ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​សិទ្ធិ​មនុស្ស​រិះគន់​ការ​ចាប់​ខ្លួន​​អ្នក​តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះជាតិ


អំពើ​ហិង្សា​រវាង​ប៉ូលិស​និង​បាតុករ​បាន​ធ្វើ​ឲ្យមាន​មនុស្ស​យ៉ាងតិច​៥០​នាក់​របួស​ ហើយ​មាន​ការ​ចាប់​ខ្លួន​តំណាងរាស្ត្រ​​ជាប់ឆ្នោត​គណបក្ស​ជំទាស់​៤​នាក់​ដែល​ ពុំ​ទាន់​មាន​អភ័យ​ឯក​សិទ្ធិ​សភា​ពេញ​លេញ​កាលពី​ថ្ងៃ​អង្គារ។

ក្រុមអ្នក​តស៊ូមតិ​បាន​រិះគន់​ចំណាត់​ការ​របស់​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ក្នុង​ការ​បង្រ្កាប​ដោយ​អំពើ​ហិង្សា​ និង​ចាប់ខ្លួនតំណាង​រាស្ត្រជាប់ឆ្នោតគណបក្ស​ជំទាស់​ ដោយ​សារ​តែ​ការ​ជួប​ប្រជុំ​និង​ការ​បញ្ចេញ​មតិ។

អំពើ​ហិង្សា​រវាង​ប៉ូលិស​និង​បាតុករ​បាន​ធ្វើ​ឲ្យមាន​មនុស្ស​យ៉ាងតិច​៥០​នាក់​របួស​ ហើយ​មាន​ការ​ចាប់​ខ្លួន​តំណាងរាស្ត្រជាប់ឆ្នោត​គណបក្ស​ជំទាស់​៤​នាក់​ដែល​ ពុំ​ទាន់​មាន​អភ័យ​ឯក​សិទ្ធិ​សភា​ពេញ​លេញ​កាលពី​ថ្ងៃ​អង្គារ។​ ក្រុម​បាតុករ​ ដែល​ត្រូវ​បង្ក្រាប​នោះ​ បាន​ធ្វើការ​ទាមទារ​ ដោយ​អហិង្សា​ដើម្បី​សុំឲ្យ​មាន​ការ​បើក​ ទីលាន​ប្រជាធិបតេយ្យ​ឡើង​វិញ​ក្នុង​គោល​បំណង​ដែល​ពួក​គេ​អាច​សម្តែង​មតិ​ របស់​គេ។​ ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​អះអាង​ថា​ ការ​បង្ក្រាប​ដោយ​អំពើ​ហិង្សា​ របស់​អាជ្ញាធរ​ក្រោយ​រយៈ​ពេល​ជាង​៦​ខែ​ម្តង​ទៀត​នេះ​ នឹង​ធ្វើ​ឲ្យ​កាន់តែ​ប៉ះទង្គិច​ដល់​មូលដ្ឋាន​គ្រិះ​នៃ​ប្រជាធិប​តេយ្យ​របស់​ប្រទេស​ កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ។​

លោក​ នី ចរិយា ​ប្រធាន​ក្រុមអ្នក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ បាន​ សង្កេត​ឃើញ​ថា ​បញ្ហា​កើត​ឡើង​គឺ​ដោយសារ​តែ​រដ្ឋាភិបាល​មិន​បាន​ដោះស្រាយ​ មិន​បាន​ស៊ើបអង្កេត​ ហើយ​បិទ​ទីលាន​ប្រជាធិបតេយ្យ​ មិន​ឲ្យ​ប្រើប្រាស់​ទៀត។​ ទាំង​នេះ​ហើយ​ដែល​លោក​ថា​ ជា​រឿង​បង្ក​ទៅ​ជា​អំពើ​ហិង្សា ឈាន​ដល់​ការ​ឃាត់​ខ្លួនតំណាង​រាស្ត្រជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​៤នាក់​ ដែល​លោក​ចាត់​ទុក​ថា ​ជា​រឿង​រំលោភ​លើច្បាប់​ និង​ដំណើរ​ការ​ប្រជាធិបតេយ្យ​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន។​

«យើង​មិន​អាច​ទទួល​យក​បាន​ទេ​កម្រិតនៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។​ ជាពិសេស​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​នេះ​ជា​មូលដ្ឋាន​គ្រិះ​នៃការ​កសាង​លទ្ធិ​ប្រជាធិបតេយ្យ​ ហើយ​បើ​មូលដ្ឋាន​គ្រិះ​នៃ​ការ​កសាង​ប្រជាធិតេយ្យ​ត្រូវ​បាន​រំលោភ​ធ្ងន់ធ្ងរ​យ៉ាង​នេះ​ នឹង​ឈាន​ទៅ​រក​ការ​ដឹកនាំ​ប្រទេស​មួយ​ដែល​មិន​ដើរ​តាម​គន្លង​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ទេ»។​

