អូស្រ្តាលី​ត្រូវ​បាន​ស្នើ​ឲ្យ​ជួយ​ស៊ើប​អង្កេត​លើ​ការ​ស៊ើប​អង្កេត​របស់​លោក ​Mueller​ ទៅ​លើ​ទំនាក់​ទំនង​រវាង​លោក ​ត្រាំ​ និង​រុស្ស៊ី

  • Phil Mercer

នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី​ Scott Morrison ក្នុង​ពេល​មក​ដល់​សេត​វិមាន និង​ជួប​ជាមួយ​ប្រធានាធិបតី​ ដូណាល់ ត្រាំ កាល​ពី​ថ្ងៃទី​២០ កញ្ញា ២០១៩។

ប្រទេស​អូស្រ្តាលី​បាន​បញ្ជាក់​ថា​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ​ បាន​ស្នើ​ឲ្យ​នាយក​រដ្ឋមន្រ្តី​លោក ​Scott Morrison​ ជួយ​ស៊ើប​អង្កេត​ទៅ​លើ​ប្រភព​ដើម​នៃ​របាយការណ៍​របស់​លោក​ Mueller។

សំណើ​ឲ្យ​ជួយ​ស៊ើប​អង្កេត​ដែល​ដឹកនាំ​ដោយ​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​របស់​សហរដ្ឋអាមេរិក​លោក ​William Barr​ ត្រូវ​បាន​គេ​រាយការណ៍​កើត​មាន​ឡើង​មុន​បន្តិច​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក ​Morrison​ មក​សហរដ្ឋ​អាមេរិក​កាលពី​ចុង​ខែ​កញ្ញា​កន្លង​ទៅ​នេះ។

ប្រទេស​អូស្រ្តាលី​បាន​ឲ្យ​ដឹង​ថា​ ខ្លួន​នឹង​ប្រើ​«ការខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ឲ្យ​អស់​ពី​សមត្ថភាព»​ ដើម្បី​សហការ​ជាមួយ​ក្រសួង​យុត្តិធម៌​អាមេរិក​ក្នុង​ការ​ស៊ើប​អង្កេត​ទៅ​លើ​របាយការណ៍​របស់​លោក ​Robert Mueller។ ​ការស៊ើបអង្កេត​របស់​លោក​ទៅ​លើ​ការ​ចោទ​ប្រកាន់​ដែល​ថា ប្រទេស​រុស្ស៊ី​បាន​ជ្រៀតជ្រែក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំ ​២០១៦​ នោះ មួយ​ផ្នែក​ត្រូវ​បាន​ជ្រោម​ជ្រែង​ដោយ​អតីត​រដ្ឋមន្ដ្រី​ការបរទេស​និង​អ្នក​ការទូត​អូស្រ្តាលី។

លោក ​Alexander Downer ​បាន​រាយការណ៍​ថា​ សមាជិក​មួយ​រូប​នៃ​ក្រុម​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក​ ត្រាំ​ ​គឺ​លោក​ George Papadopoulos​ បាន​ដឹង​អំពី​ការ​ប៉ុន​ប៉ង​របស់​រុស្ស៊ី​ដើម្បី​ធ្វើឲ្យ​ខូច​កេរ្តិ៍​ឈ្មោះ​របស់​អតីត​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​គឺ​លោកស្រី ​Hillay Clinton ​ដែល​ជា​បេក្ខនារី​ប្រធានាធិបតី​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​សហរដ្ឋ​អាមេរិក​ឆ្នាំ​ ២០១៦។

លោក Alexander Downer ​បាន​ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​អូស្រ្តាលី​ថា លោក​គ្មាន​អ្វី​ត្រូវ​ថ្លែង​បន្ថែម​ពីលើ​អ្វីដែល​បាន​រៀប​រាប់​នៅ​ក្នុង​របាយការណ៍​អំពី​ការសន្ទនា​ នៅ​ខែ​ឧសភា​ ឆ្នាំ​២០១៦ នោះ​ទេ។

លោក Alexander Downer ថ្លែង​ថា៖ «ខ្ញុំ​មិន​ត្រឹម​តែ​មិន​ចង់​និយាយ​ដដែលៗ​នោះ​ទេ តែ​ចំពោះ​រឿង​ហ្នឹង គឺ​ខ្ញុំ​គ្មាន​អ្វី​ដែល​ត្រូវ​និយាយ​បន្ថែម​ទេ។ ខ្ញុំ​ចង់​និយាយ​ថា ខ្ញុំ​បាន​សន្ទនា​ជាមួយ​បុរស​ម្នាក់​នេះ ហើយ​ក៏​បន្ត​កិច្ច​សន្ទនា​នោះ​ទៅ​ឲ្យអ្នក​ផ្សេង ឬ​ថា មួយ​ផ្នែក​នៃ​កិច្ច​សន្ទនា​នោះ​បន្ត​ទៅ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង។​ ខ្ញុំ​ចង់​មាន​ន័យ​ថា​ ខ្ញុំ​គ្មាន​អ្វី​ថ្លែង​បន្ថែម​ទេ។ ខ្ញុំ​មិន​អាច​ផ្តល់​ព័ត៌មាន​អ្វី​បន្ថែម​ទៀត​ដល់​អ្នក​ទេ ហើយ​ខ្ញុំ​ក៏មិន​បាន​ដឹង​អ្វី​បន្ថែម​អំពី​កិច្ចសន្ទនា​ដែល​លោក​ Scott Morrison​ បាន​និយាយ​ជាមួយ​ពលរដ្ឋ​អាមេរិកាំង​ រួមទាំង​លោក​ ត្រាំ ផងដែរ»។

