តំណាង​រាស្ត្រ​បក្ស​ជំទាស់​ ​លោក​ ​ងឹម ញេង​ ​ច្រានចោល​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ថា​លោក​ចុះ​ចូល​នឹង​បក្ស​កាន់​អំណាច

រូបឯកសារ៖ លោក​ងឹម ញ៉េង អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​មណ្ឌល​ពោធិ៍សាត់។ (រូបថត​ផ្តល់​ឲ្យ)

តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​មណ្ឌល​ខេត្ត​ពោធិ៍សាត់ ​លោក​ ​ងឹម ញេង​ ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ​បាន​ច្រាន​ចោល​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ និង​លិខិត​ស្តីពី​ការ​ចុះ​ចូល​របស់​លោក​ជាមួយ​គណបក្ស​កាន់​អំណាច​ ​ហើយ​ហៅ​លិខិត​ក្លែង​នោះ​ថា​ ​ជា​អំពើ​ទុច្ចរិត​ដែល​ស្ថាប័ន​មានសមត្ថកិច្ចត្រូវ​ស្រាវជ្រាវ​រក​ជន​ល្មើស​មក​ផ្តន្ទាទោស។​

លោក​ ​ងឹម ញេង​ ​ថ្លែង​បែប​នេះ​ បន្ទាប់​ពី​លិខិត​មួយ​ច្បាប់​ ដែល​មានឈ្មោះ​របស់​លោក​ ​និង​ចុះហត្ថលេខា​នៅ​ថ្ងៃទី​១ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧​ ​ត្រូវ​បាន​បង្ហោះលើ​បណ្តាញ​អ៊ីនធឺណែត។​ ​លិខិត​ ដែល​មាន​ខ្លឹម​សារ​ហែកហួរ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ ក៏​បាន​បញ្ជាក់​ថា​ ​លោក​ ​ងឹម ញេង ​ស្នើ​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ អនុញ្ញាត​ឲ្យ​លោក​ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា។​

លិខិត​នោះ​ត្រូវ​បាន​សរសេរ​ដោយ​សម្រង់​ន័យ​ដើម​ថា៖​

«នៅ​ពេល​ដែល​បាន​ដឹង​ថា​ ​លោក​ ​កឹម សុខា​ ជា​ជន​ក្បត់​ជាតិ​ ​និង​បញ្ហា​ផ្ទៃ​ក្នុង​យ៉ាង​ជាច្រើន​នៅ​ក្នុង​គណ​បក្ស​ ​ខ្ញុំបាទ​សម្រេច​ចិត្ត​ថា​ ​បោះបង់​ជីវភាព​នយោបាយ​ជាមួយ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ទៀត​ហើយ»។​

ទោះយ៉ាង​ណា​ក៏​ដោយ​ ​លោក​ ​ងឹម ញេង​ ​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​មណ្ឌល​ខេត្ត​ពោធិ៍សាត់​ប្រាប់​ ​VOA​ ​ពី​ប្រទេស​អូស្រ្តាលី ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា​ លិខិត​ដែល​ផ្សាយ​ថា​ ​លោក​សរសេរ​ទៅ​លោក​ ​ហ៊ុន សែន​ ​ដើម្បី​សុំ​ចុះ​ចូលនោះ​គឺ​ជា​លិខិត​ដែល​ប្រឌិត​ដោយ​ជនទុច្ចរិត។​ ​លោក​បន្ថែម​ថា​ ​ការ​ក្លែង​លិខិត​បែប​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​លោក​ក្នុង​នាម​ជា​អ្នក​តំណាង​រាស្រ្ត​មួយ​រូប​ ដែល​លោក​ថា​ ​សមត្ថកិច្ច​គួរតែ​ស៊ើប​អង្កេត​ដើម្បី​ចាប់​អ្នក​ដែល​ក្លែង​លិខិត​នោះ​យក​ទៅ​ផ្តន្ទា​ទោស​តាម​ច្បាប់។​

តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​មណ្ឌល​ខេត្ត​ពោធិ៍សាត់​រូប​នេះ​មាន​ប្រសាសន៍​ថា៖​

«ក្រុម​ជន​ទុច្ចរិត​ហ៊ាន​ប្រឌិត​លិខិត​ដែល​សរសេរ​លាប​ពណ៌​ខ្ញុំ​ ​គឺជា​អំពើ​ទុច្ចរិត​ធ្ងន់ធ្ងរ​ដែល​ប៉ះពាល់​ដល់​កិត្តិយស​ខ្ញុំ​ជា​តំណាង​រាស្រ្ត​ ​តំណាង​ឲ្យ​ប្រជារាស្រ្ត​ខ្មែរ​ ​តំណាង​ឲ្យ​ជាតិខ្មែរ​ ​ដែល​អំពើ​នេះ​គឺ​ខ្ញុំ​យល់​ថា​ ជា​អំពើ​ទុច្ចរិត​ហើយ​ធ្ងន់ធ្ងរ។​ ​ហើយ​ខ្ញុំ​យល់​ថា​ ​អាជ្ញាធរ​គួរ​តែ​ស្រាវជ្រាវ​វែក​មុខ​ជន​ល្មើស​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់»។​

ព័ត៌មាន​ស្តីពី​ការ​សុំចុះ​ចូល​របស់​អ្នក​តំណាង​រាស្ត្រ​ និង​មន្ត្រី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រីករាល​ដាល​ជា​ច្រើន​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ និងតាម​សារ​ព័ត៌មាន​ ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ ​ខណៈ​លោក​ ​ហ៊ុន សែន​ ​ប្រធាន​គណបក្ស​កាន់​អំណាច​បន្ត​អំពាវនាវ​ឱ្យ​គូ​បក្ខដិបក្ខ​របស់​លោកចុះចូល​ មុន​ការ​រំលាយ​គណបក្ស​ជំទាស់​នេះ។

រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ថ្លែង​ទៅកាន់​មហាជន​ ក្នុង​កម្មវិធី​អបអរសាទរ​ការដាក់ប្រសាទ​សំបូរ​ព្រៃគុក​ ក្នុង​បញ្ជីរបេតិកភណ្ឌពិភពលោក​ នៅពហុកីឡាដ្ឋានជាតិអូឡាំពិកនៅរាជធានីភ្នំពេញ​ នៅថ្ងៃទី​១៧​ ខែកក្កដា ឆ្នាំ​២០១៧។ (អូន​ ឆេងប៉រ/​ VOA)

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ​នា​ពេល​ថ្មីៗ​នេះ​ ​បាន​អំពាវ​នាវ​ជាច្រើន​ដង​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​និង​បណ្តាញ​ទូរទស្សន៍​ក្នុង​ស្រុក​នានា​ ដែល​ស្និទ្ធ​នឹង​លោក​ ​ឲ្យ​មន្រ្តី​គ្រប់ជាន់​ថ្នាក់​របស់​គណ​បក្ស​សង្គ្រោះជាតិ​មក​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក។​ ក្នុង​ការ​អំពាវនាវ​ជាច្រើន​ដង​នេះ​ លោក​ ​ហ៊ុន សែន​អះអាង​ថា​ ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ត្រូវ​រំលាយ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​យ៉ាង​ប្រាកដ។​ ​ទន្ទឹម​នឹង​នោះ​ ​បុរស​ខ្លាំង​កម្ពុជា​នេះ​ក៏​បាន​បន្ថែម​ថា​ ​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​១០០​នាក់​ នឹង​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥ឆ្នាំ​ ​នៅ​ពេល​គណបក្ស​ប្រឆាំង​មួយ​នេះ​ត្រូវ​រំលាយ។​

លោក​ ​ងឹម ញេង​ ​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​មួយ​រូប​ក្នុង​ចំណោម​ច្រើន​រូប​ផ្សេង​ទៀត​ ​ដែល​បាន​រត់​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​អូស្រ្តាលី​ ​ដោយ​បារម្ភ​ពី​សុវត្ថិ​ភាព​ផ្ទាល់​ខ្លួន​ បាន​បន្ថែម​ប្រាប់​ ​VOA​ ​ថា​ ​លោក​នឹង​មិន​ក្បត់​ឆន្ទៈ​របស់​ប្រជា​ពល​រដ្ឋ​ ​និង​មិន​លក់​ឧត្តមគតិ​របស់​លោក​ដើម្បី​ទៅ​ចុះ​ចូល​ជា​មួយ​គណបក្ស​កាន់​អំណាច​នោះ​ទេ។

ថ្លែង​ពី​ប្រទេស​អូស្រ្តាលី​ ​លោក​ ងឹម ញេង​ ​បញ្ជាក់​ថា៖​

«ខ្ញុំ​បាទ​ ​ងឹម ញេង​ ​ជា​អ្នក​តំណាង​រាស្រ្ត​ ​គឺ​សូម​ប្រកាស​ជា​ឱឡារិក​ថា​ ​ខ្ញុំ​មិន​ក្បត់​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ​ទេ​ ​ហើយ​យ៉ាង​ណា​ក៏​ដោយ​ ខ្ញុំ​មិន​លក់​ឧត្តម​គតិ​ដើម្បី​អំណាច​ ​ឬ​ក៏​លាភ​សក្ការៈ​ជា​ដាច់​ខាត។​ ​អីចឹងខ្ញុំ​សូម​ផ្តាំ​ទៅ​ក្រុម​អ្នក​ដែល​មាន​បំណង​ចង់​ប្រឌិត​រឿង​ក្លែង​ក្លាយ​ ​ប្រឌិត​រឿង​អី​ផ្សេងៗ​ហ្នឹង​ ​សូម​ឲ្យ​បញ្ឈប់​ទៅ​ ​ព្រោះ​អំពើ​របស់​អ្នក​ទាំង​នោះ​នឹង​គ្មាន​ន័យ ​គ្មាន​តម្លៃ​ ​ហើយ​អំពើ​របស់​អ្នក​ទាំង​នោះ​នឹង​បាន​ដឹង​តាម​រយៈ​អំពើ​សុច្ចរិត​របស់​ខ្ញុំ»។​

លិខិត​មួយ​ចំនួន​ដែលសរសេរ​ពី​ការ​បែកបាក់​គ្នា​របស់​ក្រុម​មន្រ្តី​ជាន់​ខ្ពស់​ ​និង​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជាបន្ត​បន្ទាប់​ជាច្រើន​ដង។​ ​ក្រោយ​លិខិត​ទាំង​នោះ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ ​តំណាង​រាស្រ្ត​ ​និង​មន្រ្តី​ជាន់​ខ្ពស់គណបក្ស​ប្រឆាំង​បាន​ច្រាន​ចោល​ ​ហើយថា​ ជា​លិខិត​ក្លាយ​ក្លែង​ដែល​មាន​បំណង​បំបែក​បំបាក់​គណបក្ស​របស់​ពួក​គេ។​

ព័ត៌មាន​ដែល​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ត្រូវ​រំលាយ​នេះ​ កើត​ឡើង​ខណៈ​ដែល​តុលាការ​កំពូល​កំណត់​យក​ថ្ងៃទី​១៦ ​ខែ​វិច្ឆិកា​ ដើម្បី​បើក​សវនាការ​បណ្តឹង​របស់​ក្រសួង​មហា​ផ្ទៃ​ស្នើ​ឲ្យ​រំលាយ​គណ​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ។​

លោក​នាយ​ឧត្តម​សេនីយ៍​ ​ខៀវ សុភ័គ​ ​អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ លើក​ឡើង​ថា​ ក្រសួង​នឹង​ចេញ​ចំណាត់​ការ​ស្រាវជ្រាវ​ស្វែង​រក​អ្នកដែល​ផ្សព្វផ្សាយ​លិខិត​ទាំង​នោះ​ ​លុះត្រា​តែ​មាន​បណ្តឹង​ពី​សាម៉ី​ខ្លួន​ដែល​ពាក់​ព័ន្ធ។

