ជាមួយនឹងការតែងតាំងឯកអគ្គរដ្ឋទូតចិនថ្មីមកកាន់កម្ពុជា អ្នកវិភាគមួយចំនួនមើលឃើញថា ការតែងតាំងលោក Wang Wenbin ត្រូវបានធ្វើឡើងដោយផ្អែកលើនិន្នាការភូមិសាស្ត្រនយោបាយក្នុងតំបន់។
អតីតអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិនថ្មី ប្រចាំប្រទេសកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន China Daily របស់ប្រទេសចិន។
ការចាត់តាំងនេះត្រូវបានបញ្ជាក់កាលពីថ្ងៃទី ៤ ខែមិថុនានេះ ដោយទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន ដែលជាស្ថាប័នគ្រប់គ្រងជំនួយបរទេស បន្ទាប់ពីកិច្ចប្រជុំជាមួយប្រធានទីភ្នាក់ងារលោក Luo Zhaohui។
លោក Wang Wenbin មានអាយុ ៥៣ ឆ្នាំ ពេលកំពុងបម្រើការជាអ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន និងមានបទពិសោធន៍ផ្នែកការទូតជាង ៣០ ឆ្នាំ។ លោកក៏ត្រូវបានគេស្គាល់ថា ជាអ្នកដែលពូកែវោហាសាស្ត្រក្នុងការឆ្លើយតបជាមួយនឹងបញ្ហាទំនាក់ទំនងការទូតរបស់ចិន ជាពិសេសទៅកាន់បណ្តាប្រទេសដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីស្ថានទូតចិនប្រចាំកម្ពុជា តាមសារអ៊ីម៉ែលបាននៅឡើយទេ។
អ្នកតាមដានភូមិសាស្ត្រនយោបាយអន្តរជាតិលោក សេង វណ្ណលី ប្រាប់វីអូអេថា ការផ្លាស់ប្តូរ និងចាត់តាំងឯកអគ្គរដ្ឋទូតថ្មីគឺជាការអនុវត្តផ្នែកការទូតទូទៅរបស់ប្រទេសនីមួយៗ ប៉ុន្តែលោកកត់សម្គាល់ថា នៅក្នុងអាណតិ្តនេះ រដ្ឋាភិបាលទីក្រុងប៉េកាំងបានបញ្ជូនមន្ត្រីការទូតជាន់ខ្ពស់របស់ខ្លួនមកកម្ពុជាគឺបានបង្ហាញថា ចិនពិតជាយកចិត្តទុកដាក់ខ្លាំងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសដែលជិតស្និទនឹងខ្លួននេះ។
លោកថ្លែងថា៖ «ដូចជាកម្ពុជាគឺតែងតែចង់បានមន្ត្រីការទូតដែលមានតួនាទី និងឋានៈខ្ពស់នៅក្នុងក្រសួងការបរទេសនៃប្រទេសទាំងពីរហ្នឹង។ ជាទូទៅនៅពេលដែលមានការតែងតាំង ប្រទេសដែលជាម្ចាស់ផ្ទះតែងតែចង់ឃើញប្រទេសដែលមានកិច្ចសហការផ្នែកការទូតរបស់ខ្លួនតែងតាំងមន្ត្រីដែលមានតួនាទីខ្ពស់ ដោយសារតែការតែងតាំងមន្រ្តីដែលមានតួនាទីខ្ពស់មកកាន់ប្រទេសមួយដែលជាប្រទេសម្ចាស់ផ្ទះហ្នឹង វាបង្ហាញអំពីពីការផ្តល់សារៈសំខាន់នៃទំនាក់ទំនងរវាងប្រទេសខ្លួន និងប្រទេសម្ចាស់ផ្ទះ»។
លោក សេង វណ្ណលី បន្ថែមទៀតថា រដ្ឋាភិបាលចិនបានពង្រឹងសមត្ថភាពនយោបាយការទូតរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យជំនាញក្នុងការធ្វើការរបស់មន្រ្តីការទូតចិនក៏មានសមត្ថភាពខ្លាំងផងដែរ។ លោកបន្តថា បច្ចុប្បន្ននេះមន្ត្រីការទូតរបស់ចិនសុទ្ធតែវ័យក្មេង និងសកម្ម ដោយទទួលបានការបណ្តុះបណ្តាលបានទូលំទូលាយជាងមុន។
