អ្នកវិភាគ៖​ កម្ពុជា​កំពុង​ងាក​ទៅរក​ការគ្រប់​គ្រង​របៀប​​កុម្មុយនិស្ត

រូបឯកសារ៖ លោក ហេង ស្រ៊ាង អ្នកស្រាវជ្រាវខាងសង្គមនិងនយោបាយកម្ពុជា​ចូល​រួម​ជា​វាគ្មិន​​​អំពី​ប្រធានបទ «តើធ្វើ​យ៉ាងដូចម្តេច ដើម្បីធានា​ថា ប្រជាជនខ្មែរទាំងមូល ក៏ឈ្នះនៅក្នុងការបោះឆ្នោតអាណត្តិក្រោយ» នៅ​ក្នុង​កម្មវិធី​វិទ្យុ Hello VOA កាល​ពីថ្ងៃ​ច័ន្ទ ទី​១៤ ខែ​មីនា ឆ្នាំ​២០១៦។ (លឹម សុធី/VOA)

ក្រុម​អ្នក​ស្រាវជ្រាវ​សង្គម​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ បាន​មើល​ឃើញ​ពី​ដំណើរ​ដើរ​​ថយ​ក្រោយ​យ៉ាង​ធ្ងន់ធ្ងរ​នៃ​ការ​អនុវត្ត​នៃ​​លទ្ធិ​ប្រជា​ធិបតេយ្យ​កម្ពុជា​ នៅ​គ្រា​ដែល​គ្រឹះស្ថាន​អប់​កម្រិត​ឧត្ដម​សិក្សា​មួយ​​ចំនួន​​​បាន​ហាមឃាត់​មិន​ឲ្យ​​​មាន​សកម្មភាព​នយោបាយ។​

ជាង​២៥​ឆ្នាំ​ក្រោយ​ការ​បញ្ចប់​ការ​ដឹកនាំ​ប្រទេស​តាម​របប​នយោបាយ​កុម្មុយនិស្ត​ រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ត្រូវ​ក្រុម​អ្នក​វិភាគ​សង្កេត​ឃើញ​ថា​ បាន​ព្យាយាម​ទាញ​ប្រទេស​ខ្លួន​ឲ្យ​វិល​ទៅ​រក​របប​នយោបាយ​កុម្មុយនិស្ត ដែល​មិន​ផ្ដល់​តម្លៃ​ដល់ការ​បញ្ចេញ​មតិ។​

ក្រុម​អ្នក​ស្រាវជ្រាវ​សង្គម​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​មើល​ឃើញ​ពី​ដំណើរ​ដើរថយ​ក្រោយ​យ៉ាង​ធ្ងន់ធ្ងរ​នៃ​ការ​អនុវត្ត​នៃលទ្ធិ​ប្រជា​ធិបតេយ្យ​កម្ពុជា​ នៅ​គ្រា​ដែល​គ្រឹះស្ថាន​អប់​កម្រិត​ឧត្ដម​សិក្សា​មួយចំនួន​បាន​ហាមឃាត់​មិន​ឲ្យ​មាន​សកម្មភាព​នយោបាយ។​

ពួក​គេ​ថ្លែង​ថា​ ការ​រឹតត្បិត​នេះ​កំពុង​តែ​ទាញ​ប្រទេស​កម្ពុជា​ឲ្យ​ត្រឡប់​ទៅ​របប​កុម្មុយនិស្ត​ដែល​អនុវត្ត​នៅ​កម្ពុជា​ក្នុង​ទស​វត្សរ៍​១៩៨០​ ហើយ​ការ​រឹតត្បិត​នេះ​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​បញ្ឈប់​ការ​ឃ្លាំ​មើល​សកម្ម​ភាព​ទុច្ចរិត​របស់​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ ដែល​សម្ងំ​សន្សំ​ប្រមូលទ្រព្យ​សម្បត្តិ​ ​ដោយ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។​

