អុ្នក​លក់​​​ម៉ាស៊ីន​ភ្លើង​​​រីករាយ​​​នឹង​អាជីវ​កម្ម​ខ្លួន​​​​ បន្ទាប់​​​ពី​​​ចរន្ត​អគ្គិសនី​​​ដាច់​​​ជា​​​បន្ត​បន្ទាប់​

ប្រជាពលរដ្ឋ​កំពុង​ស្វែងរក​ទិញ​ម៉ាស៊ីន​ភ្លើង នៅ​ក្នុង​រាជធានី​ភ្នំពេញ តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)

ការ​​​ដាច់​​​ចរន្ត​អគ្គិសនី​​​ជា​ញឹកញាប់ ដែល​​​ចាប់​​​ផ្តើម​​​ឡើង​​​កាលពីខែ​​​មីនា​​​បាន​​​ធ្វើ​​​ឲ្យ​​​​​​អាជីវករ​​​ម៉ាស៊ីន​​​ភ្លើង​​​​​​រីករាយ​​​នឹង​ការលក់ដូរ។​ ប៉ុន្តែប្រជាពលរដ្ឋ​​មួយ​ចំនួន​ទៀត​ ដែល​អាជីវកម្ម​របស់​ពួកគេ​ត្រូវ​ការ​អគ្គិសនី​ជា​ចាំបាច់​ ត្អូញត្អែរ​អំពី​​ម៉ាស៊ីន​ភ្លើង​​ឡើង​ថ្លៃ។

អាជីវ​កម្ម​លក់​ម៉ាស៊ីន​ភ្លើង​នៅ​រាជធានី​ភ្នំពេញកើន​ឡើង​យ៉ាង​គំហុក​ នៅ​ខណៈ​ពេល​ដែល​កម្ពុជា​ខ្វះខាត​ថាមពល​អគ្គិសនី​នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ។ ​

អ្នក​លក់​ម៉ាស៊ីនភ្លើង​មួយ​ចំនួន​នៅ​រាជ​ធានី​ភ្នំពេញ​និយាយ​ថា ​វិបត្តិ​នៃ​ការ​ខ្វះខាត​អគ្គិសនី​នេះ​នាំ​ឲ្យ​ការ​លក់​ដូរ​របស់​ពួកគេ​មាន​ភាព​ប្រសើរ​ឡើង។ ​ពួក​គេ​បាន​ឲ្យ​ដឹង​ថា​ ព្រឹត្តិ​ការណ៍​នេះ​«មិន​ដែល​មានទេ» ​នៅ​ប្រមាណ​២០​ឆ្នាំ​ចុង​ក្រោយ។​

អ្នក​ស្រី ស្រីតូច វ័យ​៣៩​ឆ្នាំ​ប្រកប​របរ​លក់​ម៉ាស៊ីន​ភ្លើង​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​អស់​រយៈ​ពេល​ជាង​២០​ឆ្នាំ​មក​ហើយ​នោះ​បាន​មាន​ប្រសាសន៍​ថា ​ការ​លក់ដូរ​ម៉ាស៊ីនភ្លើង​មាន​ភាព​ប្រសើរ​ឡើង​ខ្លាំង​ក្នុង​មួយ​រយៈ​ពេល​ថ្មីៗ​នេះ។​ ​

«វា​លើស​ទ្វេ​ដង​ មាន​ន័យ​ថា​ គុណនឹង​ពីរ​ ឬ​នឹង​បី​ តែ​វា​មិន​មាន​រយៈ​ពេល​យូរ​ទេ​ គឺ​ប្រហែល​កន្លះ​ខែ ​ឬ​ម្ភៃ​ថ្ងៃ​ប៉ុណ្ណឹង​ឯង។ យើង​មិន​បាន​គ្រោង​ទុក​ ក៏​មិន​ដឹង​ថា​ម៉ាស៊ីន​នឹង​លក់​ដាច់​ដល់​របៀប​ហ្នឹង​ដែរ។​ យើង​ក៏​មិន​បាន​ស្តុក​ទុក​ម៉ាស៊ីន​អី​ដែរ​ ព្រោះ​ថា​ ​ការ​លក់​ម៉ាស៊ីន​អន់ថយ​យូរ​ឆ្នាំ​ហើយ​ ចូល​ដប់​ម្ភៃឆ្នាំ​ហើយ។ ​វា​អត់​ដំណើរ​ការ​ទេ»។​

