ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រីគណបក្ស​សង្គ្រោះជាតិ​ធ្វើសច្ចា​ប្រណិធាន​ក្លាយជា​សមាជិក​សភា


សមាជិក​សភា​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះជាតិ​ចំនួន​៥៥​រូប​ទៅ​ធ្វើ​ពិធី​សច្ចាប្រណិធាន​ស្បថ​ចូល​កាន់​មុខ​តំណែង​ជា​សមាជិក​សភា​តំណាង​រាស្ត្រ​ពេញ​សិទ្ធិ​​ក្រោម​ព្រះ​រាជា​ធិបតេយ្យ​ភាព​ពី​ព្រះ​មហា​ក្សត្រ​ នៅ​ព្រះ​បរម​រាជ​វាំង។​​
សមាជិក​សភា​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះជាតិ​ចំនួន​៥៥​រូប​ទៅ​ធ្វើ​ពិធី​សច្ចាប្រណិធាន​ស្បថ​ចូល​កាន់​មុខ​តំណែង​ជា​សមាជិក​សភា​តំណាង​រាស្ត្រ​ពេញ​សិទ្ធិ​​ក្រោម​ព្រះ​រាជា​ធិបតេយ្យ​ភាព​ពី​ព្រះ​មហា​ក្សត្រ​ នៅ​ព្រះ​បរម​រាជ​វាំង។​​

បន្ទាប់​ពីបាន​ឈរ​ថត​រូប​អនុស្សាវរីយ៍នៅ​វិមាន​រដ្ឋ​សភាជាតិ​ លោកសម រង្ស៊ី​ និង​លោក ​កឹម សុខា​ បាន​ដឹក​នាំ​សមាជិក​សភា​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះជាតិ​ចំនួន​៥៥​រូប​ទៅ​ធ្វើ​ពិធី​សច្ចាប្រណិធាន​ស្បថ​ចូល​កាន់​មុខ​តំណែង​ជា​សមាជិក​សភា​តំណាង​រាស្ត្រ​ពេញ​សិទ្ធិក្រោម​ព្រះ​រាជា​ធិបតេយ្យ​ភាព​ពី​ព្រះ​មហា​ក្សត្រ​ នៅ​ព្រះ​បរម​រាជ​វាំង។

សមាជិក​សភា​ជាប់​ឆ្នោត​ទាំង​៥៥​ ក្នុង​សម្លៀក​បំពាក់​បង​ក្បិន​ និង​អាវ​ស​កតាំង​ មាន​ទឹក​មុខ​ញញឹម​ញញែម​ ក្នុង​ខណៈ​ពេល​ដែល​អ្នក​តំណាង​រាស្ត្រ​ទាំង​នោះ​បាន​ជួប​ជុំ​គ្នា​នៅ​វិមាន​រដ្ឋសភា​ដើម្បី​រង់​ចាំ​ក្បួន​ម៉ូតូ​ស​នាំ​មុខ​ឆ្ពោះ​ទៅ​កាន់​ព្រះ​បរម​រាជ​វាំង។

មុន​ពេល​ចេញ​ពី​មន្ទីរ​រដ្ឋសភា​ ​មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឈរ​ថត​រូប​អនុស្សាវរីយ៍ជាមួយ​សមាជិក​សភា​ដោយ​លើក​ដៃ​លេខ​៧​ជា​សញ្ញា​តំណាង​ឲ្យលេខ​រៀង​ទី​៧​របស់​គណបក្ស​សង្គ្រោះជាតិ។​

ការ​ស្បថ​ចូល​កាន់​មុខ​តំណែង​របស់​សមាជិក​សភា​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៥៥​រូប​នេះ​បាន​បិទ​បញ្ចប់​ការ​ធ្វើ​ពិហិការ​ចំនួន​ជាង​១០​ខែ​ ​បន្ទាប់​ពី​គណបក្ស​នេះ​បាន​ប្រកាស​ស្វែង​រក​យុត្តិ​ធម៌​សម្រាប់​ម្ចាស់ឆ្នោត​នៅ​ខាង​ក្រៅ​រដ្ឋ​សភា។​

លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ច្រើន​ទេ​ នៅ​ពេល​ដែល​ក្រុម​អ្នក​កាសែត​បាន​ចោម​រោម​សួរ​លោក​ពេល​ចេញ​ពី​ព្រះ​បរម​រាជ​វាំង។​

លោក​សម រង្ស៊ី​មាន​ប្រសាសន៍​ថា​យើង​បាន​បំពេញ​កាតព្វកិច្ច​របស់​យើង​រួច​ហើយ។

លោក​បាន​និយាយ​ថា៖«​ ពិធី​សច្ចា​ប្រណិធាន​បាន​ចប់​សព្វ​គ្រប់​ហើយ​ក្រោម​ព្រះ​រាជ​អធិបតេយ្យ​ភាព​ដ៏​ខ្ពង់​ខ្ពស់​នៃព្រះ​មហាក្សត្រ។​យើង​បាន​បំពេញ​កាតព្វ​កិច្ច​របស់​យើង»។​

ចំណែក​លោក​កឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​វិញ​ មាន​ប្រសាសន៍​ថា​ បើ​ទោះ​បី​ជាយើងធ្វើ​ពិធី​សច្ចា​ប្រណិធាន​រួច​ហើយ​ក៏​ដោយ​ ក៏​យើង​នៅ​តែ​តស៊ូ​ដោយ​អហិង្សា​តទៅ​ទៀត​ដើម្បី​យុត្តិធម៌។​

លោក​បាន​និយាយ​ថា៖​«យើង​បាន​បំពេញ​អ្វី​ដែល​យើង​បាន​សន្យា ​ហើយ​យើង​មាន​អភ័យ​ឯក​សិទ្ធិពេញ​លេញ។​ ថ្ងៃ​នេះ​យើង​អាច​ធ្វើ​ការ​តស៊ូ​ដោយ​អហិង្សា​ត​ទៅ​ទៀត​ដោយ​អត់​មាន​ប្រព័ន្ធតុលាការ​ណា​យក​មក​គំរាម​យើង​ដើម្បី​ឲ្យយើង​មាន​ការភ័យ​ខ្លាច​ទៀត​ទេ»។​

ពិធី​ស្បថ​ចូល​កាន់​មុខ​តំណែង​នៃ​សមាជិក​សភា​ជាប់​ឆ្នោត​ទាំង​៥៥​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​កើត​មាន​ឡើង​បន្ទាប់ពី​សមាជិក​សភា​ជាប់​ឆ្នោត​ទាំង​៨​រូប​និង​សកម្មជន​មួយ​រូប​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ចាប់​ដាក់​ពន្ធនាគារ​អស់​រយៈពេល​មួយ​សប្តាហ៍​ ក្រោយ​ពីមាន​អំពើ​ហិង្សា​មួយ​នៅ​សួន​ប្រជា​ធិបតេយ្យ​កាល​ពី​ថ្ងៃទី​១៥​ខែ​កក្កដា។​

ឥឡូវ​នេះ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៣​នាក់​ផ្សេង​ទៀត​កំពុង​ជាប់ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ​នៅ​ឡើយ។

លោក​សុន ឆ័យ​ ​ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ សង្ឃឹម​ថា ​នឹង​មាន​ការ​សម្រប​សម្រួល​ផ្នែក​នយោបាយ​ ហើយ​សកម្មជន​ទាំង​៣​នាក់​នឹង​ត្រូវ​បាន​ដោះ​លែង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។​

លោក​និយាយ​ថា៖​ «ខ្ញុំ​ជឿ​ជាក់​ថា​ វា​ជារឿង​នយោបាយ។​ ​ករណី​នយោបាយ​មិន​អាច​បន្ត​ទៅ​ទៀត​ទេ​ នៅ​ក្នុង​ករណី​ដែល​អ្នក​តំណាង​រាស្ត្រ​យើង​បាន​ចូល​ស្បថ។ចំណែក​សកម្មជន​៣​នាក់នឹង​អាច​មាន​ដំណោះ​ស្រាយ​នៅ​ពេល​ក្រោយ​ នៅ​ពេល​ឆាប់​ខាង​មុខ​នេះ»។​