លោក​ ហេង ស៊្រាង​ អ្នក​សិក្សា​ស្រាវជ្រាវ​សង្គម​ បាន​ប្រាប់​ VOA​ កាលពី​ខែ​មិថុនា​ថា​ អ្នក​នយោបាយ​គណបក្ស​គ្រប់​គ្រង​ប្រទេស​មាន​ការ​បារម្ភ​ថា ​ការ​គាំទ្រ​របស់​ខ្លួន​ធ្លាក់​ចុះ ដោយសារ​តែ​ការ​បណ្ដោយ​ឲ្យ​មាន​ការ​ពិភាក្សា​គ្នា​អំពី​រឿង​នយោបាយ​នៅ​តាម​គ្រឹះស្ថាន​អប់រំ​ដោយ​សេរី​ ​ទើប​អ្នកនយោបាយ​គណបក្ស​គ្រប់​គ្រង​ប្រទេស​ប្រឹង​ធ្វើ​គ្រប់​បែប​យ៉ាង​រារាំង​សិស្ស​និស្សិត​មិន​ឲ្យ​ផ្តោត​អារម្មណ៍​លើ​រឿង​នយោបាយ​ ឬធ្វើ​សកម្មភាពនយោបាយ។

លោក​ថ្លែងថា អ្នកនយោ​បាយគណបក្សកាន់​អំណាច​ត្រូវ​ធ្វើ​ការ​វិភាគ​លើ​ចំណុច​ខ្សោយ​របស់​ខ្លួន​ក្នុង​ការ​ធ្វើនយោបាយ​ ដែល​មិន​បាន​ទាញ​សំឡេង​គាំទ្រ​ច្រើន​ តែ​បែរ​ជា​បាន​ធ្វើ​ឲ្យ​បាត់​បង់​សំឡេងគាំទ្រ​ខ្លួនទៅ​គណបក្ស​ប្រឆាំង​វិញ។​

«សំខាន់​បំផុត​ចំពោះ​ខ្ញុំ​គឺ​គណបក្ស​គ្រប់​គ្រង​អំណាច​ហ្នឹង​ គាត់​គួរ​តែ​គិត​ថា​ តើ​ហេតុ​អ្វី​បាន​ជា​ប្រជា​ពលរដ្ឋ​ច្រើន​ទៅៗ​ បោះ​ឆ្នោត​ប្រឆាំង​នឹង​ខ្លួន​ ហើយ​ទី​ពីរ​ហេតុ​អី​ បាន​ជាពេល​មាន​បញ្ហា​សំខាន់ៗ​ ប្រជា​ពល​រដ្ឋ​ហ្នឹង ​គេ​មិន​សូវ​ឲ្យ​គណបក្ស​ អាជ្ញាធរ​របស់​ខ្លួន​ឯង​នៅ​ក្នុង​មូលដ្ឋាន ជួយ​ដោះស្រាយ​បញ្ហាទេ​ បែរ​ទៅ​ប្ដឹង​សង្គម​ស៊ីវិល ​ឬ​ក៏​ស្វះស្វែង​រក​មធ្យោបាយ​ពី​អង្គការ​អន្តរ​ជាតិ​ផ្សេងៗ។​ អញ្ចឹង​វា​ប្រហែល​មាន​បញ្ហា​អី​សំខាន់​ហើយ»។​

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​នៃរាជ​រដ្ឋាភិបាល​កម្ពុជា ​កាល​ពី​ខែ​សីហា​ ឆ្នាំ​២០១៥​ ​បាន​ចេញ​សេចក្តី​ណែនាំ​ស្តី​ពី​ការ​ទប់​ស្កាត់សកម្មភាព​ ឬ​ការ​ឃោសនា​នយោបាយ​នៅ​តាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ​ និង​គ្រឹះ​ស្ថាន​សិក្សា​ឯកជន។​ ​ សេចក្តី​ណែនាំ​នោះបាន​បញ្ជាក់​ពី​ទោស​ទណ្ឌ​ ប្រសិន​មាន​ការ​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា។​ នៅ​ក្នុង​ផ្នែក​ខ្លះ​នៃ​សេចក្តី​ណែនាំ​ដដែល​នោះ​បាន​ឲ្យ​ដឹង​ថា៖​

«គ្រប់​សកម្មភាព​នយោបាយ​ ឬការ​ឃោសនា​នយោបាយ​ឲ្យ​គណបក្ស​នយោបាយ​ណាមួយ​នៅ​ក្នុង​ស្ថាប័ន​អប់រំ​ ឬ​គ្រឹះស្ថាន​សិក្សា​ដែល​ផ្ទុយ​នឹង​មាត្រា​៣៤​នៃ​ច្បាប់​នេះ​ ត្រូវ​ទទួល​ពិន័យ​អន្តរ​ការណ៍​ជា​ប្រាក់​ចំនួន​១​លាន​រៀល​ (ឬ​ប្រមាណ​ជា​២៥០​ដុល្លារ)​ទៅ​៥​លាន​រៀល​ (ឬ​ប្រមាណ​ជា​១.២៥០​ដុល្លារ)។​ ...ចំពោះ​នីតិ​បុគ្គល​ត្រូវទទួល​ពិន័យ​អន្តរ​ការណ៍​ជា​ប្រាក់​ពី​ ​១០ លាន​រៀល​ (ឬ ប្រមាណ​ជា​២.៥០០​ដុល្លារ)​ ទៅ២០​លាន​រៀល​ (ឬ​ប្រមាណ​ជា៥.០០០​ដុល្លារ)»។​

សេចក្តី​ណែនាំ​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា​ កន្លង​មក​ក្រសួង​អប់រំ​បាន​សង្កើត​ឃើញ​ថា​ នៅ​តាម​គ្រឹះ​ស្ថាន​សិក្សា​ទាំង​សាធារណៈ​ ទាំង​ឯកជន​ មាន​សមាគម​ អង្គការ​ បុគ្គលិក​អប់រំ​ និង​គ្រូ​បង្រៀន​ជាប់​កិច្ច​សន្យា​មួយ​ចំនួន​បាន​ធ្វើ​សកម្ម​ភាព​មិន​ប្រក្រតី​ ដោយ​បាន​ធ្វើការ​ផ្សព្វផ្សាយបោះ​ឆ្នោត​ជ្រើស​រើស​ថ្នាក់ដឹកនាំ​របស់​សមាគម​ អង្គការ​ទាំង​នោះ​ និង​ឃោសនា​បំផុស​គំនិត​ឲ្យ​បុគ្គលិក​អប់រំ​ចូល​រួម​សកម្មភាព​ជាមួយ​ខ្លួន។​

សមាគម​ អង្គការ​ខ្លះ​បាន​បង្កើត​ឲ្យ​មាន​ជា​សាខា​នៅ​តាម​គ្រឹះស្ថាន​សិក្សា ​ទាំង​សាធារណៈ​ ទាំង​ឯកជន​ ព្រម​ទាំង​ធ្វើ​សកម្មភាព​ជ្រៀតជ្រែក​ការងារ​អប់រំ​ថែម​ទៀត​ផង។​ សកម្មភាព​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​ក្នុង​គ្រឹះស្ថាន​សិក្សា​ដែល​ផ្ទុយ​នឹង​គោល​ការណ៍​អព្យាក្រិត្យ​ភាព​របស់​គ្រឹះស្ថាន​សិក្សា​ ជា​ពិសេស​ផ្ទុយ​ពីច្បាប់​ស្តីពី​ការ​អប់រំ។​

លើសពី​នេះ​ទៅ​ទៀត​ នៅ​គ្រា​ដែល​ស្ថានភាព​នយោបាយ​កំពុង​តានតឹង​នេះ​ គ្រឹះស្ថាន​អប់រំ​មួយ​ចំនួន​ក៏ត្រូវ​គេ​ដឹង​ថា​ បានហាម​មិន​ឲ្យ​មាន​ការ​ចោទ​សួរ​សំណួរ​ពាក់​ព័ន្ធ​នយោបាយនៅ​ក្នុង​កម្មវិធី​ជួប​ជុំ​ក្រុម​និស្សិត​ និង​មន្ត្រី​របស់​រដ្ឋាភិបាល​ផង​ដែរ។​