អ្នក​ស្រី​មាន​ប្រសាសន៍​ថា ​ការ​កើន​ឡើង​នូវ​តម្រូវ​ការ​ម៉ាស៊ីន​ភ្លើង​បាន​ទាក់ទាញ​ឲ្យ​មាន​ការ​លក់​ម៉ាស៊ីន​ភ្លើងតាម​បណ្តាញ​សង្គម​បន្ថែមផង​ដែរ។​

«អ្នក​ខ្លះ​បាន​កុម្មង់​ទិញ​ ​ហើយ​យក​ទៅ​លក់​នៅ​ក្នុង​ហ្វេសប៊ុក​ទាំង​អស់​គ្នា​អ៊ីចឹងអី​ណា»។​

អ្នកស្រី​មាន​ប្រសាសន៍​បន្ថែម​ថា​ ​អតិថិជន​របស់​អ្នកស្រីភាគ​ច្រើនទិញ​ម៉ាស៊ីន​ដែល​មាន​ថាមពល​តូច​គឺ​ពីរ ឬ​បី​គីឡូវ៉ាត់​សម្រាប់ឧបករណ៍​អេឡិចត្រូនិច​ដែល​ពួកគេ​ត្រូវ​ការ​ប្រើប្រាស់ជា​ចាំបាច់​នៅ​តាម​ផ្ទះ។​

ហាង​ម៉ាស៊ីន​ភ្លើង​មួយ​កន្លែង​នៅ​ក្នុង​រាជធានី​ភ្នំពេញ តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ នៅ​ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)

ការ​រាំងស្ងួត​ដែលកម្ពុជាទទួល​រង​ពី​បាតុភូត​អែល​នីណូ(El Nino)​បង្ក​ឱ្យ​អាកាស​ធាតុ​នា​រដូវ​ប្រាំង​នេះ​មាន​សភាព​ក្តៅ​ហួតហែង ហើយសីតុណ្ហ​ភាព​អតិបរមា​អាច​ហក់​ឡើង​ដល់​៤០-៤២°C។​

ការ​រាំងស្ងួតនេះ ​និង​ការ​កើនឡើង​នូវ​ចំនួន​សំណង់​អគារ​ដែល​ភាគ​ច្រើន​ជា​របស់​វិនិយោគិន​ចិន​បាន​បណ្តាល​ឲ្យ​ប្រទេស​កម្ពុជា​ ដែល​ពឹង​ផ្អែក​ច្រើន​លើ​ថាមពល​អគ្គិសនី​បានពី​ទំនប់​វារីអគ្គិសនី ​ជួប​ភាព​យ៉ាប់យឺន។

កន្លង​មក​ ការ​ដាច់ចរន្ត​នេះ​កើត​មានជា​ប្រចាំ​ថ្ងៃ​ និង​ស្ទើរ​គ្រប់​តំបន់​នៅ​តាម​បណ្តា​ខេត្ត​និង​ក្រុងនានា​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ ការ​ដាច់​ចរន្ត​មាន​លក្ខណៈ​ចល័ត​ ហើយនៅ​តាម​តំបន់​មួយចំនួន​ អាច​គ្មាន​អគ្គិសនី​ប្រើប្រាស់​ដល់ទៅ​៦​ម៉ោង​ក្នុង​នៅ​មួយ​ថ្ងៃ។​ ការណ៍​នេះ​ខុស​ពីឆ្នាំ​ទៅ​ ដែល​ការ​ដាច់​ភ្លើង​មាន​រយៈ​ពេល​ខ្លី​ជាង​ និង​មិន​ប្រចាំ​ថ្ងៃ​នោះ​ទេ។

អ្នក​លក់​ម៉ាស៊ីន​ភ្លើង​បាន​ប្រាប់​វីអូអេ​ថា ​អតិថិជន​ដែល​ទិញ​ម៉ាស៊ីន​ភ្លើង​មាន​ការ​កើន​ឡើង​ ជាពិសេស​នៅ​ក្នុង​រយៈ​ពេល​ពីរ​សប្តាហ៍​ចុង​ក្រោយ​នៃ​ខែ​មីនា​ដល់​ប្រមាណ​ពាក់​កណ្តាល​ខែមេសា។

