វីអូអេផ្នែកផ្សាយជាភាសាភូមាបានរាយការណ៍ថា លោកអគ្គលេខាធិការអ.ស.ប. បានគីមូន បានអំពាវនាវដល់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ឱ្យបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការជួយសង្គ្រោះក្រុមមនុស្សដែលជាប់គាំងនៅលើទូកក្នុងសមុទ្រ Andaman។
លោកបានមានប្រសាសន៍នៅក្នុងព្រឹត្តិការណ៍មួយរបស់អ.ស.ប.នៅក្នុងក្រុង Incheon ថា«ជាការឆ្លើយតបនឹងស្ថានការណ៍នៅក្នុងសមុទ្រ Andaman និងច្រកសមុទ្រ Malacca ខ្ញុំនិងក្រុមមន្ត្រីអ.ស.ប.ឯទៀតៗបាននិយាយតាមទូរស័ព្ទកាលពីពីរបីថ្ងៃមុននេះជាមួយមេដឹកនាំក្នុងតំបន់នេះដើម្បីគូសបញ្ជាក់អំពីកាតព្វកិច្ចរបស់ពួកគេក្នុងការការពារជីវិតមនុស្សនិងធ្វើតាមច្បាប់អន្តរជាតិ»។
លោកបន្តថា៖«ខ្ញុំលើកទឹកចិត្តពួកគេឱ្យចូលរួមក្នុងការប្រជុំក្នុងតំបន់ដែលនឹងប្រព្រឹត្តទៅនៅក្នុងក្រុងបាងកកនៅថ្ងៃទី២៩ខែឧសភាអំពីស្ថានភាពទេសន្តរប្រវេសន៍។ ខ្ញុំសង្ឃឹមថាការប្រជុំនេះនឹងនាំឱ្យមានលទ្ធផលទូលំទូលាយនៅក្នុងកម្រិតតំបន់និងកម្រិតអន្តរជាតិផ្អែកទៅលើចិត្តមេត្តាករុណា។ អ.ស.ប.នឹងបន្តកិច្ចប្រតិបត្តិការជួយសង្គ្រោះខាងមនុស្សធម៌តទៅទៀត»៕