លោក​នាយ​ឧត្តម​សេនីយ៍​ ​ខៀវ សុភ័គ​ ​មាន​ប្រសាសន៍​ថា៖​

«សុំ​ឲ្យ​គាត់​ដាក់​ពាក្យផ្លូវ​ការមក​ក្រសួង​ ​មក​អគ្គស្នងការដ្ឋាន​មក​ ​គេ​នឹង​ចាត់​ចែង​ជូន។​ ​ហើយ​បើសិន​ជា​គាត់​គ្រាន់តែ​ផ្សព្វផ្សាយ​ជា​សាធារណៈ​អីចឹង​ឲ្យ​តំណាង​សមត្ថកិច្ច​យើង​ធ្វើ​ ​យើង​មិន​ដឹង​ជា​វិល​មុខ​យ៉ាង​ណា​ទេ​ ​ព្រោះ​ការ​ស៊ើប​អង្កេត​មិន​ត្រឹមតែ​ស៊ើប​អង្កេត​តាម​ការ​បង្ហោះ​ ​ឬទៅ​តាមលិខិត​សាធារណៈ​អីចឹងទេ​ ​គេ​ត្រូវ​ការ​ព័ត៌មាន​មួយ​ចំនួន​ទៀត​ ​ឧទាហរណ៍​យ៉ាង​ម៉េចៗ​ដើម្បី​ជួយ​ដល់​ការ​ស៊ើប​អង្កេត»។

បន្ទាប់ពី​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​ប្រឆាំង​ ត្រូវ​បាន​ចាប់​ខ្លួន​ និង​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ កាលពី​ដើម​ខែ​កញ្ញា​ ​ស្រប​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ប្រឈម​នឹង​ការ​រំលាយ​ដោយ​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​ ​ក្រោយរង​ការ​ចោទ​ថា​ មាន​ជាប់ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ​នោះ​ គេ​ឃើញ​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ជាង​ពាក់​កណ្តាល​ ​និង​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​នេះ​មួយ​ចំនួន​ទៀត ​បាន​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ជា​បន្តបន្ទាប់។​

លោក​ ​មាស នី​ ​អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ការ​វិវឌ្ឍ​សង្គម​ ​និង​ជា​អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា​ ​ការ​បង្ហោះលិខិត​ដែល​សរសេរ​ពី​ការ​បែកបាក់​ណា​មួយ​របស់​គណបក្ស​ប្រឆាំង​ ​គឺ​ជា​ការ​រៀបចំរបស់​ចារកម្ម​មួយ​ក្រុម​ ​ដែល​មាន​បំណង​ធ្វើឲ្យ​ផ្ទៃក្នុង​គណបក្ស​ប្រឆាំងមាន​ការ​សង្ស័យ​គ្នា​ទៅវិញ​ទៅ​មក។​ ទោះ​ជា​យ៉ាង​ណា ​លោក​មិន​បញ្ជាក់​ថា ​ក្រុម​នោះ​មាន​និន្នាការ​នយោបាយ​បែប​ណា​នោះ​ទេ។​

លោក​ ​មាស នី​ បញ្ជាក់​ថា៖​

«ក្នុង​ស្ថានភាព​បែប​ហ្នឹង​ ​តែ​កាលណា​សមាជិក​នីមួយៗ​នៅ​ក្នុង​ក្រុម​ ​ក្នុង​ស្ថាប័ន​ហ្នឹង ​មិន​បាន​ទាក់ទង​គ្នា​ឲ្យ​បាន​ល្អិត​ល្អន់​ទេ​ ​គឺ​ពេល​ហ្នឹង​ទំនាក់​ទំនង​ក្រុម​នឹង​ត្រូវ​ទទួល​រង​ការ​វាយ​លុក​ពី​ចារកម្ម​ហើយ។​ ​ចារកម្ម​នេះ​យើង​មិនមែន​ចង់​និយាយ​ថា ជា​រដ្ឋាភិបាល ឬ​ជាអី​ទេ ​ប៉ុន្តែ​វា​ជាផ្នែក​មួយ​នៃ​ក្រុម​ដែល​ទៅ​បង្ក​ទំនាស់​ឲ្យ​ពួក​ហ្នឹង​ទាស់ទែង​គ្នា»។

