អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងអ្នកតាមដានស្ថានភាពក្នុងប្រទេសកម្ពុជានិយាយថា ប្រជាពលរដ្ឋអាចក្រោកតវ៉ាប្រឆាំង ប្រសិនបើរដ្ឋាភិបាលមិនមានវិធានការណាមួយចំពោះស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដែលកំពុងជួបបញ្ហា និងបន្តអូសបន្លាយកាន់តែយូរនោះ។
វីរុសកូរូណាថ្មី (COVID-19) បានជះឥទ្ធិពលដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ការផ្ទុះនៃមេរោគដែលមានប្រភពនៅក្នុងប្រទេសចិន និងការបន្ថយប្រព័ន្ធអនុគ្រោះពន្ធ EBA ដោយសហភាពអឺរ៉ុប អាចនាំឲ្យមានការបិទរោងចក្រកាត់ដេរមួយចំនួននៅពេលខាងមុខ ខណៈដែលវិស័យទេសចរណ៍ក៏មានការធ្លាក់ចុះផងដែរនោះ។
អ្នកដំណើរតាមនាវា Westerdam ឈរមើលការចាកចេញរបស់អ្នកដំណើរមួយចំនួន កាលពីព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)
នៅក្នុងខែមីនាខាងមុខនឹងមានការបិទរោងចក្រដោយសារមិនមានការផ្គត់ផ្គង់សម្ភារៈគ្រប់គ្រាន់ពីប្រទេសចិន ដែលបានផ្អាកការផ្គត់ផ្គង់ដោយសារតែការរីករាលដាលនៃមេរោគកូរ៉ូណា។
ស្របពេលជាមួយគ្នានេះដែរ កាលពីសប្តាហ៍មុន សហភាពអឺរ៉ុបបានសម្រេចកាត់បន្ថយប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជា«គ្រប់មុខទំនិញលើកលែងសព្វាវុធ» ឬ Everything But Arms (EBA) ទៅលើមុខទំនិញមួយចំនួន ដែលជាការដាក់បន្ទុកកាន់តែធ្ងន់ថែមមួយកម្រិតទៀតមកលើសេដ្ឋកិច្ចកម្ពុជា។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានមានប្រសាសន៍ថាតាមបណ្តាប្រទេសមួយចំនួន ការតវ៉ារបស់ប្រជាពលរដ្ឋតែងតែកើតមាននៅពេលវិបត្តិសេដ្ឋកិច្ចមានការអូសបន្លាយរយៈពេលយូរនោះ។
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា។ (លឹម សុធី/VOA)
លោកបញ្ជាក់ថា៖ «យោងតាមបទពិសោធន៍អន្តរជាតិនៅប្រទេសដទៃទៀត កាលណាប្រទេសជួបវិបត្តិសេដ្ឋកិច្ចគឺហានិភ័យដែលប្រជាពលរដ្ឋគាត់មិនសប្បាយចិត្តហ្នឹងវាធ្លាប់មាននៅតាមបណ្តាលប្រទេសមួយចំនួន បើសិនជាសេដ្ឋកិច្ចនេះវារងផលប៉ះពាល់ធ្ងន់ធ្ងរសម្រាប់រយៈពេលវែង រ៉ាំរ៉ៃរយៈពេលវែង»។
លោកថា អ្នកនយោបាយគួរតែរួមគ្នាដោះស្រាយបញ្ហាប្រជាពលរដ្ឋជាធំ ដោយលោកបញ្ជាក់ថា៖
«អ្នកនយោបាយខ្មែរគ្រប់ភាគីទាំងអស់ យើងងាកមកជជែកគ្នា ហើយជួយគិតជួយគូរគ្នាដើម្បីរួមគ្នាធ្វើកិច្ចការងារ ដោះស្រាយការប្រឈមទាំងអស់ហ្នឹង។ ហើយជាមួយគ្នានេះដែរ ក៏យើងបានមកវិញនូវអ្វីដែលជាផលប្រយោជន៍សម្រាប់ខ្មែរជារួម។ ឧទាហរណ៍ដូចជា EBA នេះ យើងមិនគួរណាបាត់បង់ នៅពេលហ្នឹង។ បើទោះបីជា២០% ក៏ដោយ ក៏យើងត្រូវតែយកមកវិញទាំងអស់ ខ្ញុំគិតថា បើសិនតម្កល់ផលប្រយោជន៍ជាតិជាធំ»។
លោក វន់ ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធបានឲ្យដឹងថា ក្នុងអំឡុងពេលនេះ ការរកស៊ីរបស់ប្រជាពលរដ្ឋនិងអ្នកធ្វើការនៅក្នុងឧស្សាហកម្មកាត់ដេរនិងទេសចរណ៍រងការប៉ះពាល់ជាខ្លាំង។
លោក វន់ ពៅ ថ្លែងថា៖ «ចំណុចនេះខ្ញុំឃើញថា ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅនឹងជីវភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាពិសេសជីវភាពប្រជាពលរដ្ឋក្រីក្រ ដែលប្រកបមុខរបរ មិនថាអ្នកសណ្ឋាគារ ម្ចាស់ផ្ទះសំណាក់ ឬមុខរបរតូចតាច វិស័យដឹកជញ្ជូន គ្រប់បែបយ៉ាង គឺវាប៉ះពាល់ជាសេរីតែម្តង។ ឥឡូវមិនបាច់វិភាគសេដ្ឋកិច្ចអីវែងឆ្ងាយទេ ទៅមើលតែខេត្តសៀមរាប ខេត្តព្រះសីហនុដឹងហើយ! តើស្ថានភាពប្រជាពលរដ្ឋវាយ៉ាងម៉េច?»
