Your browser doesn’t support HTML5
ភ្នំពេញ៖ បញ្ញវន្តខ្មែរម្នាក់និយាយថា ការដំឡើងប្រាក់ខែគ្រូបង្រៀននិងការលុបបំបាត់អំពើពុករលួយក្នុងវិស័យអប់រំគឺជាកំណែទម្រង់ជាគន្លឹះដែលត្រូវតែធ្វើ ដើម្បីធានាឲ្យគុណភាពអប់រំនៅកម្ពុជាប្រសើរឡើងនិងអាចបង្កើនសមត្ថភាពប្រកួតប្រជែងរបស់យុវជនខ្មែរនៅពេលខាងមុខ។
លោកប៉ា ច័ន្ទរឿនបេក្ខជនបណ្ឌិតនៅសាកលវិទ្យាល័យឆាលស្ទឺតក្នុងប្រទេសអូស្ត្រាលី បានថ្លែងនៅក្នុងកម្មវិធី «ហេឡូវីអូអេ» កាលពីថ្ងៃច័ន្ទថា គ្រូបង្រៀនត្រូវការប្រាក់ខែច្រើនជាងពេលបច្ចុប្បន្ន ដើម្បីឲ្យពួកគេអាចរស់នៅបានសមរម្យក្នុងសង្គមបច្ចុប្បន្នបាន។
«ជាទូទៅ គ្រូបង្រៀនជាច្រើនតែងតែត្អូញថា ក្រពះឃ្លានបង្រៀនមិនកើត។ ដូច្នេះរដ្ឋាភិបាលត្រូវដំឡើងប្រាក់ខែដល់គ្រូបង្រៀននិងបុគ្គលិកអប់រំឲ្យពួកគាត់អាចមានជីវភាពរស់នៅសមរម្យ ដើម្បីឲ្យពួកគាត់អាចពង្រឹងទាំងក្រមសីលធម៌ និងវិជ្ជាជីវៈគ្រូបង្រៀនបាន»។
គ្រូបង្រៀននៅកម្ពជា ជាមធ្យមទទួលបានប្រាក់ខែប្រមាណ១០០ដុល្លារ ក្នុងមួយខែដោយរាប់បញ្ជូលទាំងការដំឡើងកាំប្រាក់ខែនាពេលថ្មីៗនេះផង។
ប្រាក់ខែតិចនេះបានញាំងឲ្យគ្រូបង្រៀនជាច្រើនមិនគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ដោយទារលុយពីសិស្សនៅក្នុងម៉ោងសិក្សារបស់រដ្ឋ បង្ខំឲ្យសិស្សទិញក្រដាសមេរៀន និងរៀនគួរក្រៅម៉ោងជាដើម។
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ កាលពីថ្ងៃអាទិត្យ បាននិយាយថា គ្រូបង្រៀនត្រូវការប្រាក់ខែយ៉ាងតិច១លានរៀន ឬ២៥០ដុល្លារក្នុងមួយខែ ដើម្បីឲ្យពួកគេអាចទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួនបាន និងអាចផ្តោតទៅការបង្រៀនបានប្រសើរជាងមុន។
លោកប៉ា ច័ន្ទរឿន ដែលជាសាស្ត្រាចារ្យជាន់ខ្ពស់នៃសាកលវិទ្យាល័យឯកជនមួយក្នុងទីក្រុងភ្នំពេញផងដែរនោះ មានប្រសាសន៍ថា ការទាមទារការដំឡើងប្រាក់ខែរបស់គ្រូបង្រៀននេះគឺជារឿងសមរម្យ បើគិតពីតម្លៃទំនិញនៅតាមទីផ្សារដែលកើនឡើងនាពេលបច្ចុប្បន្ននេះ។
«ប្រាក់ខែ១លានរៀលក្នុងមួយខែនេះគឺជាប្រាក់ខែមួយដែលមិនច្រើនទេ ហើយវាក៏ជាកម្រិតមួយដែលគ្រូបង្រៀន ឬមន្ត្រីអប់រំ គាត់អាចយកទៅទ្រទ្រង់ជីវិតរស់នៅបាន ដោយផ្អែកលើតម្លៃនៃការរស់នៅក្នុងសង្គមខ្មែរយើងនាពេលបច្ចុប្បន្ននេះ»។
