អាជ្ញាធរ​បំបែក​ក្រុម​បាតុករ​នៅ​មុខ​ស្ថានទូត​ចិន ខណៈ​សមាជិក​បក្ស​ប្រឆាំង​២​នាក់​ត្រូវ​ឃាត់​ខ្លួន​នៅ​ខេត្ត​ត្បូងឃ្មុំ

ស្ត្រីម្នាក់ ត្រូវបានប៉ូលិសចាប់ខ្លួន ក្រោយពី​កម្លាំង​សន្តិសុខ​បំបែក​ក្រុមអ្នកតវ៉ា​តូច​មួយ​នៅជិត​ស្ថានទូតចិន ដែល​តវ៉ា​ប្រឆាំងនឹង​ផែនការ​ដែល​ត្រូវបាន​ចោទ​ថា ជំរុញ​ឲ្យ​មាន​វត្តមាន​យោធា​របស់​ក្រុងប៉េកាំង​នៅក្នុង​ប្រទេស​នេះ ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា នៅ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។

អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​២​នាក់​នៅ​ខេត្ត​ត្បូង​ឃ្មុំ ត្រូវ​បាន​ឃាត់​ខ្លួន​ហើយ​ម្នាក់​ត្រូវ​បាន​ដោះ​លែង​វិញ​ក្នុង​ការរារាំង​ពួកគេ​មក​ភ្នំពេញ មិន​ឲ្យ​ចូលរួម​ក្នុង​ទិវា​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣​តុលា។

កម្លាំង​សន្តិសុខ​ចម្រុះ​រាប់​សិប​នាក់​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ក៏​បាន​បំបែក​ការ​តវ៉ា​របស់​ប្រជា​ពលរដ្ឋ​ដែល​ភាគ​ច្រើន​ជា​ស្ត្រី​នៅ​ខាង​មុខ​ស្ថាន​ទូត​ចិន​ក្នុង​ទីក្រុង​ភ្នំពេញ។

សកម្មជន​បក្ស​ប្រឆាំងទាំង​ពីរ​នាក់ ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន មាន​ឈ្មោះ វ៉ាន់ សុផាត ជា​អតីត​ប្រធាន​ប្រតិបត្តិ​ស្រុក​ក្រូច​ឆ្មារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ និង​លោក ស៊ូ យាន ជា​អនុ​ប្រធាន​ប្រតិបត្តិ​ខេត្ត​ត្បូង​ឃ្មុំ។

ក្រោយ​ឃាត់​ខ្លួន​ប្រមាណ​៦​ម៉ោង លោក វ៉ាន់ សុផាត ត្រូវ​បាន​ដោះ​លែង ក្រោយ​សមត្ថកិច្ច​សាកសួរ​ពាក់ព័ន្ធ​នឹង​គម្រោង​របស់​លោក​ឡើង​មក​ភ្នំពេញ​ដើម្បី​ចូលរួម​ការ​រំឭក​ទិវា​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

លោក វ៉ាន់ សុផាត បាន​ថ្លែង​ប្រាប់​ VOA​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា លោក​ត្រូវ​បាន​ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ក្រោយ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ម៉ោង​ជាង​១២​ថ្ងៃ​ត្រង់។ លោក​បន្ត​ថា​ នគរ​បាល​ បាន​សួរ​នាំ​លោក​ទាក់ទង​នឹង​គម្រោង​មក​ភ្នំពេញ ដើម្បី​សម្តែង​មតិ​អបអរ​ទិវា​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស។

បាតុករប្រមាណ ៣០នាក់ បានប្រមូលផ្តុំគ្នានៅមុខស្ថានទូតចិនតាមការរៀបចំដោយគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការំលាយ ក្នុងខួបទី២៩ឆ្នាំនៃការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីតវ៉ាប្រឆាំងនឹងឥទ្ធិពលចិននៅកម្ពុជា នៅរាជធានីភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។ (រូបថតដកស្រង់ពីបណ្តាញសង្គមហ្វេសប៊ុក)


លោក​ត្រូវ​បាន​នគរបាល​ឲ្យ​ចុះ​កិច្ច​សន្យា​ថា ​មិន​ឡើង​មក​ភ្នំពេញ ហើយ​នគរបាល​បង្គាប់​ឲ្យ​បង្ហាញ​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ក្រូច​ឆ្មារ ដើម្បី​ធានា​ថា​ លោក​មិនមាន​វត្ត​មាន​នៅ​ភ្នំពេញ។