រូបឯកសារ៖ លោក វន់ ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថា IDEA ថ្លែងក្នុងពិធីគោរពវិញ្ញាណក្ខន្ធ លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ នៅខាងមុខរូបសំណាករបស់លោក ក្បែរវិមានឯករាជ្យកាលពីថ្ងៃទី ២២ខែមករា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA)
លោក វន់ ពៅ បានបន្ថែមថា បើសិនរដ្ឋាភិបាលនៅតែព្រងើយកន្តើយចំពោះស្ថានភាពសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះនេះ និងទុកអូសបន្លាយយូរបន្តទៀត នោះវាអាចបង្កឲ្យផ្ទុះការតវ៉ាពីប្រជាពលរដ្ឋ។
លោកបញ្ជាក់ថា៖ «ខាងកម្មករក៏ក្រោកឈរតវ៉ារឿងអត់មានការងារធ្វើ។ ថៅកែរត់ចោលកម្មករសេដ្ឋកិច្ចធ្លាក់ចុះអ៊ីចឹងធ្វើឲ្យប្រជាពលរដ្ឋមិនអាចនៅស្ងៀមបានទេ អាចងើបឈរតវ៉ា ទាមទារឲ្យរដ្ឋាភិបាលឆ្លើយតបទៅនឹងបញ្ហារបស់ពួកគាត់ហ្នឹង»។
ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៩មក សណ្ឋាគារ ក្រុមហ៊ុនទេសចរណ៍ភោជនីយដ្ឋានមួយចំនួននៅខេត្តសៀមរាបបានបិទទ្វារជាបន្តបន្ទាប់ ធ្វើឲ្យប្រជាពលរដ្ឋដែលប្រកបរបរពឹងផ្នែកលើវិស័យទេសចរណ៍ជាច្រើនបានជួបការលំបាកលើផ្នែកជីវភាពគ្រួសារ។
ទិដ្ឋភាពផ្លូវទៅកាន់ប្រាសាទអង្គរវត្ត ថតនៅខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ធីតា វីន/VOA)
ចំណែកឯនៅខេត្តព្រះសីហនុ ខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀងវិញ សំណង់អគារជាច្រើនគ្មានអ្នកជួលដែលធ្វើឲ្យម្ចាស់អគារមួយចំនួនកំពុងប្រឈមមុខនឹងការរឹបអូសរបស់ធនាគារ។ នេះបើតាមការអះអាងរបស់បុគ្គលិកធនាគារមួយចំនួនដែលសុំមិនបញ្ចេញឈ្មោះ។
រូបឯកសារ៖ សំណង់អគារថ្មីៗជាច្រើននៅក្រុងព្រះសីហនុកាលពីឆ្នាំ២០១៩។ (VOA)
លោក រ៉ុង ឈុន ប្រធានសភាពសហជីពកម្ពុជា បានឲ្យដឹងដែរថា សេដ្ឋកិច្ចប្រទេសកម្ពុជាកំពុងស្ថិតក្នុងហានិភ័យខ្ពស់ដែលធ្វើឲ្យមានការប៉ះពាល់ជាខ្លាំងដល់ជីវភាពរបស់ប្រជាពលរដ្ឋមួយចំនួនធំ ក្រោមឥទ្ធិពលនៃមេរោគកូរូណាថ្មី និងការកាត់បន្ថយ EBA។
លោកពន្យល់ថា៖ «សេដ្ឋកិច្ចរបស់យើងនេះកំពុងតែប្រឈមទៅនឹងហានិភ័យខ្លាំង អ៊ីចឹងយើងមើលទំហំនៃផលប៉ះពាល់ វាប៉ះពាល់យ៉ាងធំ ហើយបងប្អូនកម្មករ កម្មការិនីហ្នឹង យើងដឹងហើយ ស្ទើរតែ៩៩ភាគរយជាប់លុយនៅធនាគារ។ អ៊ីចឹងអត់លុយ...មានបញ្ហាប្រឈមទៅនឹងការរឹបអូសដីធ្លី ផ្ទះសម្បែងជាហូរហែរ។ អ៊ីចឹងធ្វើឲ្យសង្គមកើតនូវអសន្តិសុខសង្គម»។