លោក​សុក ហេង ​វ័យ​២២​ឆ្នាំ​ដែល​ធ្វើ​ការ​នៅ​ក្នុង​ហាង​លក់​ម៉ាស៊ីន​ភ្លើង​មួយ ​ក្នុង​រាជធានី​ភ្នំពេញ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ប្រាំ​ បាន​ប្រាប់​វីអូអេ​ថា៖​

​«មួយ​រយៈកាល​ដាច់​ភ្លើង​ជាង​កន្លះ​ខែ​មុន​ ខ្ញុំលក់​ដាច់​បាន​ច្រើនជាង​២០​ទៅ​៣០​គ្រឿង​ក្នុង​មួយ​អាទិត្យ​អីហ្នឹង។ ​ក្នុង​មួយ​ថ្ងៃ​យើង​អាច​លក់​ដាច់​បាន​៦​ទៅ​៧ គ្រឿង។ ​កាល​មួយ​រយៈមិនទាន់​ដាច់​ភ្លើង​ដូច​ឆ្នាំមុន​អ៊ីចឹង​ ​យើង​លក់​បាន​មួយ​ថ្ងៃ​អី ​ជួន​កាល​ដាច់​មួយ​ ​ហើយ​ជួន​កាល​អត់​ទេ‍»។

លោក​មាន​ការ​សប្បាយ​ចិត្ត​ដែលតម្រូវ​ការ​ម៉ាស៊ីន​ភ្លើង​មាន​ការ​កើន​ឡើង​ប្រៀប​ធៀប​នឹង​រយៈ​ពេល​២០​ឆ្នាំ​កន្លង​មក​នេះ។​

«[ខ្ញុំ]​សប្បាយ​ចិត្ត​ហ្មង! ​សប្បាយ​ក្នុង​ការ​លក់ ​ព្រោះ​យើង​ខាន​លក់​មួយ​រយៈ។ ​វា​ដូច​ដាច់​ខ្លះ​ដែរ​ តែ​វា​មិន​សូវ​ខ្លាំង​ដូច​មួយ​រយៈ​ឆ្នាំ​ហ្នឹង។ ​ហើយ​យើង​សប្បាយ​ចិត្ត​ក្នុង​ការ​លក់‍»។​

លោក​បន្ថែម​ថា ក្រុមហ៊ុន​របស់​លោក​នាំ​ចូល​ម៉ាស៊ីន​ភ្លើង​ភាគ​ច្រើន​មក​ពី​ប្រទេស​ជប៉ុន​ ​ហើយ​ម៉ាស៊ីន​ទាំង​នេះ​មាន​តម្លៃ​ចាប់​ពី​៨០០​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ឡើង​ទៅ។​

«អតិថិជន​ទិញ​មាស៊ីន​ភ្លើង​ប្រើសម្រាប់​ផ្គត់ផ្គង់​ជា​លក្ខណៈ​ផ្ទះ​សំណាក់​ ជាហាង​ ជា​ផ្ទះវីឡា​ ជា​ហ្ការ៉ាស​សាំងជា​អូតែល​តូច​ធំ​ធម្មតា‍»។​‍

អ្នក​លក់​ខ្លះ​ទៀត​និយាយ​ថា​ ការ​ដាច់​ភ្លើង​អគ្គិសនី​ជា​ញឹក​ញាប់​នេះ​បាន​ជួយ​ទាក់​ទាញ​អតិថិជន​ថ្មី​សម្រាប់​ពួក​គាត់។​

អ្នកស្រីតាំង ណៃហួ វ័យ​៣២​ឲ្យ​ដឹង​ថា​ ​ក្រុម​គ្រួសារ​អ្នកស្រី​ប្រកប​របរ​លក់​ម៉ាស៊ីន​ភ្លើង​អស់​រយៈ​ពេល​ជាង​២០ឆ្នាំ​មក​ហើយ​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​ប្រាំ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។​ អ្នកស្រី​បាន​ប្រាប់​វីអូអេ​ថា៖​

