ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកហ៊ុន សែន៖ ជំហរ​កម្ពុជា​អំពី​សមុទ្រ​ចិន​ខាងត្បូង​មិន​ប៉ះពាល់​សាមគ្គីភាព​អាស៊ាន​ទេ


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្តាប់​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាមេរិក​ជាមួយ​ប្រទេស​អាស៊ាន​ទាំង​១០​ នៅ​រមណីយដ្ឋាន Sunnylands ក្រុង Rancho Mirage រដ្ឋ​ California សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្តាប់​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាមេរិក​ជាមួយ​ប្រទេស​អាស៊ាន​ទាំង​១០​ នៅ​រមណីយដ្ឋាន Sunnylands ក្រុង Rancho Mirage រដ្ឋ​ California សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។

លោក​នាយករដ្ឋ​មន្ត្រី​​ថ្លែង​ថា៖ «វា​អយុត្តិធម៌​ពេក​ហើយ​សម្រាប់​កម្ពុជា​ ដែល​កម្ពុជា​បាន​ជួប​ប្រទះ ​ដែល​ពេល​នេះ​ ខ្ញុំ​និយាយ​ដោយ​ត្រង់ៗ​ កម្ពុជា​មិនមែន​ជា​ផ្នែក​មួយ​នៃ​ការ​បំផ្លាញ​អាស៊ាន​ទេ»។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ នៃ​ប្រទេស​កម្ពុជា​ ដែល​ទំនង​ជា​បារម្ភ​ខ្លាច​ជាប់​ឈ្មោះ​ថា ​កម្ពុជា​ជា​ប្រទេស​ដែល​កំពុង​ធ្វើឲ្យ​អាស៊ាន​បែកបាក់​គ្នា​នោះ​ បាន​ព្យាយាម​បំភ្លឺ​ប្រឆាំង​នឹង​ការ​ចោទ​ប្រកាន់​ថា​ កម្ពុជា​គាំទ្រ​នយោបាយ​ចិន​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។​

អត្ថាធិប្បាយ​របស់​លោក ហ៊ុន សែន​ នៅ​ក្នុង​ឱកាស​ផ្តល់​សញ្ញាប័ត្រ​ដល់​និស្សិត​នៅ​សាកល​វិទ្យាល័យ​ក្នុង​រាជ​ធានី​ភ្នំពេញ​យ៉ាង​ដូច្នេះ​គឺ​កើត​ឡើង ​ក្រោយ​ពេល​ដែល​កម្ពុជា​ និង​ឡាវ​ត្រូវ​គេ​រាយ​ការណ៍​ឲ្យដឹង​ថា​ បាន​បង្ហាញ​ជំហរ​ផ្ទុយ​ពី​សមាជិក​អាស៊ាន​ផ្សេង​ទៀត​ពាក់ព័ន្ធ​នឹង​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ស្តី​ពី​សមុទ្រ​ចិន​ខាង​ត្បូង​របស់​ក្រុម​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាស៊ាន​ ដែល​បាន​ជួប​ប្រជុំ​ជាមួយ​រដ្ឋ​មន្ត្រី​ការបរទេស​ចិន​កាលពី​សប្តាហ៍​មុន​នៅ ​Kunming ​ប្រទេស​ចិន។​

«វា​អយុត្តិធម៌​ពេក​ហើយ​សម្រាប់​កម្ពុជា​ ដែល​កម្ពុជា​បាន​ជួប​ប្រទះ ​ដែល​ពេល​នេះ​ ខ្ញុំ​និយាយ​ដោយ​ត្រង់ៗ​ កម្ពុជា​មិនមែន​ជា​ផ្នែក​មួយ​នៃ​ការ​បំផ្លាញ​អាស៊ាន​ទេ»។​

លោក​ថ្លែង​ថា​ ជំហរ​កម្ពុជា​តាំងពី​ដើម​ទី​គឺ​ប្រើប្រាស់​យន្តការ​អាស៊ាន​ចិន​ ដើម្បី​អនុវត្ត​ឲ្យបាន​ត្រឹម​ត្រូវ​គឺ​សេចក្តី​ថ្លែង​ការណ៍​របស់​ភាគី​សមុទ្រ​ចិន​ខាងត្បូង ​DOC ​និង​ទី២​គឺ​អាស៊ាន ​និង​ចិន ត្រូវ​ខិតខំ​ឲ្យ​ចេញ​នូវ​ក្រម​ប្រតិបត្តិ​ដែល​ហៅ​ថា ​COC ​ហើយ​នឹង​ទី៣​គឺ​ប្រទេស​ដែល​មាន​បញ្ហា​ជាមួយ​គ្នា​គឺ​ត្រូវ​ដោះស្រាយ​បញ្ហា​ជាមួយ​គ្នា។​ អាស៊ាន​មិន​អាច​ធ្វើ​ជា​អាជ្ញា​កណ្តាល​ទៅ​វាស់​ដី​ឲ្យ​បាន​ទេ។​

ចិន​អះអាង​ថា​តំបន់​ដែល​មាន​គូសសម្គាល់​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​គឺជា​កម្មសិទ្ធិ​របស់​ខ្លួន។ ក៏ប៉ុន្តែ រដ្ឋាភិបាល​នៃ​ប្រទេស​មួយ​ចំនួន​ផ្សេងទៀត​ក៏​អះអាង​ថា ផ្នែក​ខ្លះ​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ក៏ជា​កម្មសិទ្ធិ​របស់​ខ្លួន​ដែរ។
ចិន​អះអាង​ថា​តំបន់​ដែល​មាន​គូសសម្គាល់​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​គឺជា​កម្មសិទ្ធិ​របស់​ខ្លួន។ ក៏ប៉ុន្តែ រដ្ឋាភិបាល​នៃ​ប្រទេស​មួយ​ចំនួន​ផ្សេងទៀត​ក៏​អះអាង​ថា ផ្នែក​ខ្លះ​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ក៏ជា​កម្មសិទ្ធិ​របស់​ខ្លួន​ដែរ។

