ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បាតុកម្ម​សុំ​បើក​ទីលាន​ប្រជាធិបតេយ្យ​បណ្តាល​ឱ្យ​មនុស្ស​របួស​ជាង​៥០​នាក់


ការប៉ះទង្គិច​គ្នា​មួយ​ឈុត​រវាង​បាតុករ​ជា​ច្រើន​រយ​នាក់​ដែល​ទាមទារ​ឱ្យ​បើក​សួន​ប្រជាធិបតេយ្យ​ឡើង​វិញ​និង​កង​សន្តិសុខ​ខណ្ឌ​ដូនពេញ​នៅ​ក្បែរ​ទីនោះ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​ធ្វើ​ឱ្យ​មនុស្ស​ប្រមាណ​៥០​នាក់​រង​របួស​ធ្ងន់​និង​ស្រាល។ អំពើ​ហិង្សា​នេះ​បាន​នាំ​ឱ្យ​មាន​ការ​ឃាត់​ខ្លួនអ្នកតំណាង​រាស្រ្ត​ជាប់ឆ្នោត​ខាងគណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​បួន​រូប។ (សូម​ចុច​មើល​រូបភាពត្រង់នេះ)

មាន​សន្តិសុខ​រហូត​ដល់​៣៧​នាក់​បាន​រង​របួស ហើយ​ក្នុង​ចំណោម​អ្នក​រង​របួស​ធ្ងន់២២​នាក់​មាន​២​នាក់​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ។ នេះ​បើ​តាម​លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ។ ចំណែក​ឯ​ខាង​បាតុករ​វិញ​បាន​រង​របួស​ចំនួន​១៤​នាក់​ដែរ។

ការ​ប៉ះ​ទង្គិច​គ្នា​ដ៏​ហិង្សា​នេះ កើត​ឡើង​ខណៈ​ពេល​ដែល​ក្រុម​បាតុករ​ដែល​ដឹក​នាំ​ដោយអ្នកតំណាង​រាស្ដ្រជាប់ឆ្នោត​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទាមទារ​នៅ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​ដើម្បីឱ្យ​រដ្ឋាភិបាល​បើក​ទីលានសម្រាប់​ការ​ធ្វើ​បាតុកម្ម​នេះ​ឡើង​វិញ។


ទីលាន​នេះ​ត្រូវ​បិទ​ចាប់តាំង​ពី​ខែមករា ​ឆ្នាំ​២០១៤​នេះ​មក​ម្ល៉េះ​ក្រោយ​ពីរដ្ឋាភិបាល​បាន​បោស​សម្អាត​ក្រុមអ្នកគាំទ្រ​គណបក្សប្រឆាំង​ដែល​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​ទីនេះ។

មាន​ការ​ឃ្លាំ​មើល​យ៉ាង​ប្រុង​ប្រយ័ត្ន​ពី​សំណាក់​កង​កម្លាំង​សន្តិសុខ​ប្រដាប់​ដោយ​ខែល ដំបង និង​កាំភ្លើង ជា​ច្រើន​រយ​នាក់ ហើយ​ការ​ប៉ះ​ទង្គិច​នេះ​បាន​បញ្ចប់​ដោយ​ការ​បាញ់​គ្រាប់​បែក​ផ្សែង​ជា​ច្រើន​គ្រាប់​ពី​កងកម្លាំង​សន្តិសុខ​នៅ​ទីនោះ។

បាតុករ​ម្នាក់​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​រៀបរាប់​ក្រោយ​ពី​ការ​ប៉ះ​ទង្គិច​នេះ​ថា​ពួក​ខ្លួន​វាយ​ទៅ​លើ​ក្រុម​កង​សន្តិសុខ​នេះ ដើម្បី​តប​ត​ទៅ​នឹង​អំពើ​ហិង្សា​ពី​សំណាក់​ក្រុម​កង​សន្តិសុខ​ប៉ុណ្ណោះ។

«ដំបូង​ខាង​សង្គ្រោះ​ជាតិ​យក​បដា​ទៅ​ដាក់​ជាមួយ​លោក រៀល ខេមរិន្ទ្រ ពួក​វា​ចាប់​ទាញ​ហើយ

លោក​ខេមរិន្ទ្រ​ដើរ​ទៅ​ខាង​នោះ ពួកវា​ដេញ​វាយ​ខាង​សង្គ្រោះ​ជាតិ​ហើយ​ឆក់​គេ​ទៀត ធ្វើ​ឱ្យ​សង្គ្រោះ​ជាតិ​មាន​កំហឹង​កើត​ឡើង​ក៏​រុញ​គ្នា ហើយ​ប៉ះ​គ្នា​នៅ​ទី​នេះ។ ខ្ញុំ​ឃើញ​ប៉ះ​ច្រើន​គ្នា ប៉ុន្តែ​ខ្ញុំ​ឃើញ​សន្តិសុខ​ដួល​ពីរ​នាក់ ប៉ុន្តែ​ខាង​ប្រជាពលរដ្ឋ​យើង​ក៏​មាន​ប៉ះ​ត្រូវ​ច្រើន​នាក់​ដែរ»។

ក្រោយ​ការប៉ះ​ទង្គិច​នេះ លោកស្រី មូរ សុខហួរ ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​គណបក្ស​ផ្សេង​ទៀត​បាន​ស្រែក​តាម​ឧគ្ឃោសនស័ព្ទ​អំពី​ការ​ទាមទារ​របស់​ខ្លួន​និង​អំពាវនាវ​ឱ្យ​អ្នក​គាំទ្រ​ខ្លួន​ជៀសវាង​ការ​ប្រើ​អំពើ​ហិង្សា មុន​រំសាយ​ការ​ជួបជុំ​របស់​ខ្លួន។