លោក​ ​មាស នី​ ​បន្ថែម​ថា​ ​ការ​ជ្រើស​រើស​មិន​ដាក់​ពាក្យ​ប្តឹង​ស្វែង​រក​អ្នក​បង្ហោះ​លិខិត​នោះ​ ​គឺ​ជា​ជម្រើសត្រឹមត្រូវ​ ​ដោយ​លោក​ថា​ ​តុលាការ​កម្ពុជា​នឹង​មិន​អាច​ផ្តល់​យុត្តិធម៌​សម្រាប់​គណបក្ស​ប្រឆាំង​នោះ​ទេ។​

ចាប់​តាំង​ពី​មាន​ការ​ចាប់​ខ្លួន​លោក​ ​កឹម សុខា​ ​កាល​ពី​ខែ​កញ្ញា​ ​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ពី​អំពើ​ក្បត់​ជាតិ​ ​តាម​រយៈ​ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដោយ​ចោទ​ថា​ ​មាន​សហរដ្ឋ​អាមេរិក​នៅ​ពីក្រោយ​ ​និង​ចាប់​តាំង​ពី​មាន​ការ​ត្រៀម​រំលាយ​គណបក្ស​ប្រឆាំង​ ដែល​មាន​អ្នក​គាំទ្រ​ជាង​៤០​ភាគរយ​នៅ​ទូទាំង​ប្រទេស​នោះ​ ​គេ​ឃើញ​អង្គការ​សង្គម​ស៊ីវិល​ ​ស្ថាប័ន​ជាតិ​ និង​អន្តរ​ជាតិ​ជា​ច្រើន​ ​និង​សហគមន៍​អន្តរជាតិ​ ​រួមមាន​សហរដ្ឋ​អាមេរិក​ ​សហភាព​អឺរ៉ុប​ ​ហើយ​និង​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហ​ប្រជាជាតិ​ជាដើម​ ​បាន​រិះគន់​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ ​ជាបន្ត​បន្ទាប់។​ ​ពួកគេ​បាន​បង្ហាញ​ពី​ការ​បារម្ភ​ថា ​ដំណើរ​ការ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ឈាន​ទៅ​រក​ភាព​ខ្ទេចខ្ទី​ ​ហើយ​ថា​ ​ការ​រំលាយ​គណ​បក្ស​ប្រឆាំង​នឹង​ជះ​ឥទ្ធិពល​ដល់​ដំណើរ​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១៨​ខាង​មុខ។

សភា​អឺរ៉ុប​ក៏​បាន​ព្រមាន​ផ្ដាច់​ជំនួយ​ ​និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ ​ដោយសារ​ការ​ធ្លាក់​ដុនដាប​នៃ​សិទ្ធិ​មនុស្ស​ និង​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។​ ​ចំណែក​សមាជិក​ព្រឹទ្ធ​សភា​សហ​រដ្ឋ​អាមេរិក​ក៏​បាន​ព្រមាន​មិន​ផ្ដល់​ទិដ្ឋាការ​ដល់​មន្ត្រី​កម្ពុជា​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​នឹង​ករណី​នេះ និង​បាន​ដាក់​ឱសាន​វាទ ​ឲ្យ​មាន​ការ​ដោះលែង​លោក​ ​កឹម សុខា​ ​ឲ្យ​បាន​មុន​ថ្ងៃ​ទី​៩ ​ខែ​វិច្ឆិកា​ខាង​មុខ៕