រដ្ឋាភិបាល​ដក​បន្លា​លួស​ពី​ទីលាន​ប្រជាធិបតេយ្យ

កម្លាំង​សន្តិសុខ​​យាម​​នៅ​ទី​លាន​ប្រជាធិបតេយ្យ​ក្នុង​អំឡុង​បាតុកម្ម​មួយ​កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤។

លួស​បន្លា​ដែល​ធ្លាប់​បាន​ហ៊ុំ​ព័ទ្ធ​ទីលាន​ប្រជាធិបតេយ្យ​នោះ​ ត្រូវ​បាន​កង​កម្លាំងមាន​សមត្ថកិច្ចបាន​រុះរើ​ចេញ​រួច​ហើយ​និង​ដាក់​លើ​រថយន្ត ​បន្ទាប់​ពី​សាលា​ក្រុង​ភ្នំពេញ​បញ្ជា​ឲ្យដោះ​លែង​សួន​ប្រជាធិបតេយ្យ​ ក្រោយ​ពី​បាន​ជាប់​ឃុំ​អស់​រយៈ​ពេល​ជិត​៨​ខែ។​

ការ​សម្រេច​បើក​សួន​ប្រជាធិបតេយ្យ​ឲ្យដំណើរ​ការ​ឡើង​វិញ​នេះ​បាន​កើត​មាន​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​អ្នក​តំណាង​រាស្ត្រ​ចំនួន​៥៥​រូប​របស់​គណបក្ស​សង្គ្រោះជាតិ​បាន​ធ្វើ​ពិធីសច្ចា​ប្រណិធាន​ស្បថ​ចូល​កាន់​មុខ​តំណែង​ជា​សាមាជិក​សភា​តំណាងរាស្ត្រ​នៅ​ព្រះ​បរម​រាជ​វាំង​កាល​ពី​ថ្ងៃ​អង្គារ។​

មិន​មាន​មនុស្ស​ច្រើន​ទេ​បាន​ទៅ​ឃ្លាំ​មើល​ព្រឹត្តិការណ៍បើក​ឲ្យដំណើរការ​សួន​ប្រជាធិបតេយ្យ​ឡើង​វិញ​នោះទេ ​លើក​លែង​តែ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ និង​មន្ត្រី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​តែ​ប៉ុណ្ណោះ។​

លោក​ស្រី​មួរ សុខហួរ​ អ្នក​តំណាង​រាស្ត្រ​ខាង​គណបក្ស​សង្គ្រោះជាតិ​ បាន​ដឹក​នាំ​អ្នក​តំណាង​រាស្ត្រ​ និង​សកម្មជន​គណបក្ស​មួយ​ចំនួន​ទៅ​មើល​ការ​រុះ​រើ​សួន​ប្រជាធិបតេយ្យ​នេះ។ ​លោក​ស្រី​បាន​ប្រកាស​ជាសារធារណៈអំពី​ជ័យ​ជំនះ​របស់​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​ទាមទារ​ឲ្យសួន​ប្រជាធិបតេយ្យ​ត្រូវ​បាន​បើក​ឲ្យដំណើរ​ការ​ឡើង​វិញ​នៅ​ថ្ងៃ​នេះ។​

កាលពី​ថ្ងៃ​ទី​១៥​ខែ​កក្កដា លោក​ស្រី​មួរ សុខ ហួរ​ជាមួយ​និង​អ្នក​តំណាង​រាស្ត្រ​ចំនួន​៨​រូប ​សកម្មជន​គណបក្ស​ចំនួន​១​រូប​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​ចាប់​ខ្លួន​រួច​បញ្ជូន​ទៅ​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ​រយៈ​ពេល​មួយ​សប្តាហ៍​បន្ទាប់​ពី​មាន​អំពើ​ហិង្សា​មួយ​នៅ​ទីលាន​សួន​ប្រជាធិបតេយ្យ។​

លោក​ស្រី​បាន​ប្រកាស​យ៉ាង​មោទនភាព​ថា​ ការ​តស៊ូ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កន្លង​មក​ជាការ​ចាំ​បាច់​នាំ​ឲ្យមាន​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ។​

លោក​ស្រី​និយាយ​ថា៖ ​«យើង​ខ្ញុំ​បាន​បម្រើប្រជា​ពលរដ្ឋ។ ​យើង​ខ្ញុំ​អត់​ចង់​បាន​យក​ជោគ ​អត់​ចង់​បាន​យក​ជ័យ​អ្វីទេ។ ​យើង​ខ្ញុំ​ចង់​បាន​ឲ្យជាតិ​មួយ​ដែល​មាន​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ»។​

អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៨​រូប​ សកម្មជន​គណបក្ស​ម្នាក់​ព្រម​ទាំង​លោក​កឹម សុខា​ អនុ​ប្រធាន​គណបក្ស​ត្រូវ​បាន​តុលាការ​កោះ​ហៅ​សារ​ជាថ្មី​ឲ្យចូល​ទៅ​បំភ្លឺ​ក្នុង​តុលាការ​នៅ​ថ្ងៃ​ទី​១១​ខាង​មុខ​នេះ។​

លោក​ស្រី ​មួរ សុខ​ហួរ​មាន​ប្រសាសន៍​ថា​ លោក​ស្រី​និង​អ្នកតំណាង​រាស្ត្រ​ផ្សេង​ទៀត​នឹង​ទៅ​បំភ្លឺ​តាម​ដីកា​កោះ​របស់​តុលាការ។