«ក្នុង​នាម​យើង​ជា​តំណាងរាស្ត្រ​ជាប់​ឆ្នោត យើង​បាន​បំពេញ​តួនាទី​របស់​យើង​ហើយ ជា​ថ្មី​ម្តង​ទៀត យើង​មក​នេះ​ដើម្បី​ឱ្យ​មាន​ការ​ដោះលែង​ទីលាន​ប្រជាធិបតេយ្យ​វិញ ហើយ​យើង​នឹង​បញ្ចូន​សារ​នេះ​ទៅ​កាន់​ក្រសួង​មហាផ្ទៃ»។

ក្រោយ​ពី​រំសាយ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បី​រូប​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ហ្នឹង​កន្លែង គឺ​លោកស្រី មូរ សុខហួរ លោក ម៉ែន សុថាវរិន្ទ្រ និង​លោក កែវ ភិរម្យ។ មន្ត្រី​បក្ស​ប្រឆាំង​ទាំងបីរូប ​ត្រូវ​បញ្ជូន​យក​ទៅ​សាក​សួរ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។ ​លោក​ហូរ វ៉ាន់​ តំណាង​រាស្ដ្រ​មួយរូប​ទៀត​ក៏​ត្រូវ​បាន​ឃាត់​ខ្លួន​ដែរ​នៅ​ពេល​រសៀល​នេះ ដោយ​អះអាង​ថា​បាន​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា​នេះ។

ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​តំណាងរាស្ត្រ​របស់​ខ្លួន ដោយ​ឥត​លក្ខខណ្ឌ។

ដោយ​ឡែក លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ថ្កោល​ទោស​ចំពោះ​អំពើ​ហិង្សា​នេះ និង​ទម្លាក់​ទំនួលខុស​ត្រូវ​លើ​គណបក្ស​សង្គ្រោះ​ជាតិ។

«សាលា​រាជធានី​ភ្នំពេញ​សូម​ធ្វើការ​ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ទង្វើ​ដែល​ប្រើ​អំពើ​ហិង្សា​យ៉ាង​ដំណំ​ពី​សំណាក់​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​វាយ​ប្រហារ​មក​លើ​កង​សណ្ដាប់ធ្នាប់​របស់​អាជ្ញាធរ​ខណ្ឌ​ដូនពេញ»។

លោក ឡុង ឌីម៉ង់ បញ្ជាក់​ថា​ករណី​រក​ឃើញ​មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​វត្តមាន​នៅ​ទី​នោះ​នឹងត្រូវ​ប្រឈម​មុខ​តាម​ផ្លូវ​ច្បាប់។

លោក អំ សំអាត ប្រធាន​ផ្នែក​ស៊ើបអង្កេត​អង្គការ​លីកាដូ យល់​ថា​អំពើ​ហិង្សា​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​គុំ​គួន​រវាង​បាតុករ​និង​កង​សន្ដិសុខ​ ប៉ុន្តែ​អះអាង​ថា​ការ​ឃាត់​ខ្លួន​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ការ​មិន​ត្រឹមត្រូវ​នោះ​ឡើយ។

«នេះ​ជាការ​បណ្ដុះ​ផ្នត់​គំនិត​ដែល​ចង​កំហឹង​កន្លង​មក អញ្ចឹង​ហើយ​គុំ​គ្នា។ ដល់​លើក​នេះ​ឱ្យ​តែ​មាន​ឱកាស​វាយ​ទៅ​វាយ​មក។ នេះ​ហើយ​ដែល​បង្កើត​វប្បធម៌​ហិង្សា។ ក្នុង​នាម​យើង​ជា​សង្គម​ស៊ីវិល

យើង​ចង់​ឱ្យ​ទាំង​សង​ខាង​ជម្រុះ​ចោល​នូវ​ការ​ប្រើប្រាស់​អំពើ​ហិង្សា វា​អត់​ចំណេញ​ទេ។ ខ្ញុំ​គិត​ថា​វា​អត់​ត្រូវ​ឃាត់​ខ្លួន​ពួកគាត់​ទេ។ ទី​មួយ​ពួក​គាត់​ជា​តំណាងរាស្ត្រ។ ទី​ពីរ​សិទ្ធិ​របស់​គាត់​ក្នុង​ការ​ទាមទារ​ទីលាន​ប្រជាធិបតេយ្យ​ឡើង​វិញ​ជា​សិទ្ធិ​ស្រប​ច្បាប់​របស់​គាត់។ ការ​ប៉ះ​ទង្គិច​នៅ​ថ្ងៃ​នេះ​យើង​ឃើញ​ថា​គ្មាន​នរណា​គ្រប់​គ្រង​នរណា​បាន​ទេ សូម្បី​តែ​សន្ដិសុខ​ក៏​មិន​អាច​គ្រប់គ្រង​សន្តិសុខ​ខ្លួន​ឯង​បាន​ដែរ»។

អង្គការ​សហប្រជាជាតិ ​សហគមន៍​អន្តរជាតិ​និង​សង្គម​ស៊ីវិល​ធ្លាប់​បាន​ទទូច​ជា​ច្រើន​លើក​ច្រើន​សារ​ឱ្យ​មាន​ការបើក​ទីលាន​ប្រជាធិបតេយ្យ​នេះ​ដូច​ធម្មតា​វិញ ប៉ុន្តែរដ្ឋាភិបាល​បានទាត់​ចោល​សំណើ​នេះ៕

XS
SM
MD
LG