រូបឯកសារ៖ លោក George Papadopoulos អតីត​ទីប្រឹក្សា​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក ត្រាំ (កណ្ដាល) ចាក​ចេញ​ពី​តុលាការ​សហព័ន្ធ ជាមួយ​ភរិយា​របស់​លោក​ឈ្មោះ Simona Mangiante (ស្ដាំ)។

លោក ​George Papadopoulos ​បាន​បដិសេធ​ថា​ លោក​មិន​ដែល​ពិភាក្សា​រឿង​លម្អិត​ដូច​នេះ​ទេ។ លោក​បាន​ជាប់​ក្នុង​ពន្ធនាគារ​មួយ​រយៈ​ពេល​ខ្លី កាល​ពី​ឆ្នាំមុន​ក្រោយ​ពី​បាន​កុហក​ទីភ្នាក់ងារ​ស៊ើប​អង្កេត​សហព័ន្ធ ​FBI ​អំពី​កិច្ចប្រជុំ​របស់​លោក ​ជាមួយ​នឹង​អ្នក​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ជា​អ្នក​នាំ​សារ​ឲ្យ​រុស្ស៊ី។

មាន​សេចក្តី​រាយការណ៍​ថា​ មាន​មន្រ្តី​អូស្រ្តាលី​មួយ​ចំនួន​ត្រូវបាន​រដ្ឋបាល​លោក ត្រាំ​ ស្នើ​ឲ្យ​ស្វែង​រក​ភ័ស្តុតាង​ដើម្បី​បង្ខូច​របាយការណ៍​របស់​លោក ​Mueller។

របាយការណ៍​របស់​លោក ​Mueller ​បាន​ធ្វើ​ឲ្យ​លោក​ប្រធានាធិបតី ត្រាំ​ មាន​ការ​ខឹង​សម្បា។ លោក ត្រាំ​ បាន​ចាត់​ទុក​ការ​ស៊ើប​អង្កេត​ទៅ​លើ​រឿង​ជ្រៀត​ជ្រែក​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នេះ ថា​ជា ​«ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ»។ កាល​ពី​ខែ​ឧសភា លោក ត្រាំ​ បាន​និយាយ​ថា​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​លោក​ William Barr ​នឹង​ពិនិត្យ​មើល​ថា តើ​ការ​ស៊ើប​អង្កេត​របស់​លោក ​Mueller ​បាន​ចាប់​ផ្តើម​ដោយ​របៀប​ណា។ ការ​ស៊ើប​អង្កេត​របស់​ទីភ្នាក់ងារ ​FBI ​មិន​បាន​បញ្ជាក់​ថា យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក ត្រាំ​ បាន​ឃុបឃិត​គ្នា​ដោយ​ខុស​ច្បាប់​ជាមួយ​រុស្ស៊ី​ដើម្បី​ឲ្យ​មាន​ឥទ្ធិពល​ទៅ​លើ​ការបោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ ​២០១៦ ​នោះ​ទេ។ ក៏ប៉ុន្តែ ​ទោះបី​ជា​ដូច្នេះ​ក៏​ដោយ ក៏​ទីភ្នាក់ងារ​ FBI ​មិន​បាន​បញ្ជាក់​ថា​លោក​ប្រធានាធិបតី​មាន​ភាព​ស្អាត​ស្អំ​ក្នុង​រឿង​នេះ​ដែរ។

នៅ​ទីក្រុង​កង់​បេរ៉ា ​ឥឡូវនេះ​ អ្នក​នយោបាយ​មក​ពី​គណបក្ស​ប្រឆាំង​ចង់​ដឹង​ថា ​តើ​អូស្រ្តាលី​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​លោកប្រធានាធិបតី ​ត្រាំ​ ដើម្បី​ជា​ការ​មិន​ឲ្យ​តម្លៃ ​ដល់​ក្រុម​អ្នក​រិះគន់​លោក​ ឬ​ យ៉ាង​ណា។

លោក​នាយក​រដ្ឋមន្រ្តី​ Scott Morrison ​ជា​សម្ព័ន្ធ​មិត្ត​អន្តរជាតិ​ជិត​ស្និទ្ធ​មួយ​រូប​របស់​លោក ត្រាំ​ ហើយ​ត្រូវ​បាន​ផ្តល់​កិត្តិយស​ដោយ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទៅ​ពិសារ​អាហារ​ពេល​ល្ងាច​នៅ​ឯ​សេតវិមាន​កាលពី​ចុង​ខែ​កញ្ញា​កន្លង​ទៅ​នេះ៕

ប្រែសម្រួល​ដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់