លោក​សុន ឆ័យ​មាន​ប្រសាសន៍​ថា​ នៅ​ពេល​ធ្វើ​ពិធីស្បថ​ចូល​កាន់​មុខ​តំណែង​រួច​ហើយ​ គណបក្ស​សង្គ្រោះជាតិ​នឹង​ចូល​ប្រជុំ​សភា​នៅ​ថ្ងៃ​ទី​៨​ខាង​មុខ។

ព្រះ​អង្គម្ចាស់នរោត្តម​រណឫទ្ធិ ប្រធាន​គណបក្ស​សង្គម​រាស្ត្រ​ រាជា​ធិបតេយ្យ​ បាន​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ពី​ប្រទេស​បារាំងថា ​គណបក្ស​សង្គ្រោះជាតិ​បាន​ជួប​ប្រទះ​នូវ​ភាព​ទាល់​ច្រក​ផ្នែក​នយោ​បាយ​បាន​ជា​សម្រេច​ចិត្ត​ចូល​ស្បថ​ចូល​កាន់​មុខ​តំណែង។

ព្រះ​អង្គម្ចាស់​ ដែល​ធ្លាប់​ជា​ប្រធាន​រដ្ឋសភា​ បាន​មាន​បន្ទូល​ថា​ តាម​បទ​ពិសោធន៍​កន្លង​មក​ ព្រះ​អង្គ​មាន​ជំនឿ​ថា ​គណបក្ស​សង្គ្រោះជាតិ​គ្មាន​អំណាច​នឹង​តតាំង​ក្នុង​រដ្ឋសភា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ចម្បងៗ​របស់​ប្រទេស​ជាតិ​បាន​ទេ។​

ព្រះ​អង្គមាន​បន្ទូល​ថា៖​ «ខ្ញុំ​មិន​សង្ឃឹម​ថា ​គណបក្ស​សង្គ្រោះជាតិ​មាន​លទ្ធភាព​នឹង​កែ​ទម្រង់ កែ​លម្អ​សភា​ជាតិ​នោះ​ទេ ពីព្រោះ​បទ​បញ្ជា​ផ្ទៃ​ក្នុងមាន​ហើយ​ ហើយ​ការ​បោះ​ឆ្នោត​ត្រូវ​ការ​ប៉ុន្មាន ​ពាក់​កណ្តាល​បូក​មួយ»។​

លោក​ឈាង វុន ​សមាជិក​សភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ប្រសាសន៍​ដោយ​អបអរសារទរ​នៅ​ពេល​ ដែលឃើញគណបក្ស​សង្គ្រោះជាតិ​ឈាន​ដល់​ចំណុចធ្វើ​ពិធី​សច្ចាប្រណិធាន​ស្បថ​ចូល​កាន់​មុខ​តំណែង។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ខ្ញុំ​អរ​ណាស់។ ​ ខ្ញុំ​អរ​មែន​ទែន។​ ជាថ្មី​ម្តង​ទៀត​ជោគ​ជ័យ​នេះ​ជាជោគ​ជ័យ​របស់​ប្រជា​ពលរដ្ឋ​ ជោគ​ជ័យ​របស់​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ ហើយ​យើង​ទាំង​អស់​គ្នា​ត្រូវ​អប​អរ​សារទរ»។

លោក​ឈាង វុន​បាន​បញ្ជាក់​ថា​ ចំណែក​ឯ​សកម្ម​ជន​បី​នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ចុង​ក្រោយ​ពាក់ព័ន្ធនឹង​អំពើ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​នោះទុក​ឲ្យ​តុលាការ​សម្រច​ ថា​តើ​មាន​ទោស ​ឬ​ក៏​គ្មាន​ទោស៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG