សាលាឧទ្ធរណ៍នៅថ្ងៃច័ន្ទនេះ បានសម្រេចច្រានចោលពាក្យបណ្តឹងរបស់ក្រុមមេធាវីការពារក្តីលោក កឹម សុខា ចំនួនបួនរូប ដែលប្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចនាំលោកកឹម សុខាមេដឹកនាំគណបក្សប្រឆាំងយកមកកាត់ទោស ក្នុងសំណុំរឿងក្បត់ជាតិដែលបានអូសបន្លាយពេលជាងពីរឆ្នាំមកនេះ។ នេះបើយោងតាមការបញ្ជាក់របស់ស្មាក្តីមួយរូបរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ។
លោកមេធាវី ផែង ហេង មេធាវីមួយរូបក្នុងចំណោមមេធាវីបួនរូបដែលបានឡើងការពារក្តីលោកកឹម សុខា នៅថ្ងៃច័ន្ទនេះ ប្រាប់ VOA ថា តុលាការឧទ្ធរណ៍ បានសម្រេចតម្កល់ការសម្រេចរបស់ តុលាការក្រុងភ្នំពេញដែលគ្រោងនឹងបើកសវនាការកាត់ទោសលោក កឹម សុខា ឲ្យនៅជាបានការដដែល។
«សាលាឧទ្ធរណ៍បដិសេធបណ្តឹង និងតម្កល់ការបញ្ជូនដីកាទៅជំនុំជម្រះរបស់ចៅក្រមស៊ើបសួរ សាលាដំបូង ទុកជាការត្រឹមត្រូវ»។
លោក កឹម សុខា វ័យ៦៦ ឆ្នាំ ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយចោលកាលពីឆ្នាំ២០១៧ កំពុងរងការចោទប្រកាន់ពីបទ«សន្និដ្ឋិភាពជាមួយបរទេស»។ តាមរយៈបទចោទនេះ លោកកឹម សុខា អាចប្រឈមនឹងការជាប់ពន្ធនាគារពី១៥ ទៅ៣០ឆ្នាំ ប្រសិនបើតុលាការរកឃើញថាលោកមានទោស។
លោក ផែង ហេង ដែលជាស្មាក្តីលោកកឹម សុខា បញ្ជាក់ថា ក្រុមស្មាក្តីនឹងពិភ្សាជាមួយកូនក្តី អំពីនីតិវិធីដែលត្រូវធ្វើបន្តទៅមុខទៀត បន្ទាប់ពីតុលាការឧទ្ធរណ៍ច្រានចោលបណ្តឹងសាទុក្ខលោក កឹម សុខា។
តុលាការក្រុងភ្នំពេញ បានសម្រេចយកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ខាងមុខ ដើម្បីបើកការជំនុំជម្រះទោសលោក កឹម សុខា។ នេះបើតាមការបញ្ជាក់របស់លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ។
លោក កឹម សុខា អតីតអនុប្រធានទីមួយនៃរដ្ឋសភាត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចឲ្យរួចពីការជាប់ឃុំក្នុងផ្ទះ កាលពីថ្ងៃទី១០ ខែវិច្ឆិកា។
ការសម្រេចរបស់តុលាការក្រុងភ្នំពេញនេះ ធ្វើឡើងឡើង ពីរថ្ងៃមុនពេលសហភាពអឺរ៉ុបចេញរបាយការណ៍បឋមលើកទីពីររបស់ខ្លួនស្តីពីស្ថានភាពប្រទេសកម្ពុជាក្រោមក្របខ័ណ្ឌឋានៈអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ» ឬ ហៅថា EBA។
ក្រោយពីបានសេរីភាពខ្លះៗមកនោះ លោក កឹម សុខា អាចមានសិទ្ធិដើរហើរនៅក្នុងប្រទេស។ ប៉ុន្តែអ្នកនយោបាយវ័យចំណាស់រូបនេះ មិនទាន់មានសិទ្ធិពេញលេញសម្រាប់ធ្វើសកម្មភាពនយោបាយនោះទេ។
លោក កឹម សុខា បានប្រើប្រាស់ពេលដែលលោកមិនស្ថិតក្រោមការឃុំខ្លួនក្នុងផ្ទះនេះ ជួបពិភាក្សាជាមួយតំណាងអង្គទូតជាច្រើននាក់ប្រចាំប្រទេសកម្ពុជា។ តំណាងអង្គទូតទាំងនោះ គឺភាគច្រើនជាតំណាងប្រទេសនៅលោកខាងលិច។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) កត់សម្គាល់ថា សំណុំរឿងលោក កឹម សុខា មានជាប់ពាក់ព័ន្ធនឹងរបាយការណ៍របស់សហភាពអឺរ៉ុប ដែលបានព្រមានដកការអនុគ្រោះពន្ធលើការនាំទំនិញរបស់កម្ពុជា ប្រសិនបើរដ្ឋាភិបាលប្រទេសនេះមិនធ្វើឲ្យការគោរពសិទ្ធិមនុស្សប្រសើរឡើងវិញ។
មន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់រូបនេះ បានបន្ថែមថា សកម្មភាពរបស់តុលាការកម្ពុជា ក្នុងការជម្រះក្តីលោកកឹម សុខានេះ បានស្ថិតនៅក្រោមការឃ្លាំមើលពីភាគីសហគមន៍អឺរ៉ុប។
«បើសិនជាដំណើរទៅវាសមស្រប ដែលគេមើលទៅ គេអាចទទួលយកបានអាហ្នឹងវាមិនអីទេ។ ប៉ុន្តែបើសិន ជាដំណើរការហ្នឹងវា មិនសមស្រប ចាត់ទុកថា វាមានយុត្តិធម៌ សម្រាប់លោក ឯកឧត្តមកឹម សុខាអាហ្នឹង នឹងទទួលការរិះគន់បន្តទៀត ហើយនិងមាន អាលក្ខខណ្ឌអីបន្តទៅទៀតចឹងហើយ»។
លោក កឹម សុខាត្រូវបានចាប់ខ្លួននៅគេហដ្ឋានរបស់លោកក្នុងខណ្ឌទួលគោក កាលពីយប់រំលងអាធ្រាត្រ ថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។
លោករងការចោទប្រកាន់ថា បានប្រព្រឹត្តអំពើក្បត់ជាតិ ដោយការរួមគំនិតជាមួយសហរដ្ឋអាមេរិក ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលលោកហ៊ុន សែន។ ទាំងលោក កឹម សុខា និងសហរដ្ឋអាមេរិកបានច្រានចោលការចោទប្រកាន់នេះ។
ក្រោយការសម្រេចរបស់តុលាការក្រុងភ្នំពេញដែលគ្រោងនឹងបើកកសវនាការជំនុំជម្រះ ទោសលោកកឹម សុខានោះ តំណាងរាស្ត្រសហរដ្ឋអាមេរិកមួយចំនួន បានប្រតិកម្មទៅនឹងការសម្រេចរបស់តុលាការក្រុងភ្នំពេញ ជាមួយនឹងការព្រមានធ្ងន់ៗ និងការអធិប្បាយជាច្រើនការពារសុចរិតភាពរបស់លោកកឹម សុខា។
លោក អាឡាំង ឡូវឹនសល (Alan Lowenthal) សហប្រធាននៃក្រុមអ្នកតំណាងរាស្ត្រទទួលបន្ទុកកិច្ចការកម្ពុជា ដែលមកពីគណបក្សប្រជាធិបតេយ្យ បានរិះគន់ចំណាត់ការរបស់តុលាការរាជធានីភ្នំពេញ។
តំណាងរាស្ត្ររូបនេះអះអាងថា លោក កឹម សុខា បានរងការចោទប្រកាន់ពីបទក្បត់ជាតិដោយលោកមិនបានធ្វើអ្វីទាំងអស់ក្រៅពីដឹកនាំគណបក្សរបស់លោកប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ លោក អាឡាំង ឡូវឹនសលបន្ថែមថា របបលោក ហ៊ុន សែន នឹងរងទណ្ឌកម្មធ្ងន់ធ្ងរពីសហគមន៍អន្តរជាតិ ប្រសិនបើនៅបន្តសកម្មភាពគាបសង្កត់ប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងប្រឆាំងនឹងឆន្ទៈពលរដ្ឋកម្ពុជា៕