លោក​ជាម យៀប​ សមាជិក​សភា​តំណាង​រាស្ត្រ​ខាង​គណបក្ស​ប្រជាជន​កម្ពុជាមាន​ប្រសាសន៍​ថា​ ការ​បើក​ដំណើរការ​ទីលាន​ប្រជាធិបតេយ្យ​ឡើង​វិញ​នេះ​បង្ហាញ​ឲ្យឃើញ​ថា​ វិបតិ្ត​នយោបាយ​បាន​បិទ​បញ្ចប់​ ហើយ​គណបក្ស​ទាំង​ពីរ​នឹង​រួម​ដៃ​គ្នា​ដើម្បី​ការពារ​ផល​ប្រយោជន៍​ជាតិ​និង​ប្រជាជន។​

លោក​និយាយ​ថា៖​ «យើង​ឃើញ​ថា​ បើ​ការ​តស៊ូ​ប្រឆាំង​យ៉ាង​ម៉េចៗ​ ជា​ការ​តស៊ូ​មតិ​ទៅ​បាន​ហើយ ​ធ្វើ​យ៉ាង​ណា​ដើម្បី​រក​ច្រក​ចេញ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ ក្នុង​ការ​បម្រើប្រជាជន​ឲ្យបាន​សម​ស្រប ​ពី​ព្រោះ​គណបក្ស​ទាំង​ពីរ​គឺ​ថា​ សុទ្ធ​តែ​មាន​បំណង​ដូច​គ្នា​ ការ​ពារ​មាតុភូមិ​ បម្រើប្រជាជន​ឲ្យអស់​ពី​ចិត្ត​ពីថ្លើម»។​

ទីលាន​ប្រជាធិបតេយ្យ​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​បាន​បញ្ជា​ឲ្យបិទ​ បន្ទាប់​ពី​មាន​ការ​វាយ​បង្ក្រាប​ដោយ​អំពើ​ហិង្សា​មួយ​កាល​ពី​ដើម​ខែ​មករា​ទៅ​លើ​ការ​តវ៉ា​ដោយ​សន្តិវិធី​ ដែល​ដឹក​នាំ​ដោយ​គណបក្ស​សង្គ្រោះជាតិ ដែល​កាល​នោះបាន​បណ្តាល​ឲ្យមាន​មនុស្ស​ជាច្រើន​នាក់បាន​រង​របួស​ រាប់​ទាំង​ព្រះ​សង្ឃ​ផង​ដែរ។​

សាលា​ក្រុង​ភ្នំពេញ​ពេល​នោះ​បាន​លើក​ហេតុ​ផល​ថា ​ការ​សម្រេច​បិទ​សួន​ប្រជាធិបតេយ្យ​ជា​បណ្តោះ​អាសន្ន​នេះ​គឺ​ដោយ​សារ​តែអាជ្ញាធររង់​ចាំ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ជា​មុន​សិន។​

ក៏​ប៉ុន្តែ​ទោះ​ជាយ៉ាង​ណា​ក៏​ដោយ​ ក៏​លោក​អំ សំអាត​ ប្រធាន​ក្រុម​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ​ដែល​តាម​ឃ្លាំ​មើល​ទី​លាន​ប្រជា​ធិបតេយ្យ​កន្លង​មក​ បាន​រិះ​គន់​ថា​ រដ្ឋាភិបាល​មិន​គួរ​យក​ទីលាន​ប្រជាធិបតេយ្យ​ដែល​ត្រូវ​បាន​ច្បាប់​អនុញ្ញាត​ទៅ​លាយ​ឡំ​ជាមួយ​នឹង​រឿង​នយោបាយ​នោះ​ទេ។

លោក​បាន​និយាយ​ថា៖​ «ចាប់​ពី​ថ្ងៃ​នេះ​តទៅ​ សុំ​ឲ្យគណបក្ស​ទាំង​ពីរ​បញ្ឈប់​ការ​យក​ទីលាន​ប្រជា​ធិបតេយ្យ ​ឬ​ក៏​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ យក​មក​ធ្វើជា​ចំណាប់​ខ្មាំង​ដើម្បី​ដោះ​ដូរ​ផ្នែក​នយោបាយ​តទៅ​ទៀត»។

ក្រោយ​ពី​បាន​ព្រម​ព្រៀង​គ្នា​បញ្ចប់​ជម្លោះផ្នែក​នយោបាយមក​ ​នៅ​ថ្ងៃ​ពុធ​នេះ ​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិបាន​បន្ត​ពិភាក្សា​គ្នា​បន្ថែម​ទៀត​ពាក់​ព័ន្ធនឹង​កំណែ​ទម្រង់​គ.ជ.ប. ​កំណែទម្រង់​បទ​បញ្ជា​ផ្ទៃ​ក្នុង​ និង​វិសោធនកម្មរដ្ឋធម្មនុញ្ញ​មាត្រា​ទី​៧៦​ និង​បន្ថែម​មួយ​ជំពួក​ទៀត​គឺ​ជំពូក​ទី​១៥។​

ទាក់ទង​នឹង​សំណុំ​រឿង​សួន​ប្រជាធិបតេយ្យ​នេះ ​លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​សរសេរ​លិខិត​ទៅ​លោក​ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​សុំ​ឲ្យដោះលែង​សកម្មជន​បីនាក់​ ដែល​ត្រូវបាន​ចាប់ខ្លួន​កាល​ពី​ថ្ងៃទី​២​ខែ​សីហា​ក្នុង​បទ​ចោទ​ប្រកាន់​ដូច​អ្នក​តំណាង​រាស្ត្រ​៨​រូប​ផ្សេង​ទៀតដែរ។​

សកម្ម​ជន​ទាំង​បី​នាក់​ ដែល​អាជ្ញាធរ​បាន​ចាប់​ខ្លួន​ចុង​ក្រោយ​គេ​នោះ​រួម​មាន៖ ​លោក​ឃិន ជំរឿន ​លោក​សាន គឹមហេង ​និង​លោក​នាង សុឃុន៕