ក្រុម​សមាជិក​សភា​អាស៊ាន​ហៅ​ការ​បោះឆ្នោត​ព្រឹទ្ធសភា​កម្ពុជា​ថា​គ្មាន​ប្រជាធិបតេយ្យ

រូបថត​​​​គេហទំព័រ​​​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨ បង្ហាញ​អំពី​សេចក្តី​ថ្លែង​ការណ៍​​អំពី​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​កម្ពុជា។ (ថត​ពី​គេហទំព័រ APHR)

ប្រធាន​អង្គការ​ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ហ្សាកាតា​ ប្រទេស​ឥណ្ឌូណេស៊ី​នេះ គឺ​លោក Charles Santiago បាន​លើក​ឡើង​ថា «‍ការ​បោះឆ្នោត​នេះ គឺ​ជា​ការ​បោក​បញ្ឆោត» ។

ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (ASEAN Parlianmentarians for Human Rights) បាន​ចាត់​ទុក​ការ​បោះឆ្នោត​ព្រឹទ្ធសភា​របស់​កម្ពុជា​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ ថា​មិន​មាន​លក្ខណៈ​ស្រប​ច្បាប់​តាម​បែប​ប្រជាធិបតេយ្យ​នោះ​ទេ ដោយសារ​តែ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ និង​បរិយាកាស​គាបសង្កត់​សិទ្ធិ​មនុស្ស​ជា​ទូទៅ​នៅ​ក្នុង​ប្រទេស។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​អង្គការ​នេះ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ។

ប្រធាន​អង្គការ​ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ហ្សាកាតា​ ប្រទេស​ឥណ្ឌូណេស៊ី​នេះ គឺ​លោក Charles Santiago បាន​លើក​ឡើង​ថា «‍ការ​បោះឆ្នោត​នេះ គឺ​ជា​ការ​បោក​បញ្ឆោត» ។

លោក Charles Santiago ដែល​ជា​សមាជិក​សភា​ម្នាក់​របស់​ប្រទេស​ម៉ាឡេស៊ី​ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នេះ​ទៀត​ថា៖

«‍ដោយ​បាន​កែប្រែ​ច្បាប់​ជាច្រើន ដើម្បី​ពង្រឹងអំណាច លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្តូរ​លក្ខន្តិកៈ​នៃ​ការ​ប្រកួត​គ្នា ដល់​កម្រិត​មួយ ដែល​មិន​អាច​ធ្វើ​ឲ្យ​ព្រឹទ្ធសភា​ហ្នឹង​ក្លាយ​ជាស្ថាប័ន​តំណាង​ឱ្យ​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា ពិត​ប្រាកដ​ទេ»។

ប៉ុន្តែ លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ប្រាប់​ VOA ​កាល​ពី​ថ្ងៃ​សុក្រ​ថា សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស​នេះ គឺ​គ្រាន់​តែ​មាន​ចរិត​ប្រឆាំង​នឹង​គណបក្ស​កាន់អំណាច​របស់​លោក​ប៉ុណ្ណោះ​ ដោយ​មិន​ឆ្លុះបញ្ចាំង​ពី​ការ​ពិត​នៅ​កម្ពុជា​ទេ។

VOA ​មិន​ទាន់​អាច​ស្នើ​សុំការ​អត្ថាធិប្បាយ​ឆ្លើយតប​ណាមួយ​ពី​មន្ត្រី​នាំ​ពាក្យ​និង​មន្ត្រី​កិច្ចការ​សាធារណៈ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​នៅ​ឡើយ​ទេ គិត​មក​ដល់​ម៉ោង​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ។

ប៉ុន្តែ នៅ​ក្នុង​បទសម្ភាសន៍​កន្លង​មក​ជាមួយ​ VOA អ្នក​នាំ​ពាក្យ​គ.ជ.ប គឺ​លោក ឌឹម សុវណ្ណារុំ បាន​អះអាង​ថា គ.ជ.ប ធ្វើ​ការងារ​របស់​ខ្លួន​តែ​តាម​ច្បាប់​កំណត់​ប៉ុណ្ណោះ រីឯ​ការ​ដែល​គណបក្ស​នយោបាយ​ណា​មួយ​ចង់​ចូលរួមឬ​មិន​ចូល​រួម​ការ​បោះឆ្នោត​ណាមួយ​ មិន​មែន​ជា​រឿង​របស់​ខ្លួន​ទេ។​

ការ​បោះឆ្នោត​ព្រឹទ្ធសភា គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ទី​២៥ ខែ​កុម្ភៈ​ឆ្នាំ​២០១៨​នេះ៕