លោក​មាន​ប្រសាសន៍​ថា៖ «យក​មក​ធ្វើ​កិច្ច​សន្យា​នេះ និយាយ​ចំ វា​ប៉ះពាល់ដល់​សតិ​អារម្មណ៍​យើង​ ដែល​យើង​ចង់​បាន​លទ្ធិ​ប្រជា​ធិបតេយ្យ គោរព​សិទ្ធិ​មនុស្ស គោរព​នូវ​អ្វី​ដែល​យើង​ធ្លាប់​បានធ្វើ​កន្លង​មក​ហ្នឹង។ ចង់​ឲ្យ​មាន​ការ​គោរព​បន្ត​ទៀត»។

លោក​បន្ថែម​ថា៖ «គឺ​យើង​គ្រាន់​តែ​ទៅ​(តវ៉ា) មិន​មែន​ទៅ​មាន​រដ្ឋ​ប្រហារ​មាន​ស្អីណា ចង់​ទម្លាក់​អ្នក​ណា​ទេ។ គ្រាន់​តែ​យើង​ចង់​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ​នៅ​យល់​ដឹង​ពី​ថ្ងៃ​២៣ តុលា ហ្នឹង»។

កាល​ពី​ខែ​កញ្ញា លោក វ៉ាន់ សុផាត ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​៥​ឆ្នាំ ក្នុង​សំណុំ​រឿង​រួម​គំនិត​ក្បត់ ពាក់ព័ន្ធ​នឹង​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី។ ប៉ុន្តែ​ទោស​នោះ ត្រូវ​ព្យួរ ហើយ​លោក​ក៏​មិន​ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ទេ។​

ភរិយា​របស់​លោក វ៉ាន់ សុផាត គឺ​អ្នកស្រី គីម ចេង អាយុ​៤០​ឆ្នាំ មាន​ប្រសាសន៍​ថា ការ​ឃាត់​ខ្លួន​ប្តី​របស់​អ្នកស្រី​មិន​មាន​ដីកា ​ឬ​បញ្ជាក់​មូលហេតុ​ដល់​ក្រុមគ្រួសារ​ថា​ គាត់ប្រព្រឹត្ត​ខុស​អ្វី​នោះ​ទេ។

អ្នកស្រី​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «រួច​ខ្ញុំ​ភ័យ​ញ័រដៃ​ពេក។ ខ្ញុំ​កូន​តូច កូនអី​ផង កូន​ខ្ញុំ​៥​នាក់ បាន​ពី​ណា​ធ្វើ​ចម្ការ​ធ្វើ​អី ជំពាក់​ធនាគារផង»។

អ្នកស្រី​បន្ត​ថា​ អ្នកស្រី​ជឿ​ថា​ ការ​ចាប់​ខ្លួន​ប្តី​របស់​អ្នក​ស្រីនោះ​អាច​បណ្តាល​មក​ពី​គាត់​មិន​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់អំណាច។

អ្នកស្រី​បញ្ជាក់​ថា៖ «ហៅ​គាត់​ទៅ​ចុះ​ចូល អត់​មាន​បាន​ចូល​ណា»។

ចំណែក​លោក ស៊ូ យាន អតីត​អនុ​ប្រធាន​ប្រតិបត្តិ​ខេត្ត​ត្បូង​ឃ្មុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​កាល​ពី​ឆ្នាំ​២០១៧ មិន​ទាន់​ត្រូវ​បាន​ដោះ​លែង​នោះ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ភរិយា​លោក គឺ​អ្នកស្រី ស្រី ស៊ាត កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ។

