នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison បានជំរុញឱ្យមានការឆ្លើយតបដោយស្ងប់ស្ងៀមនៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមេដឹកនាំនៃប្រទេស Solomon Islands បានលើកឡើងពីការគំរាមកំហែងពីការឈ្លានពានហើយបាននិយាយថា ប្រទេសរបស់លោកកំពុងត្រូវបានគេចាត់ទុកដូចជាកូនក្មេងកំពុងកាន់អាវុធគ្រវីលេង។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
លោក Morrison ដែលត្រូវប្រកួតប្រជែងការបោះឆ្នោតសហព័ន្ធក្នុងប្រទេសអូស្ត្រាលីនៅថ្ងៃទី២១ ខែឧសភាខាងមុខនេះកំពុងទប់ទល់នឹងការរិះគន់លើគោលនយោបាយការបរទេសនៃរដ្ឋាភិបាលរបស់លោកបន្ទាប់ពីប្រទេសជាកោះក្នុងតំបន់ប៉ាស៊ីហ្វិកមួយនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខមួយជាមួយប្រទេសចិនកាលពីខែមុន។
កិច្ចព្រមព្រៀងសន្តិសុខជាមួយចិនបានធ្វើឱ្យអូស្ត្រាលីនិងសហរដ្ឋអាមេរិកមានក្តីបារម្ភនិងភ័យខ្លាចថាវានឹងផ្តល់ឱ្យរដ្ឋាភិបាលក្រុងប៉េកាំងដាក់មូលដ្ឋានកងទ័ពរបស់ខ្លួននៅក្នុងប្រទេសនៃតំបន់ប៉ាស៊ីហ្វិកខាងត្បូងមួយនេះដែលស្ថិតនៅចម្ងាយមិនដល់២ពាន់គីឡូម៉ែត្រពីឆ្នេរសមុទ្ររបស់អូស្ត្រាលី។
លោក Morrison បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះថា«យើងចាំបាច់រក្សាភាពស្ងប់ស្ងៀមនិងសម្រួលអារម្មណ៍នៅពេលដោះស្រាយជុំវិញបញ្ហានេះ»។
មេដឹកនាំអូស្ត្រាលីរូបនេះបាននិយាយថា លោកមានការបារម្ភអំពីសន្តិសុខរបស់ប្រទេស Solomons និងតំបន់ប៉ាស៊ីហ្វិកក្រោយពេលដែលលោកនាយករដ្ឋមន្ត្រី Manasseh Sogavareបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្ងាត់ជាមួយរដ្ឋាភិបាលក្រុងប៉េកាំងនោះ។
លោក Morrison បានទទូចថា រដ្ឋាភិបាលរបស់លោកចាត់ទុកប្រទេស Solomonsជាគ្រួសារមួយដែលមានលក្ខណៈស្មើភាពគ្នា។
ប៉ុន្តែលោក Sogavare ហាក់ដូចជាខឹងច្រឡោតទាក់ទិននឹងការរិះគន់របស់សហរដ្ឋអាមេរិកនិងអូស្ត្រាលីលើកិច្ចព្រមព្រៀងនេះ។
លោកបានថ្លែងប្រាប់សភាក្នុងប្រទេសរបស់លោកកាលពីថ្ងៃអង្គារថា៖ «យើងសោកស្តាយចំពោះការបង្ហាញការខ្វះទំនុកចិត្តពីគ្រប់ភាគីពាក់ព័ន្ធទាំងឡាយ»។ លោកបន្ថែមទៀតថា៖ «វាគ្មានរឿងអ្វីដែលត្រូវបារម្ភពីកិច្ចព្រមព្រៀងនោះឡើយ»។
ដោយលើកឡើងមិនចំឈ្មោះពីប្រទេសណាមួយនោះ លោក Sogavare និយាយថា៖ «មានការព្រមានពីការធ្វើអន្តរាគមន៍យោធាមួយ»ប្រសិនបើផលប្រយោជន៍នៃប្រទេសទាំងនេះ ត្រូវបានបំផ្លាញនៅលើកោះ Solomons។
លោកថ្លែងបន្តទៀតថា«លោកប្រធានសភាបាននិយាយចំៗ យើងកំពុងត្រូវបានគេបានគំរាមកំហែងពីការឈ្លានពាន។ នេះជារឿងធ្ងន់ធ្ងរមួយ»។
យើងកំពុងត្រូវបានគេចាត់ទុកដូចជាសិស្សសាលាមតេ្តយ្យម្នាក់ដែលកំពុងមានអាវុធក្នុងដៃ ដូចនេះយើងត្រូវតែពិនិត្យមើលទៅលើបញ្ហានេះ»៕