លោកបានបន្តយ៉ាងដូច្នេះទៀតថា៖ «បើសិនជាមិនបានដោះស្រាយ ទុកពេលវេលាអូសបន្ថយយូរ ហើយពួកគាត់អត់មានប្រាក់ចំណូល ពួកគាត់អត់មានអ្វីដែលហូបចុក ពេលហ្នឹងវានឹងមានចរន្តទាមទារនឹងមានការផ្ទុះឡើង ហើយនៅពេលហ្នឹងដែលទាមទារឲ្យរដ្ឋាភិបាលត្រូវទទួលខុសត្រូវនិងដោះស្រាយជូនពួកគាត់។ គេចវាមិនផុតទេ បើសិនជាមិនបានស្វែងរកដំណោះស្រាយណាមួយ»។
លោករ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា។ (ហ៊ុល រស្មី/VOA)
ជាមធ្យមប្រជាពលរដ្ឋកម្ពុជារកប្រាក់ចំណូលបានជាមធ្យមប្រហែល១.៧០០ដុល្លារក្នុងឆ្នាំ២០១៩។ នេះបើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ តួលេខនេះមានន័យថា ជាមធ្យមប្រជាពលរដ្ឋរកបានតែប្រហែល១៤០ដុល្លារទេក្នុងមួយខែ។
លោក ង៉ែត ជូ អ្នកជំនាញផ្នែកសេដ្ឋកិច្ចក៏បានលើកឡើងដែរថា ប្រជាពលរដ្ឋមួយចំនួនទទួលបានប្រាក់ចំណូលត្រឹមតែគ្រប់១ថ្ងៃៗប៉ុណ្ណោះ ធ្វើឲ្យពួកគាត់មិនមានប្រាក់សម្រាប់បម្រុងទុកនោះទេ នៅពេលមានអាសន្ន។ ដូច្នេះពួកគាត់នឹងមានការពិបាក នៅពេលជួបស្ថានភាពសេដ្ឋកិច្ចបែបនេះ។
លោក ង៉ែត ជូ បញ្ជាក់ថា៖ «សម្រាប់អ្នកដែលមានជីវភាពទាបគឺកាលណាគាត់មានការរអាក់រអួលត្រឹមតែ១ខែគឺគាត់នឹងមានការលំបាកនៅក្នុងការគ្រប់គ្រងជីវភាព ចាត់ចែងធនធានរបស់គាត់ ដោយសារការរកបានរបស់គាត់ហ្នឹងគឺរកបានត្រឹមតែមួយគ្រប់ ក្នុងការដោះបំណុលអ៊ីចឹង។ ខ្ញុំក៏យល់ឃើញថា រដ្ឋាភិបាលអីហ្នឹងគួរតែមានការរៀបចំ គិតគូរឲ្យបានមុន ឲ្យបានច្រើន មុនទៅដល់ស្ថានភាពនេះ»។
លោក ង៉ែត ជូ អ្នកជំនាញផ្នែកសេដ្ឋកិច្ច ផ្តល់បទសម្ភាសន៍ដល់ VOA កាលពីឆ្នាំ២០១៨។ (កាន់ វិច្ឆិកា/VOA)
បន្ទាប់ពីគណៈកម្មការសហភាពអឺរ៉ុបបានប្រកាសកាលពីសប្តាហ៍មុនកាត់បន្ថយឋានៈអនុគ្រោះពន្ធ EBA ចំនួន២០ភាគរយលើផលិតផលនាំចេញមួយចំនួនរបស់កម្ពុជា ដែលមានដូចជាសម្លៀកបំពាក់ ស្បែកជើង សម្ភារៈធ្វើដំណើរ និងស្ករស។ការព្យួរបណ្តោះអាសន្ននេះនឹងប៉ះពាល់ដល់ការនាំចេញគិតជាទឹកប្រាក់ប្រមាណ ១.១០០លានដុល្លារជារៀងរាល់ឆ្នាំ ដែលសរុបមានតម្លៃប្រមាណ៥.៨០០លានដុល្លារអាមេរិក។
ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោកមាស សុខសេនសាន អគ្គលេខាធិការនិងជាអ្នកនាំពាក្យនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា រដ្ឋាភិបាលបានត្រៀមលក្ខណៈទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចនេះតាំងពីឆ្នាំ២០១៩មកម្ល៉េះ។
អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះបានបញ្ជាក់ថា រដ្ឋាភិបាលមិនបានព្រងើយកន្តើយចំពោះស្ថានភាពសេដ្ឋកិច្ចនៅក្នុងអំឡុងពេលនេះទេ៖
«សម្រាប់ការទប់ទល់ទៅនឹងស្ថានភាពបែបហ្នឹង យើងមានវិធានការ៤។ ទី១គឺយើងគិតគូរអំពីកញ្ចប់ថវិកាត្រៀមបម្រុងដើម្បីធ្វើយ៉ាងណាយើងបង្កើនការងារថ្មីបន្ថែមទៀត។ ចំណុចទី២ ការកាត់បន្ថយការចំណាយដែលមិនចាំបាច់នានាពីអ្នករកស៊ី ពីក្រុមហ៊ុនឯកជនដែលគាត់វិនិយោគនៅស្រុកយើងនេះ។ ចំណុចទី៣គឺរក្សានូវម៉ាក្រូសេដ្ឋកិច្ចរបស់យើងឲ្យបាននឹងនតទៅទៀត ហើយនឹងចំណុចទី៤ យើងពង្រឹងលើការកែទម្រង់ស្ថាប័ណផ្សេងៗ ពង្រឹងភាពជាអ្នកដឹកនាំនៅតាមអង្គភាពនីមួយៗ»។
លោក មាស សុខសេនសាន បានឲ្យដឹងបន្តថា ប្រហែលក្នុងខែមេសានេះនៅក្នុងវេទិការវាងរដ្ឋាភិបាល និងជាមួយវិស័យឯកជននឹងមានការជជែកគ្នាបន្ថែមទៀតលើផលប៉ះពាល់ដល់ផ្នែកសេដ្ឋកិច្ចនេះ។
«សម្រាប់២០២០នេះ យើងរងចាំមើល។ នៅពេលមានវេទិកាឯកជនជាមួយរដ្ឋាភិបាលនៅពេលឆាប់ៗខាងមុខនេះប្រាកដជាមានវិធានការណ៍ថ្មីដើម្បីធ្វើយ៉ាងម៉េចឲ្យបង្កើនការវិនិយោគនេះឲ្យល្អ ធ្វើម៉េចបង្កើតបរិស្ថានវិនិយោគឲ្យអ្នកវិនិយោគឲ្យល្អថែមទៀត»។
នៅមុនការផ្ទុះមេរោគកូរូណាថ្មី ធនាគារពិភពលោកបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះពី ៧% នៅឆ្នាំ២០១៩ មកនៅត្រឹម ៦,៨% នៅឆ្នាំ២០២០ និងឆ្នាំ២០២១ ខាងមុខ។ ការព្យាករណ៍នេះគឺស្របនឹងការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីខែកញ្ញាកន្លងទៅនេះដែរ។
ដោយឡែក រដ្ឋាភិបាលកម្ពុជាបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំក្រោយគឺមានត្រឹមតែ៦,៥%ប៉ុណ្ណោះ។ តែពេលនេះមន្ត្រីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចរបស់រដ្ឋាភិបាលធ្វើការប៉ាន់ប្រមាណថា សេដ្ឋកិច្ចប្រទេសកម្ពុជាអាចធ្លាក់ចុះមកត្រឹម៦,១%នៅឆ្នាំ២០២០នេះ៕