លោក​បន្ថែម​ថា ​ម្ចាស់​ជំនួយ​ត្រូវ​ពិចារណា​ជំនួយ​ចំពោះ​កម្ពុជា​ដោយសារ​រឿង​អំពើ​ហិង្សា​ជាថ្មី​ដូច្នេះ។​

«ក៏​ប៉ុន្តែ​ ខ្ញុំសុំ​រំឭក​ដែរ​ទៅ​ដល់​ប្រទេស​អ្នកផ្តល់​ជំនួយ​ថា​ គួរ​តែ​ពិចារណា​នូវ​ លក្ខខណ្ឌ​នៃ​ការ​ផ្សារ​ភ្ជាប់​ទៅនឹង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ ឬ​យើង​អាច​ និយាយជា​រួម​ថា​ ផ្តោត​ទៅ​លើការ​យក​ចិត្ត​ទុកដាក់​ជំនួយ​របស់​ខ្លួន​គឺ​ថា ​ឲ្យ​រដ្ឋា ភិបាល​កម្ពុជា​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​ឲ្យ​បាន​ប្រសើរ​ជាង​នេះ»។​

គេ​បាន​ដឹង​ថា​ នេះ​ជា​អំពើ​ហិង្សា​លើក​ទី២​ហើយ​ចាប់​តាំងពី​មាន​ការ​បង្ក្រាប​ដោយ​ពួក​យោធា​ធ្វើ​ ឲ្យ​មនុស្ស​យ៉ាងតិច​៥​នាក់​ស្លាប់​ និង​របួស​ជា​ច្រើន​ក្នុង​បាតុកម្ម​កាល​ពី​ដើម​ខែ​មករា​ ដែល​ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ចុះចេញ​ពី​ អំណាច​ សើររើ​ការ​បោះ​ឆ្នោត​ដែល​គេ​ចាត់​ទុក​ថា ​មាន​ការ​គៃ​បន្លំ ​ហើយនឹង​ទាមទារ​ប្រាក់​ឈ្នួល​អប្បរមា​របស់​កម្មករ​រោងចក្រពី​៨០​ទៅ​ដល់​១៦០​ដុល្លារ​ស.រ.អា.។ ​ការ​បង្រ្កាប​ពេល​នោះ​ត្រូវ​បាន​រិះគន់​យ៉ាង​ខ្លាំង​ពីអន្តរជាតិ។​ ទីតាំង​សួន​ប្រជាធិប​តេយ្យ​នេះ​បាន​បិទចាប់តាំង​ពីថ្ងៃ​៤​មករា​មក​ មិនឲ្យ​ក្រុម​ជំទាស់​ប្រើប្រាស់​ដើម្បី​អ្វីមួយ​ ដែល​គេ​គិត​ថា​ ក្នុង​គោល​ដៅ​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​ពេល​ដែល​គណបក្ស​ទាំង​ពីរ​កំពុង​ចរចា​គ្នា ​ដោះស្រាយ​ការ​ជាប់​គាំង​នយោបាយ។​ ក្រុម​អាជ្ញាធរ​សន្តិសុខ​ខណ្ឌ ​ដែល​ប្រដាប់​ដោយ​ដំបង​ឈើ​ ​បាន​បំបែក​ហ្វូងបាតុករ​ នៅ​ពេល​ពួកគេ​ព្យាយាម​ចង​បដារ​និង​សុំ​បើក​ទីលាន​ប្រជាធិបតេយ្យ​ឡើងវិញ​ មុន​នឹង​ក្រុម​អាជ្ញាធរ​ប៉ូលិស​បាញ់​គ្រាប់បែក​ផ្សែង​ បំបែក​ ពេល​ដែល​ការ​ប្រឈមមុខ​ឈាន​ដល់​អំពើ​ហិង្សា។​

លោក​គុជ ចាន់លី ​អ្នកវិភាគ​ឯករាជ្យ​ម្នាក់​ក្នុង​រដ្ឋម៉ារីឡែន ​ស.រ.អា.ដែល​ឃ្លាំមើល​ ស្ថាន​ការណ៍​កម្ពុជា​ បាន​អះអាង​ថា ​ក្នុង​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​ គេ​ អនុញ្ញាតឲ្យ​ពលរដ្ឋ​បញ្ចេញ​មតិ​ដោយ​សេរី​ វាខុស​ពីប្រទេស​ប្រកាន់​របប​ផ្តាច់​ ការ​ដែល​គេយល់​ច្រឡំ​ថា ​រដ្ឋាភិបាល​និង​គណបក្ស​ជា​ម្ចាស់​អំណាច​ អាច​រិតត្បិត​ ជិះ​ជាន់​ប្រជា​ពលរដ្ឋ​តាម​អំពើ​ចិត្ត។​