ក៏​ប៉ុន្តែ​ សេចក្តី​រាយ​ការណ៍​របស់​បណ្តាញ​ព័ត៌មាន​បរទេស​នានា​បាន​និយាយ​ថា​ សមាគម​អាស៊ាន​បាន​យល់​ព្រម​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួមគ្នា​ក្រោយ​ពី​កិច្ច​ប្រជុំ។​ តែ​នៅ​នាទី​ចុងក្រោយ​ បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​បាន​អះអាង​ថា អាស៊ាន​បាន​ផ្លាស់ប្តូរ​ជំហរ​របស់ខ្លួន​វិញ​ ដោយសារ​ប្រទេស​ចិន​បាន​ដាក់​សម្ពាធ​ឲ្យ​ឡាវ ​ដែល​ជា​ប្រធាន​អាស៊ាន ​ហើយនិង​កម្ពុជា ​គាំទ្រ​ជំហរ​ខ្លួន។​

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​បញ្ជាក់​ជំហរ​កម្ពុជា​ជាថ្មី​បន្ថែម​ទៀត​ថា​ បញ្ហា​ជម្លោះ​ដែន​សមុទ្រ​ចិន​ខាងត្បូង​ជា​បញ្ហា​ជម្លោះ​ទ្វេភាគី​ មិនមែន​ជា​បញ្ហា​អាស៊ាន​ទេ។​ លោក​ថា​ ប្រទេស​ចិន​ និង​អាស៊ាន​មិនមែន​មាន​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​តែ​មួយ​ទេ​ គឺ​មាន​បញ្ហា​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ដែល​ផ្តល់​ប្រយោជន៍​ច្រើន​ចំពោះ​អាស៊ាន។​

«ខ្ញុំ​មិន​អាច​ចេះតែ​គាំទ្រ​ដោយ​មិន​គិត​ពី​យុត្តិធម៌​ និង​ពី​ប្រទេស​ជាតិ​របស់​ខ្លួន​ទេ»។​

លោក​ថ្លែង​ដូច្នេះ ​ដោយ​រំឭកពី​អតីតកាល​ដែល​ថា​ លោក​ធ្លាប់រង​សម្ពាធ​ពី​ប្រទេស​មួយ​ចំនួន​ដែល​ចង់​ឲ្យ​កម្ពុជា​គាំទ្រ​ខ្លួន​ពេល​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​កាល​ពីឆ្នាំ​២០១២ ​ដែល​កាល​ណោះ​ កិច្ច​ប្រជុំអាស៊ាន​ក៏​មិន​អាច​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួមពី​បញ្ហា​ពាក់ព័ន្ធ​នឹង​សមុទ្រ​ចិន​ខាង​ត្បូង​ផង​ដែរ។​ កម្ពុជា​ត្រូវរង​ការ​ចោទ​ប្រកាន់​ថា ​បាន​ធ្វើ​តាម​គោល​នយោបាយ​ចិន​ម្តងរួច​ទៅ​ហើយ។​

លោក​ គង់ ភោគ ​ប្រធាន​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​ បាន​ថ្លែង​ថា​ការ​បញ្ជាក់​ជំហរ​កម្ពុជា​មិនមែន​ជារឿង​ថ្មីទេ​ តែ​រឿង​នេះ​បញ្ជាក់​ឲ្យ​ច្បាស់​អំពី​ជំហរ​របស់​កម្ពុជា​ក្នុង​លំដាប់​កំពូល​សម្រាប់​បណ្តា​ប្រទេស​អាស៊ាន​ផ្សេង​ទៀត។​

«ខ្ញុំ​គិត​ថា​ ការ​បញ្ជាក់​គោល​ជំហរ​កម្ពុជា​ធ្វើឡើង​ជាញឹក​ញាប់​ហើយ​នៅ​កម្រិត​បច្ចេកទេស​ ក៏ដូចជា​ខាង​ក្រសួង​ការបរទេស​ ហើយ​លើក​នេះ​គឺជា​ការ​បង្ហាញ​ម្តង​ទៀត​ដោយ​កម្រិត​ខ្ពស់​បំផុត​ក្នុង​រដ្ឋាភិបាល ​ដោយ​សម្តេច​នាយក​រដ្ឋមន្ត្រី​ផ្ទាល់»។​

ប្រទេស​បួន​ក្នុង​តំបន់​អាស៊ាន​ដែល​មាន​ជម្លោះ​ដណ្តើម​កម្មសិទ្ធិ​ដែល​ទឹក​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​គឺ​វៀតណាម​ ហ្វីលីពីន ​ម៉ាឡេស៊ី ​និង​ប៊្រុយណេ ​ដែល​ចង់​ឲ្យ​មាន​ការ​ដោះស្រាយ​តាម​ក្រប​ខណ្ឌ​ពហុភាគី​ ឬ​យន្តការ​អាស៊ាន។​ តែ​ចិន​ចង់​ដោះស្រាយ​បញ្ហា​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​តាម​របៀប​ទ្វេភាគី​វិញ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG