ប្រទេស​អូស្រ្តាលី ​ជប៉ុន​និង​សិង្ហបុរី ​និង​​សហរដ្ឋ​អាមេរិក​​ហាម​ឃាត់​អ្នក​ដំណើរ​មកពី​ប្រទេស​ចិន

មន្ត្រី​សុខភាព​ពិនិត្យ​អ្នក​ដំណើរ​ដែល​មក​ដល់​ពី​ប្រទេស​ចិន​នៅ​ព្រលាន​យន្ត​ហោះអន្តរជាតិ​សិង្ហបុរី កាល​ពី​ថ្ងៃ​ទី​២២​ មករា ២០២០។

ប្រទេស​អូស្រ្តាលី ​ជប៉ុន​ និង​សិង្ហបុរី បាន​ប្រកាស​ការពិនិត្យ​ការ​ធ្វើដំណើរ​ដ៏​តឹងរ៉ឹង​កាល​ពី​ថ្ងៃ​សៅរ៍​លើ​ជន​បរទេស​ដែល​បាននៅ​ក្នុង​ប្រទេស​ចិន​កាល​ពី​ពេល​ថ្មីៗ​នេះ ​ដោយ​ការ​ភ័យ​ខ្លាច​មេរោគ​កូរ៉ូណា ​បន្ទាប់ពី​សហរដ្ឋ​អាមេរិក ​បាន​ប្រកាស​ការ​រឹតត្បិត​ប្រហាក់​ប្រហែល​គ្នា​ហើយ​បាន​ប្រកាស​ភាព​អាសន្ន​ខាង​សុខភាព​សាធារណៈ​កាល​ពី​មួយ​ថ្ងៃ​មុន។

ចំណាត់ការ​នេះ បាន​ត្រូវ​ធ្វើ​ឡើង​នៅ​ពេល​ដែល​រដ្ឋាភិបាល​ចិន ​បាន​ប្រកាស​ពី​ការ​កើន​ឡើង​នូវ​ចំនួន​អ្នក​ស្លាប់​មកពី​ការផ្ទុះ​ឡើង​នូវ​មេរោគ​នេះ។

ពួក​មន្រ្តី​ចិន​នៅក្នុង​ខេត្ត​ហ៊ូបេ​ភាគ​កណ្តាល​ដែល​ជា​ទី​កន្លែង​ផ្ទុះ​ឡើង​នូវ​មេរោគ​នោះ ​បាន​ចាប់​ផ្តើម ​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា មនុស្ស​យ៉ាង​ហោច​ណាស់​២៥៩​នាក់ ​បាន​ស្លាប់​ហើយ​ជិត​១​ម៉ឺន​២​ពាន់​នាក់​ទៀត ​បាន​ឆ្លង​មេរោគ​នោះ។

អង្គការ​សុខភាព​ពិភពលោក​ បាន​ប្រកាស​ពី​ការ​ផ្ទុះ​ឡើង​នូវ​ភាពអាសន្ន​សុខភាព​សា កល​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ដោយ​ភ័យ​ខ្លាច​ថា ​មេរោគ​នេះ ​អាច​រាល​ដាល​ទៅ​កាន់​ប្រទេស​ក្រីក្រ​ដែល​នឹង​មាន​ការ​លំបាក​យ៉ាង​ខ្លាំង​ដើម្បី​ទប់​ការរាល​ដាល​នេះ។ អង្គការ​សុខភាព​ពិភពលោក (WHO) ប្រាប់​ឲ្យ​ដឹង​ថា ​ខ្លួន​មិន​បាន​ផ្តល់​អនុសាសន៍​ថា ​ប្រទេស​នានា​ ត្រូវ​ផ្តួច​ផ្តើម​ការរឹត​ត្បិត​ការ​ធ្វើ​ដំណើរ​ឬ​ពាណិជ្ជកម្ម​ជាមួយ​ចិន​ទេ។

អង្គការ​សុខភាព​ពិភពលោក ​(WHO)​ ប៉ាន់​ស្មាន​ថា ​មេរោគ​នោះ ​បាន​ត្រូវ​គេ​រក​ឃើញ​នៅ​ក្នុង​ប្រទេស​យ៉ាង​ហោច​ណាស់​ក៏​២៣​ដែរ​ ភាគ​ច្រើន​នៃ​អ្នក​ដែល​មាន​មេរោគ​ទាំង​នោះ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន។

ការ​បន្ត​ការ​ដាល​នៃ​វីរុស​នោះ ​បាន​នាំ​ឲ្យ​លោក ​Alex Azar​ រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​និង​សេវាកម្ម​មនុស្ស​របស់​សហរដ្ឋ​អាមេរិក បាន​ប្រកាស​ភាព​អាសន្ន​ខាង​សុខភាព​សាធារណៈ​កាល​ពី​ថ្ងៃ​សុក្រ​ ហើយ​បាន​បដិសេធ​មិន​ឲ្យ​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​ដល់​ជនបរទេស​ណា​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​កាល​ពី​ពេល​ថ្មីៗ​នេះ ​លើក​លែង​តែ​អ្នក​ដែល​ធ្វើ​ដំណើរ​ណា​ដែល​មាន​សមាជិក​ក្រុម​គ្រួ​សារសាច់​ញាតិ​ផ្ទាល់​ជា​ពលរដ្ឋ​អាមេរិកាំង។

លោក​ក៏​បាន​និយាយ​ដែរ​ថា ​ពលរដ្ឋ​អាមេរិកាំង​ណា​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ ហ៊ូបេ​នៃ​ប្រទេស​ចិន​ក្នុង​អំឡុង​ពេល​២​សប្តាហ៍​កន្លង​មក​នេះ ​នឹង​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់ពី​ គេ​ចំនួន​១៤​ថ្ងៃ​ជា​រយៈ​ពេល​ដែល​មេរោគ​នោះ​បង្ករ​ឡើង៕