«នេះ​កើត​ឡើង​តែនៅ​ក្នុង​លទ្ធិ​កំម្មុយនីស្តនិយម​ទេ។​ តែជាការ​គួរឲ្យ​សោក​ស្តាយ​ ដែល​យើង​បាន​ឃើញ​ដំណឹង​ថ្មីៗ​នេះ​ថា ​នៅ​ក្នុង​ប្រទេស​ខ្មែរ​យើង​ វា​មាន​ការ​ចាប់ ចង​អ្នក​ដែល​ចង់​បញ្ចេញ​យោបល់​ បញ្ចេញ​មតិ​ ឬ​ក៏​អ្នក​សុំទាមទារ​ឲ្យ​មាន​ការ​ បើក​សួន​សាធារណៈ​ សួន​ប្រជាធិបតេយ្យ​ហ្នឹង​ឡើង​វិញ​ ក៏​ត្រូវគេ​ចាប់ខ្លួន​អី អញ្ចឹងគឺ​ថា ​វា​មាន​ភាព​ផ្ទុយ​នឹង​កិច្ចព្រម​ព្រៀង​សិទ្ធិ​មនុស្ស​ក្នុង​សកល​លោក​ ដែល​ចែង​ថា ​មនុស្ស​ម្នាក់ៗ​តែងតែ​មាន​សិទ្ធិ​បញ្ចេញ​មតិ ​បញ្ចេញ​យោបល់​រៀងៗ​ខ្លួន​នោះ​បាទ»។​

ក្រុម​អ្នក​រង​របួស​ ទាំង​កង​សន្តិសុខ ​និង​បាតុករកំពុង​សម្រាកក្នុង​មន្ទីរពេទ្យ​ និង​នៅ​ផ្ទះ​ពេល​នេះ។ ​តែ​ព្រឹក​នេះ​តំណាងរាស្ត្រជាប់ឆ្នោតគណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​ចាប់​ឃុំ​ខ្លួន​ទាំង​នោះ​គឺរួម​ទាំង​លោក​ស្រី ​មូរ សុខ​ហ៊ួរ​ផង​ដែរ ​ត្រូវ​គេ​ដឹង​ថា ​នឹង​ត្រូវ​គេ​បញ្ជូន​ទៅកាន់​តុលាការ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ពុធ​នេះ​ដើម្បី​សាកសួរ​ហើយ​ឈាន​ទៅ​ដល់ការ​ចោទ​ប្រកាន់​ ស៊ើប​អង្កេត​ឬ​ដោះ​លែង។​

លោក​មេធាវី​សុក សំអឿន​ អ្នក​សម្រម​សម្រួល​នៃ​អង្គការ​ប្រព្រឹត្តិកម្ម​ ដែល​មាន​ អង្គការ​សិទ្ធិ​មនុស្ស​ចំនួន​២០​រួមគ្នា​តែមួយ​នោះ​ បាន​អះអាង​ថា​ សេរីភាព​នៃ​ការ​ បញ្ចេញ​មតិ​ និង​សិទ្ធិ​ជួប​ប្រជុំ​កាន់តែ​មាន​ការ​រិតត្បិត​កាន់តែ​ខ្លាំងឡើង​ តែលោក ពន្យល់​ពីនិតិវិធី​នៃការ​ចាប់ខ្លួន​ថា៖

«និយាយ​រួមទៅ​យើងមិន​ដឹងថា​មានហេតុ​ការណ៍​អីកើត​ឡើងទេ​ តែ​និយាយ រួមទៅ​បើប៉ូលិស​អាចចាប់​បាន​ទាល់តែ​បទល្មើស​ជាក់ស្តែង​ ជាការ​ប្រសើរ​គួរតែ បទឧក្រិដ្ឋ​ ព្រោះបើ​មិនអញ្ចឹង​មានន័យថា​អត់គោរព​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្ត្រ ទី១ឬ​ក៏មាន​ន័យថា​ អត់ចាត់​ទុកថា​ជា​តំណាង​រាស្ត្រ»។

