ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ក្រុម​មន្ត្រី​ថា​ លោក​ ត្រាំ ​​នឹង​បិទ​លែង​ឲ្យ​មាន​​ការ​ទាញ​យក​កម្មវិធី ​TikTok ​និង​ WeChat ​នៅ​អាមេរិក​នៅ​​ថ្ងៃ​អាទិត្យ


រូបពីរផ្គប់គ្នា បង្ហាញផ្លាកសម្គាល់កម្មវិធីផ្សព្វផ្សាយវីដេអូ TikTok (ឆ្វេង) និងលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ខណៈរដ្ឋាភិបាលអាមេរិកកំពុងត្រៀមចាត់វិធានការលើកម្មវិធី app នេះ។

រដ្ឋាភិបាល​លោក​ប្រធានាធិបតី ​Donald Trump ​នឹង​ហាមឃាត់​កម្មវិធី​ WeChat ​និង​កម្មវិធី​ផ្សព្វផ្សាយ​វីដេអូ​ TikTok មិន​ឲ្យ​មាន​នៅ​ក្នុង​ហាង​លក់​កម្មវិធី​ app ​នៅសហរដ្ឋ​អាមេរិក ​ចាប់​ពី​យប់​ថ្ងៃ​អាទិត្យ​ ទី​ ២០​ ខែ​កញ្ញាទៅ។​

នេះគឺ​ជា​វិធានការ​ដែល​នឹង​រារាំង​ពលរដ្ឋ​អាមេរិកាំង​ មិនឲ្យ​អាចទាញ​យក​កម្មវិធី​ទាំងពីរ​ ដែល​ជា​កម្មសិទ្ធ​របស់​ចិន​នេះ​ ដោយសារ​បារម្ភ​ខ្លាច​ថា​ កម្មវិធី​ទាំង​នេះ​នាំ​ឲ្យ​មាន​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ។

អ្នកប្រើ​ប្រាស់​កម្មវិធី​ TikTok ​បច្ចុប្បន្ន​នឹង​ឃើញ​ការ​ផ្លាស់ប្តូរ​តិចតួចប៉ុណ្ណោះ​នៅ​ថ្ងៃ​អាទិត្យ​ ហើយ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​និយាយកាល​ពី​ថ្ងៃ​សុក្រ​ថា​ ពួកគេ​នឹង​មិនហាមឃាត់​ការ​ផ្ទេរ​បច្ចេកវិទ្យា​សម្រាប់​កម្មវិធី​ TikTok​ បន្ថែម​ទៀត​ទេ ​រហូត​ទល់​ថ្ងៃទី​១២ ​ខែ​វិច្ឆិកា។ ​ការណ៍​នេះ​នឹង​ផ្តល់​ពេលវេលា​ឲ្យ​ក្រុមហ៊ុន TikTok ​គិតមើល​ថា តើ​ម្ចាស់​ក្រុមហ៊ុន​ ByteDance ​អាច​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​ ទាក់ទង​នឹង​វាសនា​នៃ​ប្រតិបត្តិការ​ក្នុង​សហរដ្ឋអាមេរិក​ ឬយ៉ាងណា។

លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាមេរិក​ Wilbur Ross ​បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍ ​Fox Business Network​ កាល​ពី​ថ្ងៃសុក្រ​ថា៖ «កម្មវិធី​ធម្មតា​របស់​ TikTok ​នឹង​បន្ត​ប្រតិបត្តិការ​ដូចដើម​ដដែល ​រហូត​ដល់ថ្ងៃ​ទី១២​ ខែវិច្ឆិកា»។

ការ​ហាមឃាត់​ចំពោះ​ការ​ទាញកម្មវិធី​ថ្មី​នៅ​អាមេរិក​ចំពោះ​កម្មវិធី TikTok ដ៏​មាន​ប្រជាប្រិយភាព​នេះ​អាច​នៅ​តែ​ត្រូវ​លុបចោល​ ដោយ​លោក​ប្រធានាធិបតី​ Donald Trump​ មុន​ពេល​ដែល​ចូល​ជា​ធរមាន។

កម្មវិធី TikTok មាន​អ្នក​ប្រើប្រាស់​ ១០០​ លាន​នាក់ ​នៅ​សហរដ្ឋ​អាមេរិក ជា​ពិសេស​ក្នុង​ចំណោម​យុវវ័យ​អាមេរិកាំង ​ហើយ​កម្មវិធី​ WeChat មាន​អ្នក​ប្រើប្រាស់ប្រចាំ​ថ្ងៃ​ ១៩​ លាន​នាក់​ នៅ​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG