រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ស្វាគមន៍​ការ​អញ្ជើញ​របស់​លោក​ ត្រាំ ទៅ​កាន់​កិច្ចប្រជុំ​កំពូល​ពិសេស ​អាមេរិក-អាស៊ាន

លោក Robert C. O’Brien ទីប្រឹក្សា​សន្តិសុខ​សហរដ្ឋ​អាមេរិក​ និង​រដ្ឋ​មន្ត្រី​ប្រទេស​អាស៊ាន ថត​រូប​ក្នុង​ជំនួប​កំពូល​អាស៊ាន​-អាមេរិក​ លើក​ទី​៧ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៩។

ក្រុមរដ្ឋ​មន្ត្រី​ការបរទេស​អាស៊ាន​រួមទាំង​កម្ពុជា​ផង​ស្វាគមន៍​ការអញ្ជើញ​របស់​លោកប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ ​ចំពោះ​មេដឹកនាំ​អាស៊ាន​ដើម្បី​ចូលរួម​កិច្ចប្រជុំ កំពូល​អាមេរិក​ អាស៊ាន​ពិសេស​លើក​ទី៨ ​នៅក្នុង​ពេល​បញ្ចប់​កិច្ចប្រជុំ​ពីរថ្ងៃ​របស់​ខ្លួន កាលពី​ថ្ងៃទី​១៧​ ខែមករា​ ដែល​ផ្តោតជា​សំខាន់​លើ​បញ្ហា​វិវាទ​សមុទ្រ​ចិនខាង​ត្បូង​ និង បញ្ហា​ជនភៀស​ខ្លួន​ រ៉ូហ៊ីងយ៉ា​ប្រទេស​ភូមា​នោះ។

នេះបើ​តាម​សេចក្តី​ថ្លែងការណ៍​របស់ លោក ​Pham Binh Minh​ រដ្ឋមន្ត្រី​ការបរទេស​វៀតណាម​ដែល​ជា​ប្រធាន​កិច្ច​ប្រជុំ អាស៊ាន​ដែល​វៀតណាម​ជាម្ចាស់​ផ្ទះ​ឆ្នាំនេះ​បន្ត​ពី​ថៃ។

កិច្ច​ប្រជុំ​កំពូល​អាមេរិក​ អាស៊ាន​ពិសេស​ត្រូវគេ​ដឹង​ថា​គ្រោង​នឹង​ធ្វើ​ឡើង​នៅថ្ងៃ​ទី១៤ ខែ​មីនា​ឆ្នាំ​២០២០​ក្នុង​ទីក្រុង​ឡាវេហ្គាស​ (Las Vegas)​ រដ្ឋនេវ៉ាដា​ (Nevada)។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​ដដែល​បាន​បញ្ជាក់​តាម​ខ្លឹមសារ​ដើម​ថា៖ «យើង​សូម​ស្វាគមន៍​ចំពោះការ​អញ្ជើញ​របស់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដែល​កោះ​ប្រជុំ​កំពូល​ពិសេស​ដើម្បី​រំលឹក​ខួប​លើក​ទី​៥ ​នៃ​ដៃគូ​ជា​យុទ្ធសាស្ត្រ​រវាង អាមេរិក ​និង ​អាស៊ាន​នៅឆ្នាំ​នេះ​ ហើយនឹង​ធ្វើ​របាយការណ៍​ទៅជូន​មេដឹកនាំ​ប្រទេស ដើម្បី​សម្រេច​ជាចុង​ក្រោយ‍»។

លោក ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ​នៃ​ប្រទេស​កម្ពុជា ​បាន​ប្រកាស​កាលពី​ចុងឆ្នាំ​ថា លោក​នឹង​ចូលរួម​ក្នុងកិច្ច​ប្រជុំ​កំពូល​អាមេរិក ​អាស៊ាន ​តាមការ​អញ្ជើញ​របស់​លោក ត្រាំ ​ក្នុងពេល​មេដឹកនាំ​អាស៊ាន​ផ្សេង​កំពុង​ពិចារណា។

ការ​អញ្ជើញ​របស់​លោក ​ត្រាំ​កើតឡើង​ក្រោយ​ពេល​ដែល​លោក ​ត្រាំ ​បាន​លុប​ចោល ការ​ចូល​រួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ​កាល​ពី​ដើម​ខែ វិច្ឆិកា​ឆ្នាំ​២០១៩ ​ដែល​បណ្តាល​ឲ្យមាន​ភាព​រអាក់រអួល​និងការ​អន់ចិត្ត​ពី​មេដឹកនាំ អាស៊ាន​ខ្លះ។

លោក​ ឧបនាយក​រដ្ឋមន្ត្រី ​ប្រាក់ សុខុន​ រដ្ឋមន្ត្រី​ការបរទេស​នៃប្រទេស​កម្ពុជា​បានដឹក​នាំ​គណបក្ស​ប្រតិភូ ​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ចាប់​ពីថ្ងៃ​ទី​១៦ ​ដល់​ ថ្ងៃ​ទី​១៧ ​ខែមករា ​ឆ្នាំ២០២០ ​ក្នុងខេត្ត ​ញ៉ាចាង ​ប្រទេស​វៀតណាម។

សេចក្តី​ថ្លែងការណ៍​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ជាប្រធាន​ឬម្ចាស់ផ្ទះ​បាន​បញ្ជាក់​ថា អាស៊ាន​បាន​បញ្ជាក់​ពីការ​ពង្រីក​តួនាទី​របស់​ខ្លួន​ក្នុងការ​ជួយចំពោះ​បញ្ហា​ រ៉ូហ៊ីងយ៉ា​ លើ​បញ្ហា​មនុស្សធម៌ ​ដំណើរការ​មាតុភូមិ​និវត្តន៍​និងការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព​ក្នុង​រដ្ឋ Rakhine‍ ​ក្រៅពី​បារម្ភ​ចំពោះ​ជម្លោះ​ដណ្តើម​កម្មសិទ្ធិ​ដែនទឹក​នៅសមុទ្រ​ចិន​ខាង​ត្បូង ជាមួយ​ប្រទេស​ចិន​ដែល​គ្រប់គ្រង​ស្ទើរតែ​ទាំង​ស្រុងនោះ​ ហើយ​បង្កើន​ភាព​តានតឹង ធ្វើឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ ​និង​សន្តិភាព​ក្នុង​តំបន់​ជាដើម៕