លោកមានប្រសាសន៍បន្ថែមថា ការដំឡើងប្រាក់ខែគ្រូបង្រៀនអាចធ្វើទៅបានតាមរយៈការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធប្រមូលពន្ធឲ្យបានល្អប្រសើរជាងពេលបច្ចុប្បន្ន និងការលុបបំបាត់អំពើពុករលួយនៅក្នុងរដ្ឋការអប់រំខ្លួនឯងតែម្តង។
«ចំណុចដែលសំខាន់បំផុតនោះគឺថា តើលោករដ្ឋមន្ត្រីថ្មីនៃក្រសួងអប់រំមានឆន្ទៈក្នុងការឆ្កឹះដង្កូវចេញពីសាច់ដែរឬទេ? ថាតើគាត់ហ៊ានបណ្តេញមន្ត្រីពុករលួយចេញពីក្របខណ្ឌក្រសួងអប់រំនិងដាក់ទោសពួកគេទៅតាមផ្លូវច្បាប់ដែរឬទេ»។
ជារៀងរាល់ឆ្នាំ តែងមានរបាយការណ៍ជាហូរហែអំពីការលិចធ្លាយវិញ្ញាសារ មុនពេលប្រឡងថ្នាក់ជាតិនិងការសូកនិងស៊ីសំណូកពីសំណាក់សិស្ស និងគ្រូប្រចាំថ្នាក់ឬអនុរក្សតាមមណ្ឌលប្រឡង ជាថ្នូរនឹងការអនុញ្ញាតឲ្យសិស្សលួចចម្លងគ្នា ឬឯកសារមេរៀនជាដើម។
លោកច័ន្ធរឿនមានប្រសាសន៍ថា មានកត្តាបីយ៉ាងដែលកំណត់ថា តើអំពើពុករលួយនេះអាចនឹងត្រូវបានលុបបំបាត់បានឬអត់នោះ។
«កត្តាទាំងបីនោះគឺឆន្ទៈនយោបាយ ឆន្ទៈនយោបាយ និងឆន្ទៈនយោបាយ»។
រដ្ឋាភិបាលកន្លងមកនិយាយថា ខ្លួនមិនអាចដំឡើងប្រាក់ខែឲ្យបានខ្ពស់តាមការទាមទារដល់បុគ្គលិកអប់រំជាង១១២០០០នាក់ទូទាំងប្រទេសនោះបានទេ ដោយសារថវិការដ្ឋមានកម្រិតតិចតួច។
តែទោះជាយ៉ាងនេះក្តី រដ្ឋមន្ត្រីថ្មីនៃក្រសួងអប់រំគឺលោកបណ្ឌិត ហង់ ជួនណារ៉ុនបានថ្លែងកាលពីថ្ងៃច័ន្ទនៅក្នុងពិធីប្រារព្ធទិវាគ្រូបង្រៀនពិភពលោកថា លោកនឹងចាត់វិធានការលុបបំបាត់អំពើពុករលួយនិងការសូកប៉ាន់ទាក់ទងនឹងការប្រឡង ដើម្បី«លើកកម្ពស់ការគោរពចំពោះគ្រូបង្រៀននិងស្តារកិត្តិយសរបស់គ្រូបង្រៀនឡើងវិញ»។
ទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹង ថាតើវិធានការជាក់លាក់ណាខ្លះនឹងត្រូវយកមកអនុវត្តដើម្បីដោះស្រាយបញ្ជានេះនៅឡើយទេ។
លោកប៉ា ច័ន្ទរឿនមានប្រសាសន៍ថា ប្រជាពលរដ្ឋនឹងក្លាយជាអ្នកកំណត់ជោគវាសនារដ្ឋាភិបាលអាណត្តិក្រោយ ប្រសិនបើការសន្យាអំពីកំណែទម្រង់ការអប់រំមិនត្រូវបានគោរពទេនោះ។
«ប្រជាជននាពេលបច្ចុប្បន្នមានការឈឺឆ្អាលទៅនឹងបញ្ហារបស់ប្រទេសជាតិគឺលោកតែងតែតាមដានអំពីការប្រព្រឹត្តនិងការអនុវត្តការងាររបស់ថ្នាក់ដឹកនាំរដ្ឋាភិបាល ដូច្នេះបើសិនជាការសន្យាថា នឹងធ្វើកំណែទម្រង់ស៊ីជម្រៅទាក់ទងនឹងការធ្វើឲ្យប្រសើរឡើងនូវគុណភាពអប់រំ មិនត្រូវបានបំពេញនៅក្នុងអាណត្តិនេះទេ ខ្ញុំគិតថា ប្រជាជននឹងកាត់ទោសរដ្ឋាភិបាលអាណត្តិបច្ចុប្បន្ននេះ នៅក្នុងការបោះឆ្នោតអាណត្តិក្រោយ»៕