ក៏ប៉ុន្តែ ​លោក ​ផៃ ស៊ី ផាន​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​មួយរូប​និង​ជារដ្ឋលេខា ធិការ ​នៃទីស្តីការ​គណៈ​រដ្ឋមន្ត្រី​បាន​អះអាង​ថា​អាជ្ញាធរ​បានចាប់ខ្លួន​ក្រុមអ្នក ប្រព្រឹត្ត​ល្មើសច្បាប់​ និងបុគ្គល​ដែលមិនសហការ​ជាមួយ​អាជ្ញាធរ ​ដើម្បី​បញ្ជៀស​ អំពើ​ហិង្សា​មិនមែន​ចាប់​តំណាង​រាស្ត្រទេ។

«នេះជាការ​បញ្ជៀស​មួយ។​ បេក្ខជន​ទើប​ជាប់ឆ្នោត​ មិនទាន់​មាន​សុពលភាព​ ជា​តំណាងរាស្ត្រ​ទេនោះ ​គាត់តែង​តែបង្កើត​នៅសកម្មភាព​ បង្កើត​ឲ្យមាន​ភាព​វឹកវរ​ក្នុងសង្គម។​ អ្វីដែល​គាត់ធ្វើ​ហ្នឹង​គឺជាការ​តតាំង​មួយ​ទោះជា​អាជ្ញាធរ​ដែនដី​សុំ សហការ ​អាជ្ញាធរ​ដែនដី​ហាមមិន​ឲ្យធ្វើ​ គាត់​នៅតែ​ធ្វើ»។

លោក​ ផៃ ស៊ីផាន​បានបន្ថែម​ថា​ការចង់​ទាមទារ​ឲ្យមាន​ការចាប់​អារម្មណ៍​ផ្នែក នយោបាយ​តាម​រយៈ​បាតុកម្ម ​ជាជាង​ការចរចា​គ្នានេះ​ជារឿង​មិនគួរ​ឲ្យកើត​មាន និង​ជារឿង​គួរឲ្យ​សោក​ស្តាយ។

លោក ​បណ្ឌិត ​សុខ ទូច​ អ្នកវិភាគ​មួយរូប​និងជា​សាកល​វិទ្យាធិការ​សាកល វិទ្យាល័យ​ ខេមរៈ​បានស្តី​បន្ទោស​អ្នក​នយោបាយ​ទាំងពីរ​គណបក្ស​ដែលចង់​ចាញ់ចង់​ឈ្នះគ្នា ​ទៅលើ​ការ​បើកនិង​បិទទីលាន​ប្រជាធិបតេយ្យ ​ដោយការ​មិនព្រម​ចរចា​គ្នា។

«យើងដឹងថា​ទីលាន​ប្រជាធិតេយ្យ​ប៉ុណ្ណឹង​មិនអាច​ប្រើប្រាស់​កម្លាំង​ទៅធ្វើ​បដិវត្តន៍ បានទេ​ អត់អាច​ធ្វើបានទេ​ អញ្ចឹងបើក​ទៅ។​ ឯម្ខាង​ទៀត​ចង់ឈ្នះ​ និងម្ខាង​ទៀត ចង់បង្ហាញ​ថាខ្លួន​មិនឲ្យ។​ អញ្ចឹង​រឿងនេះ​វាផ្ទុយពី​លទ្ធិប្រជាធិប​តេយ្យនិងអ្វីដែល ជាកន្លែង​ប្រជាជន​ផ្តល់​យោបល់​និង​បញ្ចេញ​គំនិត​តាម​រដ្ឋធម្មនុញ្ញ​។ទីនោះ​ប្រជាជន​មានសិទ្ធិ​ធ្វើបាតុកម្ម​អហិង្សា»។

លោក ​សុខ ទូច​បានអះអាង​ថា​ កង​សន្តិសុខ​គ្មាន​វិជ្ជាជីវៈ​ក្នុងការ​គ្រប់គ្រង​ស្ថាន ការណ៍ទេ​ ហើយបាន​ប្រើអំពើ​ហិង្សា​ដែលធ្វើឲ្យ​បាតុករ​តបតរ​វិញ​ដែលរឿង​នេះ លោកចាត់​ទុកថា​ជាការ​បង្ហាញ​ពិភពលោក​ឲ្យឃើញ​ពីការបិទកន្លែង​ប្រជាធិប តេយ្យ។​ លោកបាន​សង្កត់ធ្ងន់​ថា​ការចាប់​ឃាត់ខ្លួន​ បេក្ខេជន​ជាប់ឆ្នោត​តំណាង​រាស្ត្រនេះ​ជាការ​ធ្វើ​ឲ្យមាន​ភាពតាន​តឹងផ្នែក​នយោបាយ​ នៅពេល​គណបក្ស​ទាំងពីរ​ត្រូវគេដឹងថា​មិនទាន់​បានរក​ដំណោះ​ស្រាយ​នយោបាយ​នៅឡើយ​មិនទាន់​ធ្វើឲ្យ​គណបក្ស​ជំទាស់​បញ្ឈប់​ពហិកា​របស់ខ្លួន​ ហើយ​ចូលរួម​ប្រជុំ​សភា​ដើម្បី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​អាចក្លាយ​ជា​រដ្ឋាភិបាល​នៃគណបក្ស​ប្រជាជន​កម្ពុជា ស្រប​ច្បាប់​ពេញ​លេញ ​ទទួល​ស្គាល់​ទាំងជាតិ​ និង​អន្តរជាតិ ​ហើយនឹង​ទទួលបាន​ជំនួយ​និងការ​គាំទ្រជា​ប្រក្រតី​ឡើងវិញ​នោះ។

