អូស្ត្រាលី​ហាម​ឃាត់ TikTok លើ​ឧបករណ៍​រដ្ឋាភិបាល

រូប​ស្លាក​សញ្ញា​របស់​កម្មវិធី​វីដេអូ TikTok ដែល​គ្រប់គ្រង​ដោយ​ចិន​នៅ​លើ​អេក្រង់​ទូរសព្ទ​មួយ​គ្រឿង​នៅ​ពីមុខ​រូប​ទង់ជាតិ​អូស្ត្រាលី​នៅក្នុង​រូប​ដែល​ថត​នៅ​ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។

ប្រទេស​អូស្ត្រាលី​បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ខ្លួន​នឹង​ហាមឃាត់​បណ្តាញ​សង្គម​ TikTok លើ​ឧបករណ៍​របស់​រដ្ឋាភិបាល។ ការ​ធ្វើ​ដូច្នេះ​គឺ​ជា​ការ​ចូលរួម​ជាមួយ​នឹង​បស្ចិម​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​ការ​បង្ក្រាប​លើ​ TikTok ​របស់​ចិន​នេះ​ ដោយសារតែ​មាន​ការ​ព្រួយ​បារម្ភ​ពី​សន្តិសុខ​ជាតិ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារ​ព័ត៌មាន AFP។

អគ្គរដ្ឋអាជ្ញាអូស្ត្រាលី​លោក Mark Dreyfus បាន​និយាយ​ថា ការ​សម្រេច​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​ទទួល​បាន​ការ​ប្រឹក្សា​យោបល់​ពី​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​អូស្ត្រាលី ហើយ​ការ​ហាម​ឃាត់​នេះ​នឹង​ចាប់ផ្ដើម«ឆាប់ៗ​នេះ​នៅ​ពេល​ណា​ដែល​អាច​អនុវត្ត​បាន»។

អូស្ត្រាលី​គឺ​ជា​សមាជិក​ចុងក្រោយ​បង្អស់​នៃ​សម្ព័ន្ធភាព​សន្តិសុខ Five Eyes សម្ងាត់​នៅ​ក្នុង​ការ​អនុវត្តការ​ហាម​ឃាត់ TikTok លើ​ឧបករណ៍​របស់​រដ្ឋាភិបាល ដោយ​បាន​ចូលរួម​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​រួម​មាន​សហរដ្ឋ​អាមេរិក ​ចក្រភព​អង់គ្លេស ​កាណាដា​ និង​នូវែលសេឡង់។

ប្រទេស​បារាំង​ ហូឡង់​ និង​គណៈកម្មការ​អឺរ៉ុប​ក៏​បាន​ចាត់​វិធានការ​ស្រដៀង​គ្នា​នេះ​ផង​ដែរ។

លោក Dreyfus បាន​និយាយ​ថា ​រដ្ឋាភិបាល​នឹង​ផ្ដល់​ការ​លើកលែង​មួយ​ចំនួន​តាម «ករណី​មួយៗ​ជាក់ស្ដែង» ជាមួយ​នឹង «ការ​បន្ធូរបន្ថយ​សន្តិសុខ​សមរម្យ​ដែល​មាន​ស្រាប់»។

អ្នក​ជំនាញ​ផ្នែក​សន្តិសុខ​អ៊ីនធឺណិត​បាន​ព្រមាន​ថា កម្មវិធី app TikTok ដែល​មាន​អ្នក​ប្រើ​ជាង​មួយ​ពាន់​លាន​នាក់​នៅ​លើ​ពិភពលោក​នេះ​អាច​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ប្រមូល​ទិន្នន័យ​ក្នុង​គោល​បំណង​ចែកចាយ​ជាមួយ​នឹង​រដ្ឋាភិបាល​ចិន។

ការ​ស្ទង់​មតិ​នានា​បាន​ប៉ាន់​ប្រមាណ​ថា ពលរដ្ឋ​អូស្ត្រាលី​រហូត​ដល់ ៧ លាន​នាក់​ដែល​ស្មើ​នឹង​ប្រហែល​មួយ​ភាគ​បួន​នៃ​ប្រជាជន​សរុប​បាន​ប្រើ TikTok។

នៅ​ក្នុង​ការ​ជូន​ដំណឹង​អំពី​សន្តិសុខ​ដែល​បង្ហាញ​អំពី​ការ​ហាម​ឃាត់ TikTok នេះ ការិយាល័យ​អគ្គរដ្ឋអាជ្ញា​អូស្ត្រាលី​បាន​បញ្ជាក់​ថា TikTok បាន​បង្ក«ហានិភ័យ​ខ្លាំង​គួរសម​ផ្នែក​សន្តិសុខ​និង​ឯកជន​ភាព» ដោយសារតែ «ការ​ប្រមូល​ទិន្នន័យ​អ្នក​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ»។

ប្រទេស​ចិន​បាន​ថ្កោលទោស​ការ​ហាម​ឃាត់​នេះ ដោយ​បាន​បញ្ជាក់​ថា ខ្លួន​បាន«ធ្វើ​ការ​ប្រឆាំង​ផ្នែក​
ការទូត» ចំពោះ​រដ្ឋាភិបាល​អូស្ត្រាលី​ទាក់ទិន​នឹង​វិធានការ​នេះ និង​បាន​ជំរុញ​អូស្ត្រាលី​ឱ្យ«ផ្ដល់​ឱ្យ​ក្រុមហ៊ុន​ចិន​នូវ​បរិយាកាស​អាជីវកម្ម​ដែល​មាន​យុត្តិធម៌ ​តម្លាភាព ​និង​មិន​រើសអើង»៕