លោកស្រី​អធិការបតី ​Angela Merkel​ ជួប​ជាមួយ​លោក ត្រាំ​ នៅ​ឯ​សេតវិមាន

លោក​ ដូណាល់ ត្រាំ (ស្ដាំ) និង​លោក​ស្រី Angela Merkel ជួប​គ្នា​នៅ​បន្ទប់​រាង​ពង​ក្រពើ​របស់​សេត​វិមាន កាល​ពី​ថ្ងៃទី​២៧ មេសា ២០១៨។

លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkelធ្វើ​ទស្សនៈ​កិច្ច​មួយ​ថ្ងៃ​នៅ​ឯ​សេតវិមាន​កាល​ពី​ថ្ងៃសុក្រ​ដើម្បី​ជួប​ប្រជុំ​ជាមួយ​លោកប្រធានាធិបតី ដូណាល់ ត្រាំ។

កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ដំណើរ​ទស្សនៈកិច្ច​ផ្លូវរដ្ឋ​រយៈ​ពេល​បីថ្ងៃ​ក្នុង​សហរដ្ឋអាមេរិក​របស់​លោក​ប្រធានាធិបតី​បារាំង Emmanuel Macon។

ដំណើរ​ទស្សនៈ​កិច្ច​របស់​មេដឹកនាំ​ទាំងនេះ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ត្រូវ​បាន​គេ​យល់​ឃើញ​ថា​ជា​កិច្ចប្រឹង​ប្រែង​រួមគ្នា​ដើម្បី​បញ្ចុះ​បញ្ចូល​លោក​ប្រធានាធិបតី ត្រាំ​ មិន​ឲ្យ​បោះ​បង់​ចោលកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ និង​ផ្តល់​ការ​លើកលែង​ពន្ធគយ​ជា​អចិន្ត្រៃយ៍​លើ​ដែក​ថែប​ និង​អាលុយមីញ៉ូម​របស់​ប្រទេស​ជា​មាជិក​សហភាព​អ៊ឺរ៉ុប។

ខណៈ​មិត្តភាព​ស្និតស្នាល​រវាង​លោក ត្រាំ​ និង​លោក Macron ត្រូវ​បាន​បង្ហាញ​នៅ​អំឡុង​ពេល​ទស្សនៈកិច្ច​របស់​លោក​ Macron​ នោះ​ ទំនាក់​ទំនង​រវាង​លោក ត្រាំ​ និង​លោកស្រី Merkel បង្ហាញ​ថា​មិន​សូវ​មាន​ភាពស្និតស្នាល​នោះ​ទេ។ មាន​សេចក្តី​រាយការណ៍​ថា​នៅ​អំឡុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​ពួកគេ​កាល​ពី​ ខែមិនា​ឆ្នាំ២០១៧​ លោក ត្រាំ​ មិន​ព្រម​ចាប់​ដៃ​លោកស្រី Merkel ហើយ​បន្ទាប់​មក​ មេ​ដឹកនាំ​ទាំងពីរ​មិន​បាន​និយាយ​រក​គ្នា​អស់​រយៈ​ពេល​៥ខែ​ រហូត​ដល់​មាន​ជំនួប​តាម​ទូរស័ព្ទ​រវាង​មេដឹកនាំ​ទាំងពីរ​កាល​ពី​ថ្ងៃទី១ខែមិនា​កន្លង​ទៅ​នេះ។

នៅ​អំឡុង​ដំណើរ​ទស្សនៈកិច្ច​របស់​លោក ​Macron លោក​បាន​ស្នើ​លោក ត្រាំ​ និង​សភា​សហរដ្ឋ​អាមេរិក​ម្តង​ហើយ​ម្តង​ទៀត​ កុំ​ឲ្យ​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ២០១៥។ លោក ត្រាំ​ បាន​ហៅ​កិច្ចព្រមព្រៀង​ដែល​បាន​ចរចា​ក្រោម​រដ្ឋបាល​របស់​លោក អូបាម៉ា​ ថា​ជា​កិច្ចព្រមព្រៀង​ដែល​អាក្រក់​បំផុត៕