«នេះ​ធ្វើឲ្យ​មានភាព​តានតឹង​ខាង​នយោបាយ។​ បើសិនជា​អ្នកនយោបាយ​ មិន មាន​ដំណោះ​ស្រាយ​ណាមួយ​ឲ្យបាន​ត្រឹមត្រូវទេ​ គណបក្ស​ប្រឆាំងនឹង​បង្កើត ក្រុមអ្នក​ទៅទាម​ទារ​យក​តំណាងរាស្ត្រ​មកវិញ​ ពេលហ្នុង​បង្ហូរឈាម​កាន់តែ ខ្លាំង។ ​យើងឃើញ​ទិដ្ឋភាព​ហើយទោះបី​ជាខាង​កងសន្តិសុខ​មានដំបង ​មាន កាំភ្លើង​ក៏ដោយ​ក្រុមបាតុករ​ក៏អត់ខ្លាច​ដែរ។​ការដែល​អត់ខ្លាចនេះ​ហើយធ្វើ​ឲ្យ មានការ​បង្ហូរឈាម។​ ហើយអ្នក​នយោបាយ​ អត់បាន​មើល​បទពិសោធន៍​នៃ ដំណោះ​ស្រាយ​តាមបែប​បង្ហូរឈាម​គ្នា​គ្រប់​សម័យ»។

ក្រុមសង្គម​ស៊ីវិលនិង​អ្នកវិភាគ​ក្នុងប្រទេស​កម្ពុជា​បាន​អះអាង​បន្ថែម​ថា​ នៅ​ឆ្នាំ​នេះ​ សេរីភាព​នៃកិច្ច​ជួបប្រជុំ ​និង​សេរីភាព​បញ្ចេញមតិ​ត្រូវបាន​រិតត្បិត​ខ្លាំង​ជាង​ឆ្នាំ​កន្លងៗ​ទៅ។​ ការ​រិតត្បិត​ ដែល​ក្រុម​ប្រទេស​ម្ចាស់​ជំនួយ​គួរ​យក​ចិត្តទុក​ដាក់​ជាង​ពេល​ណាៗ​ទាំងអស់​នេះ ​ត្រូវ​ក្រុម​អ្នក​តស៊ូ​មតិ​ចាត់​ទុក​ថា ​គឺ​កើត​ឡើង​មិន​គ្រាន់​តែ​នៅតាម​ទី​សារធារណៈ​ទេ​ គឺថែមទាំង​នៅតាម​ហាង ​សណ្ឋាគារ​ ភោជនីយ​ដ្ឋាន​ដែរ។​

ពួក​គេ​អះអាង​ដូច្នេះ​ដោយ​យោង​ថា​ ម្ចាស់​ហាង​ឬ​កន្លែង​ទាំងនោះ​ មិន​ជួល​ឬ​ បដិសេធ ​មិន​ជួល​កន្លែង ​ឬ​បន្ទប់​ប្រជុំ​ធ្វើ​ជា​កន្លែង​ប្រជុំ​ សិក្ខា​សាលា​ឡើយ​ ដោយសារ​ម្ចាស់​សណ្ឋាគារ ​ភោជនីយដ្ឋាន​ មិន​ចង់​ទទួល​សម្ពាធ​ពី​អាជ្ញាធរ ​ដែល​ក្រុម​អ្នក​តស៊ូមតិ​ចាត់​ទុក​ថា ​ជា​ឧបសគ្គ​និង​ការ​ធ្វើឲ្យ​កាន់​ចុះ​ខ្សោយ​ដល់​ការ​អនុវត្តសិទ្ធិ​មនុស្ស ​និង​ដំណើរការ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស៕​

XS
SM
MD
LG