អាមេនី និង​អាស៊ែបៃហ្សង់ ចោទ​គ្នា​ទៅវិញ​ទៅមក​ថា​ បាន​រំលោភ​លើ​កិច្ច​ព្រមព្រៀង​ផ្អាក​វាយ​ប្រយុទ្ធ​គ្នា

អ្នកស្រី Lida Sarksyan ដែល​ជា​ម្ចាស់ផ្ទះ ឈរ​នៅក្បែរ​ផ្ទះ​របស់​អ្នកស្រី​ដែល​ត្រូវបាន​បំផ្លាញ​ដោយ​ការបាញ់ផ្លោង​ពី​កាំភ្លើង​ធំ​របស់​កងទ័ព​អាស៊ែបៃហ្សង់​ក្នុង​ពេល​មាន​ជម្លោះ​យោធា​នៅក្នុង​ទីក្រុង Stepanakert នៃ​តំបន់​បំបែក​ខ្លួន Nagorno-Karabakh កាលពី​ថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០។

ប្រទេស​អាមេនី និង​អាស៊ែបៃហ្សង់ បាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅមក​កាលពី​ថ្ងៃ​អាទិត្យ​ថា​ បាន​រំលោភ​លើ​កិច្ច​ព្រមព្រៀង​ផ្អាក​វាយ​ប្រយុទ្ធ​គ្នា​បែប​មនុស្ស​ធម៌​នៅ​ក្នុង​តំបន់​ជម្លោះ Nagorno Karabakh គឺ​ក្នុង​ពេល​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ប៉ុណ្ណោះ បន្ទាប់ពី​កិច្ច​ព្រមព្រៀង​នេះ​បាន​ចូល​ជា​ធរមាន។

ក្រសួង​ការពារ​ប្រទេស​អាមេនី​បាន​បញ្ជាក់​លើ Twitter ថា៖ «ជា​ថ្មី​ម្តង​ទៀត មាន​ការ​រំលោភ​លើ​កិច្ច​ព្រមព្រៀង​ផ្អាក​វាយ​ប្រយុទ្ធ​គ្នា​បែប​មនុស្ស​ធម៌ ដោយ​សត្រូវ​បាន​បាញ់​គ្រាប់​កាំភ្លើង​ត្បាល់​នៅ​ទិស​ខាង​ជើង... និង​បាន​បាញ់​គ្រាប់​រ៉ុកកែត​នៅ​ទិស​ខាង​ត្បូង»។

ក្រសួង​ការពារ​ប្រទេស​អាស៊ែបៃហ្សង់ ក្រោយ​មក​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដែល​បញ្ជាក់​ថា៖ «សត្រូវ​បាន​បាញ់​គ្រាប់​កាំភ្លើង​ធំ​និង​កាំភ្លើង​ត្បាល់​ដាក់​តំបន់​ជុំវិញ​ទីក្រុង Jabrayil និង​ភូមិ​នានា​នៅ​ក្នុង​តំបន់​នោះ»។ ក្រសួង​នេះ​បាន​បន្ថែម​ថា កងទ័ព​អាស៊ែបៃហ្សង់ «បាន​ចាត់​វិធានការ​សមស្រប​សងសឹក​វិញ»។

អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក Antonio Guterres ក៏​បាន​និយាយ​ប្រឆាំង​នឹង​អរិភាព​នេះ​ផង​ដែរ នៅ​ពេល​ដែល​លោក​បាន​ថ្កោលទោស «ការ​វាយ​ប្រហារ​ទាំងអស់​លើ​តំបន់​ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ ដែល​រង​ការប៉ះពាល់​ដោយ​ជម្លោះ​នៃ​តំបន់ Nagorno Karabakh នេះ»។

សេចក្តី​ថ្លែងការណ៍​ដែល​បាន​ផ្សព្វផ្សាយ​ដោយ​លោក Stephan Dujarric អ្នក​នាំពាក្យ​របស់​អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ បាន​បញ្ជាក់​ថា លោក Guterres បាន​ហៅ​ការ​វាយ​ប្រហារ​កាលពី​ពេល​ថ្មីៗ​នេះ​លើ​ទីក្រុង Ganja ដែល​ជា​ទីក្រុង​ធំ​បំផុត​ទី ២ របស់​ប្រទេស​អាស៊ែបៃហ្សង់ ថា​ជា «ការ​មិន​អាច​ទទួល​យក​បាន​ទាំងស្រុង ដូច​ទៅ​នឹង​ការ​វាយ​ប្រហារ​មិន​រើស​មុខ​នៅ​តាម​កន្លែង​ផ្សេងៗ​ទៀត​ផង​ដែរ»៕