អ្នកស្រី​បញ្ជាក់​ថា ស្វាមី​របស់​អ្នក​ស្រី​មាន​បំណង​មក​ភ្នំពេញ ដើម្បី​ចូលរួម​ទិវា​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស។ លោក​ត្រូវ​បាន​នគរ​បាល​៥​ទៅ​៦​នាក់ មក​ចាប់​ខ្លួន​ ខណៈ​កំពុង​ជូន​ភរិយា​ទៅ​មន្ទីរពេទ្យ​ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូង​ឃ្មុំ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ភរិយា​របស់​លោក គឺអ្នកស្រី​ ស្រី ស៊ាត។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «គេ​ដេញ​ខ្ញុំ​មក​ផ្ទះ ហើយ​គេ​ចាប់​ប្តី​ខ្ញុំ​ចូលឡាន​ហើយ បាន​ខ្ញុំ​មក​ផ្ទះ។ គេ​វាយ​ប្តី​ខ្ញុំ​មួយ​ដៃ។ ទះ​ប្តី​ខ្ញុំ​ចំ​សៀតថ្កា។ ប្តី​ខ្ញុំ​ក្រាញ កុំ​ឲ្យ​ចាប់​គាត់»។

អ្នកស្រី​ថា ​ការ​ចាប់​ខ្លួន​នេះ ដោយ​សារ​ស្វាមី​មាន​គម្រោង​មក​ជួប​ជុំ​នៅ​ភ្នំពេញ។ រហូត​មក​ដល់​ពេល​នេះ អ្នកស្រី​មិន​ទាន់​ដឹង​ថា ​ស្វាមី​នៅ​ទីណា​នោះ​ទេ។

អ្នកស្រី​បញ្ជាក់​ថា៖ «ខ្ញុំមិន​ថា ​នយោបាយ​ម៉េច បើ​គេ​តាម​ដាន​ប្តី​ខ្ញុំ​រហូត»។

លោក ស៊ូ យាន ធ្លាប់​ជាប់​ពន្ធនាគារ​ម្តង​រួច​មកហើយ​ ទាក់ទ​ង​នឹង​ការ​ចោទ​ប្រកាន់​ថា​ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍។ លោក​ត្រូវ​បាន​ដោះ​លែង​វិញ ​កាល​ពី​ខែ​មេសា ឆ្នាំ​២០២០​នេះ។

អធិការ​ស្រុក​មេមត់ លោក ហុង គឹមហឿន មាន​ប្រសា​សន៍​ថា ​លោក​បាន​ដាក់​ច្បាប់​សម្រាក​ពីរ​ថ្ងៃ មក​ខេត្ត​ព្រះសីហនុ ដោយ​រុញ​ឲ្យ​សួរ​ទៅថ្នាក់​លើ​វិញ។

VOA មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក បែន រ័ត្ន ស្នង​ការ​នៃស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូង​ឃ្មុំ​បាន​ទេ​ នៅ​ថ្ងៃ​សុក្រ​នេះ។

បើ​ទោះ​ពួកគេទាំង​ពីរ មិន​បាន​ចូលរួម​ការ​ប្រមូល​ផ្តុំ​នៅ​ភ្នំពេញ ប្រជាពលរដ្ឋ​មួយ​ចំនួន ភាគ​ច្រើន​ជា​ស្ត្រី​បាន​ចេញ​មុខ​តវ៉ា​ នៅ​ខាង​មុខ​ស្ថាន​ទូត​ចិន ដែល​ត្រូវ​បាន​កម្លាំង​សន្តិសុខ​ចម្រុះ រួម​មាន​ទាំង​សន្តិសុខ​ខណ្ឌ និង​អ្នក​ស្លៀក​ពាក់​ស៊ីវិល​ផង​ដែរ យាម​កាម​យ៉ាង​តឹង​រ៉ឹង។ អ្នក​តវ៉ា​រាប់​សិប​នាក់​ជា​ស្ត្រី បាន​ប្រមូល​ផ្តុំ និង​ស្រែក​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចិន ​គោរព​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​អ្នក​ខ្លះ​បាន​ស្រែក​ថា «បដិ​សេធ​កងទ័ព​ចិន»​ក្នុង​ប្រទេស​កម្ពុជា។

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាតុករម្នាក់ ដែលបានប្រមូលផ្តុំគ្នានៅមុខស្ថានទូតចិនតាមការរៀបចំដោយគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការំលាយ ក្នុងខួបទី២៩ឆ្នាំនៃការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីតវ៉ាប្រឆាំងនឹងឥទ្ធិពលចិននៅកម្ពុជា នៅរាជធានីភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។ (រូបថតដកស្រង់ពីបណ្តាញសង្គមហ្វេសប៊ុក)


សមត្ថកិច្ច​បាន​បំបែក​ការ​ប្រមូល​ផ្តុំ​នោះ ដោយ​ចាប់​ទាញ​សែង​ស្ត្រី​យ៉ាង​តិច​៣នាក់ ឲ្យ​ចេញ​ឆ្ងាយ​ពី​មុខ​ស្ថានទូត​ចិន។

បុរស​ម្នាក់​បាន​និយាយ​ពី​លើ​រថយន្តតាម​ប្រព័ន្ធ​ឧគ្ឃោ​សនសព្ទ​ ដោយ​ព្រមាន​ទុក​រយៈ​ពេល​៥​នាទី ឲ្យ​រំសាយ​ការ​តវ៉ា​នេះ។

បុរស​នោះ​និយាយ​ថា៖ «ជម្រាប​ជូន​បង​ប្អូន​ដែល​ឈរ​លើក​បដា​តវ៉ា​នៅ​ទីនេះ មេត្តា​រំសាយ រយៈ​ពេល​៥នាទី»។

VOA​ មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា តាមរយៈ​សារ​អ៊ីមែល ​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​សុក្រ​នេះ។

មុន​ការ​តវ៉ា​នេះ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ពុធ​ បាន​ព្រមាន​អ្នក​មាន​គម្រោង​តវ៉ា​រួច​ជាស្រេច​ ដោយ​លោក​អះអាង​ថា ​មាន​គម្រោង​រៀបចំ​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានទូត​ចិន​ក្នុងទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​សុក្រ​ ទី​២៣​ ខែ​តុលា។ លោក ហ៊ុន សែន ថា​ «កុំ​មក​រញ៉េរញ៉ៃ» ក្នុង​ស្ថានភាព​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​គ្រោះ​ទឹក​ជំនន់​ផង​ និង​ជំងឺ​រាតត្បាត​ជា​សាកល​កូវីដ​១៩​ផង។

លោក ហ៊ុន សែន និយាយ​ថា៖​ «ខ្ញុំ​សូម​ផ្តាំ​អ្នក​ដែល​ចង់​មក​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានទូត​ចិន​ក្នុង​ទីក្រុង​ភ្នំពេញ​ ប្រយ័ត្ន​ប្រយែង។ គេ​កំពុង​តែ​ទឹក​លិច​ណា។ កុំ​មក​រញ៉េរញ៉ៃ​វើយ​ ប្រាប់​ឲ្យ​ហើយ»។

លោក ហ៊ុន សែន បន្ត​ថា ​លោក​ក៏​បាន​ទទួល​ព័ត៌មាន​ថា ​អ្នក​នៅ​តាម​បណ្តា​ខេត្ត​ក៏ឡើង​មក​តវ៉ា​ផង​ដែរ។

លោក ​អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ មាន​ប្រសាសន៍​ថា​ ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ការ​តវ៉ា​នានា​ដែល​ធានា​ដោយ​ច្បាប់ ត្រូវ​បាន​រឹត​បន្តឹង​ខ្លាំង​ក្លា ដែល​លោក​ថា ​នេះ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់ប្រជាពលរដ្ឋ។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​ឃើញ​ថា​ សិទ្ធិ​ក្នុង​ការ​ជួប​ជុំ ការ​ប្រមូល​ផ្តុំ​និង​ការ​តវ៉ា​ដោយ​សន្តិវិធី​នេះ ហាក់​ដូច​ជា​មាន​ការ​រឹត​បន្តឹង​យ៉ាង​តឹង​រ៉ឹង។ ដំណាក់​កាល​ចុង​ក្រោយ​នេះ ខ្ញុំ​មើល​ទៅ​ការ​ជួប​ជុំ ការ​ប្រមូល​ផ្តុំ និង​ការ​តវ៉ា​ដោយ​សន្តិវិធី​នេះ ជា​ទិដ្ឋ​ភាព​នយោបាយ​ទៅ​វិញ»។

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ លើក​ឡើង​ថា​ ក្នុង​ថ្ងៃ​ទី​២៣ តុលា ​ទិវា​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ ប្រជា​ពលរដ្ឋក៏​មាន​សិទ្ធិ​តវ៉ា​ទាមទារ​អ្វី​មួយ​ដែល​ពួក​គេ​ចង់​បាន​ពី​រដ្ឋាភិបាល​ដែរ៕