ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ត្រាំ​ចេញ​បំរាម​ចំពោះ​កម្មវិធី​ TikTok និង​ WeChat​ របស់​ចិន​ដោយ​សារ​បញ្ហា​សន្តិសុខ


រូប​កម្មវិធី​ទូរស័ព្ទទ TikTok និង WeChat។

លោក​ ត្រាំ​ បាន​ចេញ​បទ​បញ្ជា​ប្រធានាធិបតី​ ដែល​នឹង​ហាម​ឃាត់​ក្រុមហ៊ុន​អាមេរិក​មិន​ឲ្យ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន ​ByteDance ដែល​ជា​ម្ចាស់​នៃ​បណ្តាញ​សង្គមចែក​ចាយ​វីដេអូ​ឈ្មោះ TikTok​ និង​ក្រុមហ៊ុន​ Tencent ​ដែល​ជា​ម្ចាស់​កម្មវិធីផ្ញើសារ​តាម​ទូរស័ព្ទ​របស់​ចិន​ឈ្មោះ WeChat។ បទបញ្ជា​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ក្នុង​រយៈ​ពេល​៤៥​ថ្ងៃ។

អ្នក​ជំនាញ​មិន​ទាន់​ប្រាកដ​ថា​តើ​លោក​ប្រធានាធិបតី​អាច​មាន​អំណាច​ផ្លូវ​ច្បាប់​ក្នុង​ការ​ចេញ​បំរាម​ដូច្នេះ​ឬ​ទេ។

ប៉ុន្តែ​វិធានការ​ចុងក្រោយ​នេះ កើត​មាន​ឡើង​ខណៈដែល​ទាំង​រដ្ឋបាល​លោក​ ត្រាំ និង​អ្នក​តាក់តែង​ច្បាប់​សហរដ្ឋ​អាមេរិក​បាន​សម្តែង​ការ​បារម្ភ​អំពី​ការ​ប្រមូល​ទិន្នន័យ​និង​បញ្ហា​ឯកជនភាពនៅ​ពេល​ប្រើ​ប្រាស់​ App របស់​ចិន​ទាំង​ពីរ​នេះ​នៅ​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​មក​ទល់​ពេល​នេះ គេ​មិន​ទាន់​ឃើញ​មាន​ភស្តុតាង​ណា​មួយ​ត្រូវ​បាន​គេ​ភ្ជាប់​ទៅ​នឹង​ការ​បារម្ភ​នេះ​ទេ។

ក្រុមហ៊ុន​ទាំង​ពីរ​របស់​ចិន​ថា​ពួក​គេ​មិន​ចែក​រំលែក​ទិន្នន័យ​អ្នក​ប្រើប្រាស់​ជាមួយ​រដ្ឋាភិបាល​ចិន​ទេ ហើយ​អ្នក​ជំនាញ​រំពឹង​ថា រដ្ឋាភិបាល​ចិន​នឹង​ធ្វើ​ការ​សងសឹក​វិញ។​

កាល​ពី​ថ្ងៃ​ពុធ ​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក ​Mike Pompeo ថ្លែង​ថា សហរដ្ឋ​អាមេរិក​នឹង​មិន​អនុញ្ញាត​ឲ្យ​ហាង​នានា​នៅ​សហរដ្ឋ​អាមេរិក​លក់​កម្មវិធី App ទាំង​ពីរ​ទេ ដោយ​សារ​បញ្ហា​សន្តិសុខ។

នៅ​ជុំវិញ​ពិភពលោក​មាន​អ្នក​ប្រើប្រាស់​កម្មវិធី TikTok និង​ WeChat រាប់​លាន​នាក់៕

XS
SM
MD
LG