លោកស្រី Ardern ធ្វើ​ឱ្យ​នូវែលសេឡង់​ភ្ញាក់ផ្អើល​ដោយ​ការចុះចេញ​ពី​តំណែង​នាយក​រដ្ឋមន្ត្រី

  • ​Reuters

រូបឯកសារ៖ នាយក​រដ្ឋមន្ត្រី​នូវែលសេឡង់​លោកស្រី Jacinda Ardern ថ្លែង​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ទីក្រុង Auckland ប្រទេស​នូវែលសេឡង់ កាលពី​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០។

នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេសនូវែលសេឡង់​លោក​ស្រី Jacinda Ardern នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ធ្វើ​ការប្រកាស​ដ៏​រន្ធត់​មួយ​ថា ​លោក​ស្រី​លែង​បន្ត​ដឹកនាំ​ប្រទេស ​ហើយ​ចុះចេញ​ពី​តំណែង​មិន​ហួស​ពី​ដើម​ខែ​កុម្ភៈ​ ហើយ​នឹង​មិន​ស្វះស្វែង​ឈរឈ្មោះ​បោះឆ្នោត​ម្តង​ទៀត​ទេ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

លោក​ស្រី Ardern ដែល​ប្រឹង​ទប់​ទឹក​ភ្នែក​បាន​និយាយ​ថា ​វា​ជា​ការ​លំបាក​មួយ​សម្រាប់​រយៈ​ពេល​៥ ​ឆ្នាំ​កន្លះ​ជា​នាយក​រដ្ឋមន្ត្រី​ ហើយ​ថា ​លោក​ស្រី​ជា​មនុស្ស​ជាតិ​ម្នាក់​ហើយ​ចាំបាច់​ដកខ្លួន​ចេញ​ពី​តំណែង​នេះ។

ការបោះឆ្នោត​របស់​គណបក្ស​ការងារ​ដែល​ជា​គណបក្ស​កាន់អំណាច​របស់​នូវែលសេឡង់ដើម្បី​ជ្រើសរើស​មេដឹកនាំ​ថ្មី​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ ​មេដឹកនាំ​គណបក្ស​នោះ​នឹង​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រីរហូត​ទាល់​ការបោះឆ្នោត​លើក​ក្រោយ។ អាណត្តិ​របស់​លោក​ស្រី Ardern ជា​មេដឹកនាំ​នឹង​បញ្ចប់​មិន​ហួស​ថ្ងៃ​ទី៧ ខែ​កុម្ភៈ​ ហើយ​ការបោះឆ្នោត​សាកល​មួយ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៤ ខែ​តុលា។

លោក​ស្រី Ardern បាន​និយាយ​ថា ​លោក​ស្រី​ជឿជាក់​ថា ​គណបក្ស​ការងារ​នឹង​ឈ្នះ​ការបោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ។

ឧបនាយករដ្ឋមន្ត្រីនូវែលសេឡង់​លោក Grant Robertson ដែល​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ​លោក​មិន​ស្វះស្វែង​ឈរឈ្មោះ​ជា​មេដឹកនាំ​ថ្មី​របស់​គណបក្ស​ការងារ​នោះ​ទេ។

អ្នក​ធ្វើ​អត្ថាធិប្បាយ​ខាង​នយោបាយ​លោក Ben Thomas បាន​និយាយ​ថា ​ការប្រកាស​របស់​លោក​ស្រី Ardern ជា​ការភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​មួយ​នៅពេល​ដែល​ការស្ទង់មតិ​នៅតែ​ចាត់ទុក​លោកស្រី​ថាជា​នាយក​រដ្ឋមន្ត្រី​ដែល​មាន​ការនិយម​ចូលចិត្ត​នៅ​ក្នុង​ប្រទេស ​ទោះបី​ការគាំទ្រគណបក្ស​របស់​លោកស្រីបាន​ធ្លាក់ចុះ​ពី​កម្រិត​ខ្ពស់​បំផុត​ដែល​គេ​បាន​ឃើញ​ក្នុង​អំឡុង​នៃ​ការបោះ​ឆ្នោត​ឆ្នាំ២០២០។
លោក Thomas បាន​និយាយ​ទៀត​ថា​មិន​មាន​អ្នក​ស្នង​តំណែង​ពិត​ប្រាកដ​ទេ។

លោក​ស្រី Arderm បាន​និយាយ​ថា លោក​ស្រី​មិន​មែន​ចុះចេញ​ពី​តំណែង​ពីព្រោះតែ​ការងារ​ពិបាក​នោះ​ទេ ក៏ប៉ុន្តែ ពីព្រោះតែ​លោក​ស្រី​ជឿ​ថា ​មនុស្ស​ផ្សេង​ទៀត​អាច​ធ្វើ​ការងារ​នោះ​ប្រសើ​ជាង។

លោក​ស្រី​បាន​ប្រាប់​កូនស្រី​របស់​លោកស្រី​ឈ្មោះ Neve ថា លោក​ស្រី​រំពឹង​នឹង​ស្ថិត​នៅ​ទី​នោះ​នៅពេល​នាង​ចាប់ផ្តើម​ចូលរៀន​នៅ​ឆ្នាំ​នេះ​ ហើយ​លោក​ស្រី​បាន​ប្រាប់​លោក Clarke Gayford ដែល​ជា​ដៃគូ​យូរយា​របស់​លោកស្រី​ថា​ វា​ជា​ពេលវេលា​ដែល​ពួកគេ​ទាំង២ត្រូវ​រៀបការ​ហើយ៕