ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​បញ្ជូន​មនុស្ស​​ចំនួន​៣៩​នាក់​ទៅ​កាន់​ប្រទេស​ចិន ក្នុង​នោះ​មាន​តៃវ៉ាន់​២៥​នាក់


លោក​ ហ៊ុន សែន ចាប់​ដៃ​ជាមួយ​លោក Xi Jinping មុន​កិច្ចប្រជុំ​នៅ​អគារ Great Hall of the People ក្នុង​ក្រុង​ប៉េកាំង។
លោក​ ហ៊ុន សែន ចាប់​ដៃ​ជាមួយ​លោក Xi Jinping មុន​កិច្ចប្រជុំ​នៅ​អគារ Great Hall of the People ក្នុង​ក្រុង​ប៉េកាំង។

នៅ​ថ្ងៃ​សុក្រ​នេះ កម្ពុជា​បាន​បណ្តេញ​ជនសង្ស័យ​ឧក្រិដ្ឋកម្ម​៣៩​នាក់​ទៅ​កាន់​ចិន​ដី​គោក ក្នុង​នោះ​២៥​នាក់​ជា​ពួក​តៃវ៉ាន់ ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ទទូច​ថា កម្ពុជា​មាន​យុត្តាធិការ ទោះ​បី​ជា​មាន​ការ​តវ៉ា​ពី​រដ្ឋាភិបាល​ក្រុង​តៃប៉ិ​ក៏​ដោយ។ ​

ប្រធាន​ការិយាល័យ​ស៊ើបអង្កេត​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ លោក​ឧត្តមសេនីយ៍ អ៊ុក ហៃសិលា បាន​មាន​ប្រសាសន៍​ថា ជនជាតិ​ចិន​តៃវ៉ាន់​២៥​នាក់ និង​ចិន​១៤​នាក់​ត្រូវ​បាន​បញ្ជូន​តាម​យន្តហោះ​ពិសេស​មួយ​គ្រឿង​ដែល​បញ្ជូន​ចេញ​ដោយ​រដ្ឋាភិបាល​ចិន។

លោក​បាន​មាន​ប្រសាសន៍​ថា ពួកគេ​ទាំង​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ប្រទេស​ចិន ដោយសារ​តែ​ពួកគេ​បាន​ប្រព្រឹត្ត​បទល្មើស​ទៅ​លើ​ប្រជាពលរដ្ឋ​ចិន។ ពួកគេ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​បោកបញ្ឆោត​ជន​រងគ្រោះ​នៅ​ក្នុង​ប្រទេស​ចិន តាមរយៈ​ការហៅ​ទូរស័ព្ទ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​ធ្វើ​ឲ្យ​មាន​ភាព​ស្មុគស្មាញ​ក្នុង​ការ​តាមដាន​ពួកគេ។ លោក​បាន​និយាយ​កាល​ពី​មុនថា កាល​ពី​ដើម​សប្តាហ៍​នេះ ពួកគេ​នឹង​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​ចិន​ដោយសារ​តែ​កម្ពុជា​ចាត់ទុក​តៃវ៉ាន់​ថា​ជា​ផ្នែក​មួយ​របស់​ចិន។

កាល​ពី​ដំបូងឡើយ កម្ពុជា​គ្រោង​នឹង​បណ្តេញ​មនុស្ស​ចំនួន​៣៥​នាក់​ចេញ ប៉ុន្តែ​មនុស្ស​៤​នាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ការវាយ​ឆ្មក់​កាល​ពី​សប្តាហ៍​មុន។ នេះ​បើ​យោង​តាម​សម្តី​របស់​លោក ហៃ​សិលា។

ក្រុម​សកម្មជន​សិទ្ធិមនុស្ស​និង​អាជ្ញាធរ​តៃវ៉ាន់​និយាយ​ថា ការ​បញ្ជូន​ខ្លួន​នេះ ឆ្លុះ​បញ្ចាំង​ពី​ឥទ្ធិពល​ដ៏​ខ្លាំង​ក្លា​របស់​ចិន​ទៅ​លើ​កម្ពុជា តាមរយៈ​ការផ្តល់​ជំនួយ​និង​ការ​វិនិយោគ។

ចិន​គឺ​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​និង​ជា​ដៃគូ​សេដ្ឋកិច្ច​របស់​កម្ពុជា​ដែល​ជា​ប្រទេស​ក្រីក្រ​មួយ។ ចិន​បាន​ផ្តល់​ទឹកប្រាក់​រាប់​លាន​ដុល្លារ​តាមរយៈ​ជំនួយ​និង​វិនិយោគ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​មុន​នេះ ដោយ​ចិន​បាន​ព្រមព្រៀង​ផ្តល់​ជំនួយ​ឥត​សំណង​និង​លើកលែង​ពន្ធ​នាំចេញ​នាំចូល​លើ​ទំនិញ​រាប់រយ​ប្រភេទ។ ​

ប្រទេស​កេនយ៉ា​និង​ម៉ាឡេស៊ី​ក៏​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​តៃវ៉ាន់​ដែល​បោកបញ្ឆោត​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ទៅ​កាន់​ប្រទេស​ចិន​ដែរ បើ​ទោះ​បី​ជា​មាន​ការ​តវ៉ា​ពី​ក្រុម​មន្ត្រី​តៃវ៉ាន់​ក៏​ដោយ៕​

XS
SM
MD
LG