សាស្ត្រាចារ្យវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណារ៉ា យល់ឃើញថា ការចាត់តាំងលោក Wang Wenbin ជាឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជានេះ ដោយសារតែលោកស្គាល់ និងយល់ច្បាស់ពីកិច្ចការទំនាក់ទំនងកម្ពុជា-ចិន។
លោកថ្លែងថា៖ «ខ្ញុំគិតថា នៅពេលដែលលោកចូលមកកាន់តំណែងជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសកម្ពុជា លោកនឹងដើរតួនាទីសកម្មដូចដែលលោកធ្លាប់ធ្វើជាអ្នកនាំពាក្យក្រសួងការបរទេសចិន ហើយក៏អាចជំរុញកិច្ចការភាពជិតស្និទនៅក្នុងនយោបាយកម្ពុជា-ចិន គាំទ្រគ្នានៅលើឆាកអន្តរជាតិអាចកាន់តែមានសន្ទុះខ្លាំង ហើយមានភាពស្និទស្នាលខ្លាំងឡើងជាងមុន»។
បើតាមសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយរូបនេះ ទំនាក់ទំនងកម្ពុជា-ចិននៅតែបន្តមានភាពស្អិតល្មួត និងរក្សាបាននូវមិត្តភាពត្បូងពេជ្រដដែល ហើយនឹងបន្តអនុវត្តនូវកិច្ចសហប្រតិបត្តិការដែល បានចុះនៅក្នុងកិច្ចព្រមព្រៀងដូចជាការអនុវត្តពាណិជ្ជកម្មសេរី និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។
ស្របពេលជាមួយគ្នានេះ សហរដ្ឋអាមេរិកក៏នឹងចាត់តាំងមន្រ្តីការបរទេសជាន់ខ្ពស់គឺលោក Robert Forden ឱ្យធ្វើជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។ លោក Robert Forden គឺជាសមាជិកផ្នែកកិច្ចការបរទេសជាន់ខ្ពស់ ដែលមានឋានៈជាទីប្រឹក្សារបស់រដ្ឋមន្ត្រី ហើយបច្ចុប្បន្ននេះ លោកកំពុងបំពេញតួនាទីជាទីប្រឹក្សាជាន់ខ្ពស់នៅការិយាល័យ កិច្ចការអាស៊ីខាងកើត និងប៉ាស៊ីហ្វិកនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។
រដ្ឋាភិបាលកម្ពុជាកាន់តែមានភាពស្និទ្ធស្នាលនឹងប្រទេសចិន ដោយបានសរសើរគម្រោងគំនិតផ្តួចផ្តើមផ្លូវក្រវាត់ ពាណិជ្ជកម្មចិន (Belt and Road Initiative ឬBRI) បើទោះមានភាពចម្រូងចម្រាសដែលលើកឡើងថា គម្រោងមួយនេះអាចត្រូវបានប្រើប្រាស់ជាអន្ទាក់បំណុល ហើយចិនអាចមានឥទ្ធិពលលើប្រទេសដែលខ្ចីបំណុលពីចិនច្រើនសន្ធឹកសន្ធាប់ ហើយមានការលំបាកក្នុងការសងវិញ។
លោក សេង វណ្ណលី លើកឡើងថា ការតែងតាំងមន្ត្រីការបទេសជាន់ខ្ពស់ពីប្រទេសមហាអំណាចទាំងពីរនេះ គឺអាចត្រៀមសម្រាប់សមភូមិនយោបាយការបរទេសរបស់ចិន និងអាមេរិក ដោយសារតែកម្ពុជាជាប្រទេសមួយដែលមានឥទ្ធិពលនៅក្នុងតំបន់។
លោកប្រាប់វីអូអេថា៖ «ដោយឡែកការតែងតាំងឯកអគ្គរដ្ឋទូតអាមេរិកលោក Robert Forden នេះដែលមានបទពិសោធន៍ទៅលើកិច្ចការការទូតជាពិសេសរវាងអាមេរិកជាមួយនឹងចិនក៏វាបង្ហាញអំពីសារៈសំខាន់របស់កម្ពុជាផងដែរ ដោយសារតែកម្ពុជាអាចជាសមភូមិនៃការប្រកួតប្រជែងក្នុងវិស័យការទូត ខណៈដែលចិនពង្រីកវិស័យការទូត ហើយក៏គេមើលឃើញថា កម្ពុជាជាប្រទេសដែលមានទំនាក់ទំនងជិតដិតខ្លាំងជាមួយនឹងចិន»។