«ហាង​ខ្ញុំ​ជា​ទូទៅ​មាន​ម៉ូយ​ភាគ​ច្រើន​នៅ​តាម​ការដ្ឋាន​ទេ​ ហើយ​ម៉ូយ​តាម​ផ្ទះ​ ​ពួក​ខ្ញុំ​មិន​សូវ​មាន​ទេ។ ​ដោយសារ​មួយ​រយៈ​នេះ​ដាច់​ភ្លើង​អ៊ីចឹងទៅ​ ខ្ញុំ​ក៏​មាន​អ្នក​មក​ទិញ​ តែ​ម៉ូយ​ខ្ញុំ​គឺ​អ្នក​នៅ​តាម​ការដ្ឋាន​ដដែល​»។

លោក​ស្រី​បន្ថែម​ថា​ គ្រួសារ​របស់​លោក​ស្រី​ដែល​ធ្លាប់​តែ​លក់​ម៉ាស៊ីន​ភ្លើង​សម្រាប់​វិស័យ​កសិកម្ម​នោះ​បាន​ទិញ​ម៉ាស៊ីនភ្លើង​សម្រាប់​ការ​ផ្គត់ផ្គង់​ក្នុង​ផ្ទះ​និង​សម្រាប់​ការ​ប្រើប្រាស់​ក្នុង​ការ​សាងសង់​ផ្សេងៗ។​

«អ្នក​ភ្នំពេញ​ក៏​មានអ្នក​ខាង​ការដ្ឋាន​សាងសង់​ ជន​ជាតិ​ចិន​ក៏មាន​ ខ្មែរ​ក៏មាន ​មាន​គ្រប់​ទាំង​អស់។ ​និយាយ​ទៅ​ មួយ​រយៈ​ហ្នឹង​មាន​គ្រប់​ទាំងអស់ ​អ្នក​រកស៊ី​ផង​ អ្នក​នៅ​ផ្ទះ​ផង»។

រោងចក្រ​អគ្គិសនី​មួយ​នៅ​សង្កាត់​ទួលសង្កែ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)

កាល​ពី​ខែ​មីនា​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​បាន​និយាយ​ថា​ ការ​កើន​ឡើង​នៃ​ការ​សាងសង់​របស់​អ្នក​វិនិយោគ​ដែល​ភាគច្រើន​មក​ពី​ប្រទេស​ចិន ​និង​ការ​ប្រែប្រួល​អាកាសធាតុ​ដែល​នាំ​ឲ្យ​មាន​ការ​រាំង​ស្ងួត​ខ្លាំង​ បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ជួប​ប្រទះ​នឹង​ការ​ខ្វះខាតថាម​ពល​អគ្គិសនី​រហូត​ដល់​៤០០​មេហ្កាវ៉ាត់។ នេះជា​ទំហំ​នៃ​កង្វះ​ខាត​ដែលប្រទេស​កម្ពុជាមិន​ធ្លាប់​បាន​ជួប​ប្រទះ។​

បើ​តាម​លោក​នាយក​រដ្ឋមន្ត្រី​ ​វិស័យ​សំណង់​ក្នុង​រយៈ​ពេល​ពីរ​ខែ​ដើម​ឆ្នាំ២០១៩​បាន​កើន​ឡើងជាង៧០០%​ ប្រៀប​ជាមួយ​នឹង​ឆ្នាំ​មុន​ ឆ្នាំ​២០១៨។ ​ ការណ៍​នេះស្រូប​យក​ការ​ប្រើ​ប្រាស់​ថាម​ពល​អគ្គិសនី​យ៉ាង​គំហុក។​

ការ​ដាច់​ភ្លើង​អគ្គិសនី​ជា​ញឹកញាប់​បាន​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ខ្នាត​តូច​ និង​ធំ​ផ្អាក​ការងារ​របស់​ខ្លួន​មួយរយៈ​ខ្លី។ រីឯ​ប្រជា​ពលរដ្ឋ​ត្អូញត្អែរ​ឥត​ឈប់ឈរ​នឹង​តម្លៃម៉ាស៊ីន​ភ្លើង​ក៏​មាន​ការ​កើន​ឡើង​ផង​ដែរ។​