ការ​រឹតបន្តឹង​នេះ​ត្រូវ​ក្រុម​អ្នក​សង្កេត​ការណ៍​នយោបាយ​ឲ្យ​ដឹង​ថា​ បាន​កើត​ឡើង​ បន្ទាប់​ពី​វប្បធម៌​សន្ទនា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ជួប​ការ​ប្រេះស្រាំ​ និង​ស្របពេល​ដែល​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជា​ជនកម្ពុជា​មាន​ការ​ព្រួយ​បារម្ភ​ជ្រុល​ហួស​ហេតុ​អំពី​ការ​ផ្ទុះ​ឡើង​នៃ​បដិវត្តន៍​ពណ៌។​

និស្សិត​ម្នាក់​ឈ្មោះ​គង់​ រ៉ៃយ៉ា​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញសម្រេច​ដាក់​គុក​រយៈពេល​១៨​ខែ​កាលពី​ខែ​មីនា​កន្លង​ទៅ​ ក្រោយ​ពេល​និស្សិត​រូបនេះ​សរសេរអំពី​ការ​ចង់​ធ្វើ​បដិវត្តន៍​ពណ៌​ដើម្បី​ «ការ​ផ្លាស់​ប្ដូរ​សម្រាប់​សង្គម​ខ្មែរ»។​

លោក​កែម​ ឡី​ អ្នក​វិភាគ​សង្គម​ បាន​ប្រាប់​ VOA​ ថា​ ការ​បន្តរារាំង​មិន​ឲ្យ​និយាយ​រឿង​នយោបាយ​នៅ​តាម​គ្រឹះស្ថាន​អប់រំ​ បាន​ទាញ​ដំណើរ​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​ឲ្យ​ដើរ​ថយ​ក្រោយ។​

លោក​ថ្លែង​ថា​ ការណ៍​នេះនឹង​ផ្ដល់​ប្រយោជន៍​ដល់ក្រុម​អ្នក​នយោបាយ ​ដែល​មាន​ចិត្ត​លោភ​លន់​ បន្តការ​កសាង​ទ្រព្យ​របស់​ខ្លួន​ ប៉ុន្តែប្រជា​ពលរដ្ឋ​ខ្មែរ​បានត្រឹម​តែ​ចាកចោល​ស្រុក​ សម្រុកទៅ​ធ្វើការ​នៅ​បរទេស។

«ប៉ុន្តែ​ប្រជា​ពលរដ្ឋ​ហ្នឹង​គឺ​ចំណាកស្រុក​ច្រើន​ទៅ ក្រ​ក៏​ច្រើន​ទៅ​ បញ្ហា​ចោរលួច​ ចោរ​ប្លន់​ ចោរ​គាស់​ផ្ទះ​ ឃាត​កម្ម​ ​គ្រឿង​ញៀន​អី​ក៏​ច្រើន​ទៅ។​ អញ្ចឹង​វឹកវរ​នៅ​ក្នុង​សង្គម​ដូច​បច្ចុប្បន្ន​អញ្ចឹង»។​

លោក​ឲ្យ​ដឹង​បន្ថែម​ថា​ គណ​បក្ស​ប្រជាជន​កម្ពុជា​បាន​ហាម​ឃាត់​មិនឲ្យ​មនុស្ស​ ដែល​មិន​ស្រប​តាម​គោល​នយោបាយ​របស់​ខ្លួន​ ធ្វើ​សកម្មភាព​នយោបាយ​នៅ​គ្រឹះស្ថាន​អប់រំ​ទេ​ តែ​សកម្មជន​គណបក្ស​នេះ​បាន​ធ្វើ​ការ​យ៉ាង​ផុស​ផុល​ក្នុង​ការ​កៀងគរ​មនុស្ស​ម្នារ​ឲ្យ​មក​គាំទ្រ​ខ្លួន នៅ​តាម​គ្រឹះស្ថាន​អប់រំ​ទៅវិញ។​

