របស់​អ្នក​តវ៉ា ដោយ​បាន​ពន្យារពេល​ការ​ប្រជុំ​របស់​សភា​អំពី​សំណើ​ច្បាប់​នេះ ដែល​បាន​គ្រោង​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ។

ប៉ុន្តែក្រុម​អ្នក​តវ៉ា​បាន​សច្ចា​ថា​នឹង​បង្កើន​ការ​តវ៉ា​បន្ថែម​ទៀត ដោយ​អំពាវនាវ​ឲ្យ​មាន​ការ​ជួបជុំ​តវ៉ា​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ និង​ធ្វើ​កូដកម្ម​នៅ​ទូទាំង​ទីក្រុង​ហុងកុង​នៅ​ថ្ងៃ​ចន្ទ​បន្ទាប់។

លោក Jimmy Sham នៃ​អង្គការ​សិទ្ធិ​មនុស្ស Civil Human Rights Front ដែល​ជា​អង្គការ​ចម្បង​មួយ​នៅ​ក្នុង​ការ​ដឹកនាំ​បាតុកម្ម​នេះ និយាយ​ដូច្នេះ​ថា៖ «យើង​នឹង​តស៊ូ​ជាមួយ​នឹង​ប្រជាពលរដ្ឋ​ហុងកុង​រហូត​ដល់​ទី​បញ្ចប់‍»។ លោក​បាន​បន្ថែម​ថា ពួកគេ​បាន​ដាក់​ពាក្យ​ដល់​អាជ្ញាធរ​ដើម្បី​សុំ​សិទ្ធិ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ​ហើយ។

លោក​បាន​ប្រាប់​អ្នក​កាសែត​ដូច្នេះ​ថា៖ ‍«នៅ​ពេល​ប្រឈម​នឹង​ការ​ធ្វើ​ព្រងើយ​កន្តើយ ការ​មិន​ធ្វើ​តាម​ការ​ទាមទារ និង​ការ​គាប​សង្កត់ គឺ​វា​មាន​តែ​ធ្វើ​ឲ្យ​យើង​កាន់តែ​ខ្លាំងក្លា​បន្ថែម​ទៀត​តែ​ប៉ុណ្ណោះ គឺ​ប្រជាពលរដ្ឋ​ហុងកុង​កាន់តែ​ច្រើន​ជាង​មុន [នឹង​ចូលរួម​នៅ​ក្នុង​ការ​តវ៉ា​នេះ]‍»៕

XS
SM
MD
LG