នាយករដ្ឋមន្ត្រីប្រទេសនូវែលសេឡង់ បានប្រកាសកាលពីថ្ងៃចន្ទថា ទីក្រុងដ៏ធំបំផុតរបស់ប្រទេសនេះដែលមានពលរដ្ឋរស់នៅប្រមាណ ១លាន ៧សែននាក់ នឹងនៅបន្តការបិទសកម្មភាពសង្គមដ៏តឹងរឹងរបស់ខ្លួនដើម្បីទប់ទល់និងការផ្ទុះឡើងក្នុងទ្រង់ទ្រាយតូចទាក់ទិននឹងវីរុសកូរ៉ូណាបំប្លែងខ្លួនថ្មីដែលតាដែលមានការឆ្លងយ៉ាងលឿន។
នាយករដ្ឋមន្រ្តីនូវែលសេឡង់លោកស្រី Jacinda Ardern បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា «ជាការច្បាស់ណាស់ វាពុំមានការឆ្លងក្នុងទ្រង់ទ្រាយធំនៃវីរុសបំប្លែងខ្លួនថ្មីក្នុងទីក្រុង Auckland នោះទេ។ ប៉ុន្តែដោយសារតែយើងមានករណីឆ្លងថ្មីៗកើតមានឡើងមានហានីភ័យ»។
ការបិទសកម្មភាពសង្គមក្នុងទីក្រុង Auckland នៅក្នុងប្រទេសនូវែលសេឡង់ ត្រូវបានពន្យាពេលរហូតដល់ថ្ងៃទី២១ ខែកញ្ញាខាងមុខនេះ ដោយក្នុងនោះគេបានរកឃើញនូវការឆ្លងថ្មីៗចំនួន៣៣ករណីកាលពីថ្ងៃចន្ទ បន្ទាប់ពីមានរបាយការណ៍នៃការឆ្លង២៣ករណីកាលពីថ្ងៃសៅរ៍ និង២០ករណីកាលពីថ្ងៃអាទិត្យ។
ចំណែកនៅក្នុងប្រទេសអ៊ីស្រាអែលឯណោះវិញ ប្រទេសនេះបានព្រមានថា ពលរដ្ឋអ៊ីស្រាអែល ដែលធ្វើដំណើរទៅចូលរួមក្នុងពិធីបុណ្យ Rosh Hashanah ក្នុងទីក្រុង Uman នៃប្រទេសអ៊ុយក្រែន ហើយត្រឡប់មកប្រទេសអ៊ីស្រាអែលវិញ ដែលបង្ហាញលទ្ធផលតេសកូវីដអវិជ្ជមានក្លែងក្លាយ នឹងត្រូវប្រឈមទោសព្រហ្មទណ្ឌ។
ដោយឡែកនៅក្នុងចក្រភពអង់គ្លេស ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃអាទិត្យថា ខ្លួនបានដកចេញនូវការសម្រេចរបស់ខ្លួនដែលតម្រូវឲ្យអ្នកចូលរង្គសាលនិងក្លឹបរាត្រីត្រូវបង្ហាញលិខិតចាក់វ៉ាក់ សាំង។
នៅក្នុងប្រទេសបង់ក្លាដែសវិញ ប្រទេសនេះ បានបើកសាលារៀនដំណើរការឡើងវិញហើយ បន្ទាប់ពីបានបិទអស់រយៈពេល៥០០ថ្ងៃកន្លងទៅ។ រដ្ឋាភិបាលបង់ក្លាដែសបានប្រកាសថា គ្រូបង្រៀនប្រ មាណ ៩៧% នៅទូទាំងប្រទេស បានទទួលវ៉ាក់សាំងគ្រប់ដូសរួចហើយ។
សាកលវិទ្យាល័យ Johns Hopkins របស់សហរដ្ឋអាមេរិក បានប្រាប់ឲ្យដឹងកាលពីព្រឹកថ្ងៃចន្ទថា ខ្លួនបានកត់ត្រាការឆ្លងទូទាំងពិភពលោកមាន 224,7 លានករណី៕
ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះ ដកស្រង់ពីទីភ្នាក់ងារព័ត៌មាន Reuters។