អ្នកតាមដានភូមិសាស្ត្រនយោបាយអន្តរជាតិរូបនេះសង្កត់ធ្ងន់ថា ការតែងតាំងលោក Robert Forden ជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាក៏អាចជាផែនការរបស់អាមេរិកក្នុងការទប់ទល់ឥទ្ធិពលរបស់ចិននៅក្នុងតំបន់ ជាពិសេសពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិសង្គម នយោបាយ និងសន្តិសុខជាដើម។
លោក ឯម សុវណ្ណារ៉ា យល់ឃើញថា វាអាចជាការដាស់តឿនមករដ្ឋាភិបាលទីក្រុងភ្នំពេញក្នុងការបញ្ជាក់ជំហរគោលនយោបាយការបរទេសរបស់ខ្លួនបែបណាដើម្បីទាញអត្ថប្រយោជន៍ពីប្រទេសមហាអំណាចទាំងពីរ។
លោកបញ្ជាក់ថា៖ «កម្ពុជាបានប្រយោជន៍ទាំងពីរ គ្រាន់តែថា ផលប្រយោជន៍ដែលកម្ពុជាផ្អែកទៅលើជញ្ជឹងពាណិជ្ជកម្ម កម្ពុជាបានពីសហរដ្ឋអាមេរិកច្រើនជាង ហើយបើគិតពីនយោបាយការបរទេសក៏ឃើញលោកខាងលិចគំាទ្រមានចំនួនសំឡេងការគាំទ្រច្រើនជាងចិនដែលមានមួយចំនួន»។
យ៉ាងណាមិញ កាលពីចុងខែឧសភា ឆ្នាំ ២០២៤ រដ្ឋាភិបាលកម្ពុជាក៏បានប្រកាសប្រសិទ្ធនាម ឬដាក់ឈ្មោះកំណាត់ផ្លូវមួយខ្សែជា «មហាវិថីស៊ី ជីនពីង» ដែលជាឈ្មោះរបស់ប្រធានាធិបតីចិន នៅកំណាត់ផ្លូវប្រវែងជាង ៥០ គីឡូម៉ែត្រ ដែលភ្ជាប់ពីផ្លូវជាតិលេខ ១ ក្នុងខេត្តកណ្តាល មកផ្លូវជាតិលេខ ៤ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ការសាងសង់ផ្លូវនេះចំណាយថវិកាប្រមាណ ២៧០ លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិននិងថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា។
នេះជាមហាវិថីមួយទៀតដែលប្រសិទ្ធនាមប្រធានាធិបតីចិន បន្ទាប់ពីមហាវិថីម៉ៅសេទុង ក្នុងរាជធានីភ្នំពេញ ដែលអតីតព្រះមហាក្សត្រ ព្រះបាទនរោត្តមសីហនុបានប្រោសព្រះរាជទានប្រសិទ្ធនាម កាលពី ៦០ ឆ្នាំមុន។
កម្ពុជាក៏នឹងបើកការដ្ឋានលើគម្រោង «ព្រែកជីកហ្វូណនតេជោ» នៅដើមខែសីហានេះ ដែលស្ថិតក្រោមជំនួយនៃគម្រោង BRI របស់រដ្ឋាភិបាលទីក្រុងប៉េកាំងដែលត្រូវការទឹកប្រាក់១.៧០០ លានដុល្លារអាមេរិក។ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងថា អ្នកវិនិយោគក្នុងគម្រោងនេះភាគច្រើនជាអ្នកវិនិយោគខ្មែរ។
កម្ពុជាក៏ទើបតែបិទបញ្ចប់សមយុទ្ធជើងទឹក «នាគមាស ឆ្នាំ ២០២៤» ដែលជាលំហាត់កងទ័ពប្រចាំឆ្នាំរបស់ប្រទេសកម្ពុជា និងចិនដែលបានជួយកម្ពុជាធ្វើទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាមក្នុងខេត្តព្រះសីហនុ។ យ៉ាងណាក៏ដោយ នៅក្នុងបញ្ហាមូលដ្ឋានកងទ័ពជើងទឹករាមនេះ មន្ត្រីរដ្ឋាភិបាល និងមេដឹកនាំកម្ពុជាធ្លាប់បញ្ជាក់ម្តងហើយម្តងទៀតថា កម្ពុជានឹងមិនអនុញ្ញាតឱ្យមានការតាំងទីទ័ពបរទេសលើទឹកដីរបស់ខ្លួននោះឡើយ៕