ខណៈ​ដែល​អាជីវកម្ម​លក់​ម៉ាស៊ីន​ភ្លើង​មាន​ភាព​កាក់​កប​មួយ​រយៈ​ពេល អ្នក​លក់​ទាំង​នេះ​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ខ្លះ​ចោទ​ប្រកាន់​ថា ដំឡើង​ថ្លៃ​ម៉ាស៊ីន​ភ្លើង​ឲ្យ​ខ្ពស់​ជាង​ពេល​ធម្មតា​ ​ប៉ុន្តែ​អ្នក​លក់​ទាំងនេះ​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់នេះ។

ម្ចាស់​អាជីវករ​ម្នាក់​ដែល​សូម​មិន​បញ្ចេញ​ឈ្មោះ​ដោយសារ​លោក​ភ័យ​ខ្លាច​ពី​ការ​ប៉ះពាល់​ដល់​អាជីវកម្ម​របស់​លោក បាន​ប្រាប់​វីអូអេ​ថា​ លោក​ចាប់ផ្តើម​ដើរ​រក​ទិញ​ម៉ាស៊ីន​ភ្លើង​នៅ​ក្នុង​ខែ​មីនា​នៅ​ពេល​ដែល​ការ​ដាច់​ចរន្ត​អគ្គិសនី​ចាប់​ផ្តើម​ប៉ះពាល់​ដល់​អាជីវកម្ម​របស់​លោក។​

លោក​បន្ថែម​ថា​ លោក​បាន​សាកសួរ​ពី​តម្លៃ​ម៉ាស៊ីន​ភ្លើង​នៅ​កន្លែង​មួយ​ចំនួន​ ហើយ​អ្នក​លក់​ប្រាប់​លោក​ថាម៉ាស៊ីន​ភ្លើង​ទំហំ​កណ្តាល មាន​តម្លៃ ចាប់ពី​៧០០​ទៅ​៣៧០០​ដុល្លារ​សហ​រដ្ឋ​អាមេរិក។

លោក​សម្រច​ចិត្ត​មិន​ទិញ​ម៉ាស៊ីន​វិញ​បន្ទាប់ពី​មិត្តភ័ក្តិ​របស់​លោក​បាន​ប្រាប់​លោក​ថា​ ​តម្លៃ​ម៉ាស៊ីន​ភ្លើង​កើន​ឡើង​លើស​ពី​ធម្មតា​ក្រោយ​ការ​ដាច់​ភ្លើង។ ​

លោក​បន្ថែម​ថា​ ការ​ដាច់​ចរន្តអគ្គិសនី​មិន​មាន​ញឹកញាប់​ទៀតទេ​នៅ​ក្នុង​ពេល​ថ្មីៗ​នេះ។

វីអូអេ​បាន​ព្យាយាម​ទាក់ទង​មន្ត្រី​អគ្គិសនី​កម្ពុជា​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ ប៉ុន្តែ​ពុំ​មាន​ការ​ឆ្លើយតប​ទេ។

យោង​ទៅ​លើ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គិសនី​កម្ពុជា​ដែល​ចេញ​កាល​ពី​ខែ​មិនា​បាន​ឲ្យ​ដឹង​ថា​ ​ប្រសិន​បើ​មាន​ភ្លៀង​ធ្លាក់​មុនចុង​ខែ​ឧសភា​ ការ​ផ្គត់ផ្គង់​ចរន្ត​អគ្គិសនី​នេះ​នឹង​មាន​ជា​ធម្មតា​ឡើង​វិញ។​

បន្ទាប់​ពីអាជីវករ​សប្បាយ​រីករាយ​នឹង​ការ​លក់​ម៉ាស៊ីន​ភ្លើង​មិន​បាន​ប៉ុន្មាន​ផង ​ភ្លៀង​បាន​ចាប់​ផ្តើម​ធ្លាក់។​ អ្នក​លក់​ទាំង​នេះ​បាន​និយាយ​ថា អាជីវ​កម្ម​ពួក​គេ​នឹង​វិល​ត្រឡប់​ទៅ​រក​ភាព​ដើម​វិញ៕