«បើ​សិន​ជា​យើង​ជ្រុល​ថា​ បិទ​ទាល់​តែ​យើង​បិទ​ទាំង​អស់​គ្នា​ រឿង​នៅ​ក្នុង​សាលារៀន​ ​នៅ​ក្នុង​អី​ហ្នឹង។​ ...រដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ហ្នឹង​កុំ​យក​វេទិកាហ្នឹង​ទៅ​និយាយ​រឿង​នយោបាយ​ដែរ​ នៅ​ក្នុង​សាលារៀន​ ហើយ​យើង​កុំ​ចូល​រួម​បង្កើត​សមាជិក​គណបក្ស ជា​និស្សិតៗ​ហ្នឹង​ ជា​សមាជិក​របស់​គណបក្ស​នៅ​ក្នុង​សាលារៀន។​ កុំឲ្យ​មាន​បណ្តាញ​គណបក្ស​នៅ​ក្នុង​សាលារៀន។​ អាហ្នឹង​បាន​វាត្រូវ​ស្មើភាព​គ្នា»។​

ទោះ​ណា​ជា​មាន​ការ​រិះគន់​ពី​ក្រុម​អ្នកស្រាវជ្រាវ​ និង​អ្នកវិភាគ​សង្គម​អំពី​ការ​គាប​សង្កត់​សិទ្ធិ​ធ្វើ​នយោបាយ​នៅ​គ្រឹះស្ថាន​អប់រំ​យ៉ាង​នេះ​ក្តី​ លោក​សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ថ្លែង​ការពារ​រដ្ឋាភិបាល​ថា​ មិន​បាន​រំលោភ​លើ​សិទ្ធិ​ពលរដ្ឋ​ក្នុង​ការ​ប្រើ​សិទ្ធិនយោបាយ​នោះ​ទេ។​

«អាហ្នឹង​រឿង​ រឿង​លោក​គ្រូ​ទាល់​តែ​ខ្លួន​គាត់។ គាត់​យល់​ឃើញ​យ៉ាង​ម៉េច​ ដូចជា​គាត់​ចង់​ប្រមូល​ផ្គុំ​សតិ​អារម្មណ៍​កូន​សិស្ស​ គាត់​ឲ្យ​ប្រមូល​ទៅ​រៀន​តាម​ចំណេះ​វិជ្ជា​ ដែល​មាន​ក្នុង​ក្របខណ្ឌ​កម្មវិធី​សិក្សា។​ បើ​សិន​ណា​ជា​កូន​សិស្ស​មក​និយាយ​រឿង​នយោបាយ​ វា​ខុស​ពី​កម្មវិធី​សិក្សា​របស់​គាត់ អា​ហ្នឹង​គាត់​ម៉េច​នឹង​អនុញ្ញាត»។​

លោក​បញ្ជាក់​ថា​ គណបក្ស​គ្រប់​គ្រង​ប្រទេស​ពុំ​មាន​បំណង​ដឹក​នាំ​ប្រទេស​ដោយ​ខ្លួន​ឯង ​ដោយមិន​ឲ្យ​មានសំឡេង​ពី​ក្រុម​អ្នក​នយោបាយ​ជំទាស់​ ដូច​ដែល​ប្រទេស​កុម្មុយនិស្ត​បាន​ធ្វើ​នោះ​ដែរ។​

«វា​មិន​មែន​មួយ​បក្ស​ទេ​ អាហ្នឹង!​ សភា​មាន​ពីរ​បក្ស​ បើ​គាត់​មិន​ចូល​ អា​ហ្នឹង​រឿង​គាត់​តើ?​ ពីព្រោះ​គាត់​ចូល​ស្បថ​ ចូល​កាន់​តំណែង​តាំង​ពី​ខែ​៥​ ខែ៦ ខែ​៧​ ខែ​៨​ ឆ្នាំ​២០១៤​មក។​ ពេល​ដែល​ប្រជុំ​ហ្នឹង​គឺ​ថា​ សម្ដេច​ប្រធាន​សភា​តែង​តែ​អញ្ជើញ​គ្រប់​តំណាង​រាស្ត្រ​ទាំង​អស់​ឲ្យ​ចូល​រួម។​ បើ​គាត់​មិន​ចូល​រួម​ អា​ហ្នឹង​បាន​សេចក្ដីថា​ សិស្ស​រត់​ចោល​សាលា​ទេ​ មិន​មែន​សាលា​បិទ​ទ្វារ​មិន​ឲ្យ​គាត់​ចូល​ទេ»។​

ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​អំពី​ការ​កសាង​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តាម​គ្រឹះស្ថាន​អប់រំ​ លោក​សុខ​ ឥសាន​ អ្នក​តំណាង​រាស្ត្រ​គណបក្ស​កាន់​អំណាច បាន​ពន្យល់​ថា៖​

«កុំ​ឲ្យ​គាត់​និយាយ​ បើ​ឃើញ​គេ​ធ្វើ​ខុស​ច្បាប់​ ឲ្យ​គាត់​ប្តឹង​ទៅ!​ អាហ្នឹង​វា​មាន​តែ​ផ្លូវ​ហ្នឹង​ទេ។​ បើ​ដើរ​និយាយ​ទេ​ អាហ្នឹង​គឺ​ថា​ វា​ផ្សែង​ក្នុង​ផ្សែង​ ក្នុង​ពពក​អញ្ចឹង​ អាហ្នឹង​យក​ជា​ការ​មិន​បាន​ទេ។ យើង​ចាត់​ទុកជា​ការ​ឃោសនា​មួល​បង្កាច់។​ អញ្ចឹង​ទេ​ បើគាត់​មាន​ភស្តុតាង​ច្បាស់​លាស់​ ឲ្យ​គាត់​ប្តឹង​ទៅ»។​

ជាមួយ​គ្នា​នេះ​ដែរ​ លោក​សុខ​ ទូច​ សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ខេមរៈ​ បាន​មាន​ប្រសាសន៍ថា​ គ្រឹះស្ថាន​ឧត្ដម​សិក្សា​របស់​លោក​មិន​បាន​ហាម​មិន​ឲ្យ​និស្សិតនិយាយ​ពី​នយោបាយ​នោះទេ។​

លោក​បញ្ជាក់​បន្ថែម​ថា ប្រសិន​បើ​មិន​ឲ្យ​និយាយ​ពី​រឿង​នយោបាយ​ កម្ពុជា​មិន​ចាំ​បាច់​មាន​ការ​បោះ​ឆ្នោត​រើស​តំណាង​រាស្ត្រ​នោះ​ឡើយ។

«អា​នេះ​ ​ជា​សង្គម​ប្រជា​ធិបតេយ្យ។​ វា​មិន​អាច​មិន​ឲ្យ​និយាយ​បញ្ហា​នយោបាយ​ទេ។​ ​មិន​ឲ្យ​និយាយ​នយោបាយ​ កុំ​បោះ​ឆ្នោត​ទៅ។​ បើ​យើង​បោះ​ឆ្នោត​ យើង​ត្រូវ​តែ​មាន​ហើយ​នយោបាយ។ ​គណបក្ស​នេះ​មាន​គោល​នយោបាយ​ម៉េច​ មាន​វប្បធម៌​អា​ម៉េច​ អី​ម៉េច។​ យើង​វា​អត់​អាច​ទៅ​បាន​ [អញ្ចឹង] ​ទេ»។​

ប្រទេស​កម្ពុជាត្រូវ​គេ​ដឹង​ថា​ បាន​ដើរ​ចាកចេញ​ពី​របប​កុម្មុយនិស្ត​ បន្ទាប់​ពី​ទទួល​បាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​ប្រទេស​ដែល​ភាគ​ច្រើន​កាន់​យក​របប​ប្រជា​ធិបតេយ្យ​ ក្នុងការចុះ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​នា​ទីក្រុង​ប៉ារីស​កាល​ពី​ឆ្នាំ​១៩៩១។​

ក៏​ប៉ុន្តែ​រដ្ឋាភិបាល​បច្ចុប្បន្នត្រូវ​អ្នក​វិភាគ​នយោបាយ​ពណ៌នា​ថា ​បាន​បង្ខិត​ខ្លួន​ទៅ​កៀក​នឹង​ប្រទេស​ចិន​កុម្មុយនិស្ត​ និង​មិន​សូវ​មាន​ភាពស្និទ្ធស្នាលជាមួយ​បស្ចិម​ប្រទេស​ ដែល​ផ្ដល់​តម្លៃ​ដល់​សិទ្ធិ​ក្នុង​ការ​និយាយ​ស្តី​នោះ​ឡើយ៕